COVID-19
អន្តរជាតិ
វ៉ាក់សាំងចិនជាង២៦០លានដូសត្រូវបានចែកចាយលើពិភពលោក ហើយមេដឹកនាំមួយចំនួនបានចាក់
30, Mar 2021 , 3:08 pm        
រូបភាព
ដោយ: រួបរួម
គិតមកដល់ពេលនេះ វ៉ាក់សាំងកូវីដ-១៩របស់ចិនជាង២៦០លានដូសហើយដែលត្រូវបានចែកចាយនៅលើពិភពលោក ដែលក្នុងនោះមានវ៉ាក់សាំងពីរប្រភេទរបស់ក្រុមហ៊ុន Sinopharm ចំនួនជាង១០០លានដូស និងវ៉ាក់សាំងរបស់ Sinovac Biotech ជាង១៦០លានដូស។ ជាមួយគ្នានេះ បណ្តាមេដឹកនាំជាច្រើនបានចាក់វ៉ាក់សាំងចិន ជាបន្តបន្ទាប់។

 
យោងតាមទូរទស្សន៍រដ្ឋចិន CGTV ប្រទេសជិត៦០ហើយនៅលើពិភពលោកដែលទទួលបានវ៉ាក់សាំងកូវីដ-១៩របស់ចិន ដោយនៅតំបន់អាស៊ីអាគ្នេយ៍មានកម្ពុជា ព្រុយណេ ឡាវ ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី និងថៃ។ ប្រទេសផ្សេងទៀតដែលទទួលបានវ៉ាក់សាំងពីចិន មានជាង២០ប្រទេសនៅអាហ្វ្រិក ជាង១០ប្រទេសនៅអាមេរិកឡាទីន ៦ប្រទេសនៅអឺរ៉ុប និង៣ប្រទេសនៅមជ្ឈឹមបូព៌ា។
 
គិតត្រឹមថ្ងៃទី២៩ ខែមីនា វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm Beijing និង Sinopharm Wuhan) ជាង៨០លានដូស និងស៊ីណូវ៉ាក់ជាង៧០ដូស ត្រូវបានចាក់នៅក្នុងប្រទេសចិន និងបណ្តាប្រទេសនានានៅលើពិភពលោក។ បច្ចុប្បន្ន វ៉ាក់សាំងមួយប្រភេទទៀត ពីក្រុមហ៊ុន CanSino Biologics Inc., ក៏ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅចិន និងប្រទេសមួយចំនួនផងដែរ។


 
អ៊ុយក្រែន អ៊ូសបេគីស្ថាន ម៉ាល់ឌីវ អង់ហ្គោឡា ម៉ូរីតានី បេណាំង នីហ្សេ និងស៊ូដង់ ទើបទទួលបានវ៉ាក់សាំងចិនជាលើកដំដូង ខណៈកម្ពុជាទទួលបានជំនួយស៊ីណូហ្វាម៦០ម៉ឺនដូស និងស៊ីណូវ៉ាក់១.៥លានដូសដែលជាការទិញក្នុងតម្លៃថោក ខណៈស៊ីណូហ្វាម៧០ម៉ឺនដូសទៀតនឹងត្រូវបញ្ជូនមកដល់នៅថ្ងៃទី៣១ ខែមីនា។
 
រដ្ឋាភិបាលចិន គ្រោងផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់បណ្តាប្រទេសអភិវឌ្ឍចំនួន៦៩សម្រាប់តម្រូវការបន្ទាន់ និងនាំចេញទៅកាន់៤៣ប្រទេសផ្សេងទៀត។ ចិនព្យាយាមបង្ហាញពីបំណងល្អរបស់ខ្លួនទៅកាន់ពិភពលោក និងអះអាងថា សហគមន៍អន្តរជាតិ សុទ្ធតែរីករាយចំពោះកាយវិការសប្បុរសធម៌របស់ខ្លួន។
 
ក្នុងចំណោមមេដឹកនាំដែលចាក់វ៉ាក់សាំងចិន មានលោកប្រធានាធិបតីឥណ្ឌូណេស៊ី Joko Wido ដែលបានចាក់ស៊ីណូវ៉ាក់ ដូចគ្នានឹងប្រធានាធិបតីស៊ីលី លោក Sebastian Pinera ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan ប្រធានាធិបតីហ្គីណេអេក្វាទ័រ លោក Teodoro Obian Nguema Mbasogo ប្រធានាធិបតីសីស្ហែល លោក Wavel Ramkalawan ប្រធានាធិបតីស៊ីមប៉ាវេ Emmerson Mnangagwa និងប្រធានាធិបតីអ៊ុយរូហ្គាយ លោក Luis Lacalle Pou ជាដើម។


 
រីឯបណ្តាមេដឹកនាំដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម មានដូចជាប្រធានាធិបតីប៉េរូ លោក Francisco Sagasti ព្រះអង្គម្ចាស់ Salman bin Hamad Al Khalifa នាយករដ្ឋមន្ត្រី និងរាជទាយាទបារ៉ែន ព្រះអង្គម្ចាស់ឌូបៃ Sheikh Mohammed bin Rashid Al Maktoum នាយករដ្ឋមន្ត្រី និងជាអនុប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម ប្រធានាធិបតីសេណេហ្គាល់ លោក Macky Sall នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban នាយករដ្ឋមន្ត្រីហុងគ្រី រួមទាំងលោកប្រធានាធិបតីប៉ាគីស្ថាន Arif Alvi និងលោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Imran Khan ផងដែរ។
 
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសចាក់វ៉ាក់សាំងស៊ីណូហ្វាមផងដែរ ប៉ុន្តែស្ថានទូតចិនបានបញ្ជាក់ថា វ៉ាក់សាំងនេះ មានប្រសិទ្ធភាពតែចំពោះមនុស្សដែលមានអាយុ៥៩ឆ្នាំចុះក្រោម ហេតុដូច្នេះហើយ បានជាប្រមុខរដ្ឋាភិបាលកម្ពុជា បានសម្រេចចាក់វ៉ាក់សាំងកូវីសែល (AstraZeneca) វិញ៕




 

© រក្សាសិទ្ធិដោយ thmeythmey.com