COVID-19
ជាតិ
សុខភាព
ពលរដ្ឋជិត៤០ម៉ឺននាក់ បានចាក់វ៉ាក់សាំង ខណៈអ្នកឆ្លងក្នុងព្រឹត្តិការណ៍២០កុម្ភៈ កើនជាង១ ៨០០នាក់
30, Mar 2021 , 6:59 pm        
រូបភាព
ភ្នំពេញ៖ ខណៈអ្នកឆ្លងកូវីដ-១៩(COVID-19) ក្នុងព្រឹតឹ្តការណ៍សហគមន៍២០កុម្ភៈ កើនដល់ជាង ១,៨០០នាក់ កម្ពុជាក៏មានពលរដ្ឋអាទិភាព និងក្រុមកងទ័ពចំនួន៣៩១,៤៥៦នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺនេះផងដែរ។ នេះបើតាមទិន្នន័យដោយឡែកពីគ្នា របស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ នាថ្ងៃទី៣០មីនា ដោយបញ្ជាក់ថា ក្នុងចំណោមមនុស្សជិត៤០ម៉ឺននាក់ ដែលបានចាក់វ៉ាក់សាំងនេះ  មានជិត២៦ម៉ឺននាក់ ជាពលរដ្ឋអាទិភាព និង ជាង១៣,៣ម៉ឺននាក់ទៀត ជាយោធា។

 
កម្ពុជា ចាប់ផ្តើមចាក់វ៉ាក់សាំង Sinopharm ដើម្បីបង្ការជំងឺកូវីដ-១៩ ចំពោះមនុស្សវ័យពី១៨ឆ្នាំ ដល់៥៩ឆ្នាំ តាំងពីថ្ងៃទី១០កុម្ភៈ ឆ្នាំ២០២១ មកដល់ ថ្ងៃទី៤មីនា កម្ពុជា ក៏បានចាប់ផ្តើមចាក់វ៉ាក់សាំង COVISHIELD លើមន្ត្រី និងពលរដ្ឋអាទិភាព ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង។ 
 
កន្លងមក កម្ពុជាបានទទួលវ៉ាក់សាំងជាង ៩២ម៉ឺនដូស ដោយក្នុងនោះ មានវ៉ាក់សាំងSinopharm ចំនួន៦០ម៉ឺនដូស ជាជំនួយរបស់រដ្ឋាភិបាលចិន និងជាង៣២ម៉ឺនដូសទៀត ជាវ៉ាក់សាំង COVISHIELD ដែលកម្ពុជាបានតាមរយៈយន្តការ COVAX។ 
 
ចំពោះ វ៉ាក់សាំង Sinovac ចំនួន១,៥លានដូស ដែលកម្ពុជាទិញពីប្រទេសចិន ក្នុងតម្លៃ១៥លានដុល្លារ បានមកដល់កាលពីថ្ងៃទី ២៦មីនា ឆ្នាំ២០២១នោះ គឺមិនទាន់បានប្រើទេ។ ខណៈ វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm ចំនួន៧០ម៉ឺនដូសទៀត ដែលជាជំនួយបន្ថែមរបស់ចិន នឹងមកដល់កម្ពុជា នៅថ្ងៃស្អែក។
 
ក្នុងពិធីទទួលវ៉ាក់សាំង Sinovac ចំនួន១,៥លានដូសពីចិន លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច បានអះអាងថា កម្ពុជានឹងមានវ៉ាក់សាំងបង្ការកូវីដ-១៩ ជាហូរហែរសម្រាប់ចាក់ជូនប្រជាជនយ៉ាងតិច១០លានដូស នៅដំណាច់ឆ្នាំ២០២១។
 
កាលពីថ្ងៃទី២៩មីនា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសយុទ្ធនាការចាក់វ៉ាក់សាំង១ខែ ១លានដូស នៅទូទាំងប្រទេស។ សម្តេច បញ្ជាក់ថា ដំណើរការចាក់វ៉ាក់សាំង មិនត្រូវអូសបន្លាយនោះឡើយ ដោយចាប់ផ្តើមការចាក់ នៅរាល់ក្រោយពេលទទួលបានទាំងការឧបត្ថម្ភ និងការទិញ។ យុទ្ធនាការ អាចលើសពី១លានដូស ប្រសិនបើចំនួនវ៉ាក់សាំងកាន់តែច្រើន។ 
 
គិតមកដល់ពេលនេះ អ្នកកើតកូវីដ-១៩សរុបនៅកម្ពុជាឡើងដល់ ២,៣៧៧នាក់ ដែលក្នុងនោះ១,៨៥១នាក់ ស្ថិតក្នុងករណីសហគមន៍២០កុម្ភៈ ដែលរាលដាលក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ សៀមរាប ព្រៃវែង ស្វាយរៀង កោះកុង កំពង់ចាម កំពង់ធំ ត្បូងឃ្មុំ កែប តាកែវ កំពត និងបាត់ដំបង។ អ្នកសះស្បើយសរុបមាន១,១៧៦នាក់ ក្នុងមានអ្នកស្លាប់មាន១១នាក់។ មនុស្សចំនួន៤នាក់ទៀតស្លាប់ដែរ ដោយសារជំងឺផ្សេងៗ នាអំឡុងពេលព្យាបាលកូវីដ-១៩៕ 
 

Tag:
 COVID-19
  វ៉ាក់សាំង
  ព្រឹត្តិការណ៍២០កុម្ភៈ
© រក្សាសិទ្ធិដោយ thmeythmey.com