អន្តរជាតិ
សភាចិន អនុម័តកំណែទម្រង់ប្រព័ន្ធបោះឆ្នោតហុងកុងហើយ
30, Mar 2021 , 4:17 pm        
រូបភាព
ទង់ជាតិចិន និងទង់តំបន់ពាក់កណ្តាលស្វ័យភាពហុងកុង។ រូបភាព៖AFP
ទង់ជាតិចិន និងទង់តំបន់ពាក់កណ្តាលស្វ័យភាពហុងកុង។ រូបភាព៖AFP
ដោយ:
គណៈកម្មការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន នៅថ្ងៃទី៣០ ខែមីនា បានអនុម័តជាឯកច្ឆ័ន្ទសេចក្តីព្រាង វិសោធនកម្ម ច្បាប់បោះឆ្នោត ហុងកុង ដែលបានស្នើឡើងកាលពីដើមខែមីនាកន្លងទៅ។ ចំណាត់ការថ្មីដែលនឹងចូលជាធរមាន នៅថ្ងៃទី៣១ ខែមីនា រួមមានការកាត់បន្ថយចំនួនតំណាងរាស្ត្រដែលជ្រើសតាំងតាមរយៈការបោះឆ្នោត និងបង្កើត នីតិវិធីត្រួតពិនិត្យបេក្ខភាពដែលចង់ឈរឈ្មោះបោះឆ្នោត។ ជាមួយការផ្លាស់ប្ដូរនេះ អ្នកនយោបាយគាំទ្រ ប្រជាធិបតេយ្យនៅហុងកុង ទំនងជាអស់កន្លែងឈរជើង។


ទីបំផុត ចិនដើរមួយជំហានទៀតក្នុងការរឹតត្បិត កម្លាំងនយោបាយដែលមាននិន្នាការគាំទ្រប្រជាធិបតេយ្យនៅ ហុងកុង តាមរយៈការកែទម្រង់ប្រព័ន្ធបោះឆ្នោតនៅតំបន់រដ្ឋាភិបាលស្វយ័តមួយនេះ។ នៅថ្ងៃទី៣០ ខែមីនា គណៈកម្មាធិការអចិន្ត្រៃយ៍សភាចិន បានអនុម័តសេចក្ដីព្រាងនៃវិសោធនកម្មច្បាប់មូលដ្ឋាន ហើយប្រធានាធិបតី ស៊ី ជិនភីង ក៏ចុះហត្ថលេខាឱ្យក្លាយជាច្បាប់នៅថ្ងៃដដែល។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua ។
 
ទីក្រុងប៉េកាំង មិនទាន់បញ្ចេញព័តមានលម្អិតទាក់ទងវិសោធនកម្មថ្មី ដែលមានអំណាចអនុវត្តនៅហុងកុងចាប់ពី ថ្ងៃទី៣១ ខែមីនា នៅឡើយ។ ប៉ុន្តែ លោក Tam Yiu-chung តំណែងតែមួយគត់របស់ហុងកុងក្នុងគណៈកម្មាធិការ អចិន្ត្រៃយ៍ខាងលើ បានលើកឡើងថា សមាជិកទាំង១៦៧រូបបានអនុម័តវិសោធនកម្មឧបសម្ព័ន្ធទី១ និងទី២ នៃធម្មនុញ្ញហុងកុង ដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោត។ 
 
បើតាមលោក Tam ចំនួនតំណាងរាស្រ្តហុងកុងនឹងត្រូវកើនឡើងពី៧០ទៅ៩០អាសនៈ ដោយក្នុងនោះ៤០រូបត្រូវ ជ្រើសរើសដោយគណៈកម្មាធិការបោះឆ្នោត ៣០រូបតំណាងឱ្យវិស័យទាំងឡាយក្នុងទីក្រុង និង២០រូបកើតចេញ ពីការបោះឆ្នោតបែបប្រជាធិបតេយ្យ។ លើសពីនេះទៅទៀត ក្រុមប្រឹក្សាសង្កាត់លែងមានសិទ្ធិក្នុងការជ្រើសរើស តំណាងរាស្ត្រចំនួន៥រូបទៀតហើយ ដោយសមាជិកក្រុមប្រឹក្សានេះនឹងលែងមានវត្តមានក្នុងគណៈកម្មាធិការ បោះឆ្នោតទៀតហើយ។ 
 
ក្នុងការបោះឆ្នោតសង្កាត់នាឆ្នាំ២០១៩ បក្សដែលមានទំនោរប្រឆាំងរដ្ឋាភិបាលចិន កាន់កាប់ក្រុមប្រឹក្សាសង្កាត់ ចំនួន១៧ ក្នុងចំណោម១៨ និងត្រូវចាត់ទុកថាជាក្តីសង្ឃឹមចុងក្រោយសម្រាប់លទ្ធិប្រជាធិបតេយ្យលើដែនដីនេះ ក្រោយពេលតំណាងរាស្ត្របក្សប្រឆាំងទាំងអស់លាលែងពីតំណែងនាខែវិច្ឆិកា ឆ្នាំ២០២០។
 
ជាមួយគ្នានេះ គណៈកម្មាធិការបោះឆ្នោតហុងកុង នឹងត្រូវបង្កើនសមាជិកចំនួន៣០០នាក់ទៀត បន្ថែមពីចំនួន ១,២០០ដែលមានស្រាប់។ គណៈកម្មាធិការដែលនឹងមានសមាជិកចំនួន១,៥០០នាក់ នឹងមានសមាសភាពច្រើន លើសលុបជាអ្នកគាំទ្ររដ្ឋាភិបាលចិន ដោយអ្នកទាំងនោះមកពីតំណាងហុងកុងប្រចាំសភាទាំងពីររបស់ចិន និង តំណាងហុងកុងនាស្ថាប័នជាតិផ្សេងទៀត។ ចំណែកសមាជិកដែលនៅសេសសល់មានតំណាងរាស្ត្រសភាហុងកុង ផ្ទាល់ តំណាងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងអ្នកជំនាញវិជ្ជាជីវៈ ពលរដ្ឋមូលដ្ឋាន ពលករ និងបព្វជិត សាសនាជាដើម។
 
ច្បាស់ណាស់ថា កំណែទម្រង់នេះ នឹងធ្វើឱ្យចំនួនតំណាងរាស្ត្រដែលចេញពីការបោះឆ្នោត ដោយផ្ទាល់មានចំនួន កាន់តែតិចទៅ។ ជាក់ស្តែង ក្នុងប្រព័ន្ធបោះឆ្នោតបច្ចុប្បន្ន សភាហុងកុងមានតំណាងរាស្ត្រចំនួន៧០រូប ដែល៣៥រូប ជ្រើសរើសតាមការបោះឆ្នោតជាសាកល ៣០តំណាងឱ្យវិស័យផ្សេងៗក្នុងទីក្រុង និង៥រូបចុងក្រោយជ្រើសតាំង ដោយក្រុមប្រឹក្សាសង្កាត់។
ចំពោះការបេក្ខភាពឈរឈ្មោះបោះឆ្នោតវិញ ក្រុមប្រឹក្សាប៉ូលិសជាតិ និងគណៈកម្មាធិការដើម្បីការពារសន្តិសុខ តំបន់ពាក់កណ្តាលស្វយ័តហុងកុង នឹងពិនិត្យលើគុណសម្បត្តិរបស់បេក្ខជន ដែលឈរឈ្មោះសម្រាប់តំណែង នាយកប្រតិបត្តិទីក្រុង និងសមាជិកសភាហុងកុង៕
 

Tag:
 ចិន
  ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com