កីឡាអន្តរជាតិ
អន្តរជាតិ
Aguero ទំនងទៅចូលរួមជាមួយ Chelsea ក្រោយចែកផ្លូវជាមួយ Man City ចុងរដូវកាលនេះ
30, Mar 2021 , 11:30 am        
រូបភាព
ក្លិប Manchester City នៅថ្ងៃទី២៩ ខែមីនា បានប្រកាសពីការចែកផ្លូវជាមួយកីឡាករ Sergio Aguero ក្រោយបញ្ចប់រដូវកាលនេះ។ ខ្សែប្រយុទ្ធឆ្នើម ដែលកាន់កំណត់ត្រាស៊ុតបញ្ចូលទីច្រើនជាងគេនៅ Etihad ទំនងជានឹងផ្លាស់ទៅចូលរួមជាមួយ Chelsea។


កិច្ចសន្យារបស់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន វ័យ៣២ឆ្នាំរូបនេះ នឹងផុតកំណត់នៅចុងបញ្ចប់រដូវកាល ២០២០-២១នេះ។ ក្លិបរហស្សនាមមេឃខៀវ បញ្ជាក់ថា Aguero មិនយល់ព្រមបន្តកិច្ចស្សាថ្មីទៀតឡើយ ក្រោយស្នាក់នៅ Etihad រយៈពេល១០រដូវកាល។
 
ចាប់តាំងពីចាកចេញពី Atletico Madrid ក្នុងឆ្នាំ ២០១១ Aguero បង្ហាញខ្លួន៣៨៤លើក ដោយរកគ្រាប់ស៊ុតបញ្ចូលទីបាន ២៥៧គ្រាប់ និងច្រើនជាងកីឡាករណាៗទាំងអស់សម្រាប់ក្រុមដែលមានអ្នកចាត់ការ Pep Guardiola ។ កូនប្រសារបស់ Diego Maradona បានរួមចំណែជួយ Man City ឈ្នះជើងឯក Premier League ៣លើក FA Cup ម្តង និង League Cup ៥លើក។ អ្វីដែលពិសេស Aguero បានរួមចំណែកយ៉ាងសំខាន់ក្នុងជួយ Man City ឈ្នះជើងឯកលីគកំពូលអង់គ្លេសជាលើកដំបូងក្នុងរយៈពេល ៤៤ឆ្នាំ កាលពីរដូវកាលឆ្នាំ២០១២។
 
Aguero បានសរសេរលើ Instagram ក្រោយក្លិបចេញសេចក្តីប្រកាសថា៖ «ខ្ញុំមានអារម្មណ៍ពេញចិត្តនិងមោទកភាពយ៉ាងខ្លាំង ដែលខ្ញុំបានលេងជាមួយក្រុម Manchester City រយៈពេល ១០ រដូវកាល ដែល មិនមែនជារឿងធម្មតាទេសម្រាប់កីឡាករអាជីពនាសម័យនេះ។ ១០រដូវកាលជាមួយសមិទ្ធផលធំៗ ដែលខ្ញុំអាចក្លាយជាអ្នករកគ្រាប់បាល់បានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រក្លិប»។
 
បើតាមការផ្សាយរបស់កាសែតអង់គ្លេសជាច្រើន ផ្សាយថាទិសដៅបន្ទាប់របស់ Aguero ក្រោយចាកចេញពី Man City ទំនងជាទៅចូលរួមជាមួយ Chelsea។ អ្នកគាំទ្រតោខៀវសង្ឃឹមថាខ្សែប្រយុទ្ធឆ្នើមអាហ្សង់ទីននឹងផ្លាស់ទៅ Stamford Bridge ឆាប់ៗនេះ។
 
កាសែត The Guardian ធ្លាប់ផ្សាយថា មុនពេលផ្លាស់ទៅ Manchester City កាលពីឆ្នាំ ២០១១ Aguero ស្ទើរតែចូលរួមជាមួយ Chelsea ទៅហើយក្នុងតម្លៃ ៤៥ លានផោន (៦២លានដុល្លារអាមេរិក) មុនពេល Atletico Madrid តំឡើងថ្លៃខ្លួនកីឡាកររូបនេះ៕
 

Tag:
 Sergio Aguero
© រក្សាសិទ្ធិដោយ thmeythmey.com