COVID-19
ជាតិ
អភិបាលខេត្តកំពង់ចាម សម្រេចបិទភូមិ«អូរុន» ក្រោយរកឃើញមនុស្ស៩នាក់ ឆ្លងកូវីដ-១៩
30, Mar 2021 , 8:59 pm        
រូបភាព
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
ដោយ:
ភ្នំពេញ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម  សម្រេចបិទការចេញ-ចូល ក្នុងភូមិ«អូរុន»  ដែលស្ថិតនៅឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ចាប់ពីថ្ងៃទី៣០មីនា នេះតទៅ។ ការបិទភូមិជាបណ្តោះអាសន្ននេះ គឺធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ពីព្រឹត្តិការណ៍២០កុម្ភៈ  នៅក្នុងភូមិនេះ កើនដល់ចំនួន៩នាក់។

 
លោក អ៊ុន ចាន់ដា បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួន នារសៀលថ្ងៃទី៣០មីនានេះ ថា ការបិទភូមិខាងលើនេះ គឺអនុវតតរហូតដល់មានជូនសេចក្តីដំណឹងសារជាថ្មី។ 
 
បើតាមលោក ប៉ាក ជាតិ អធិការនគរបាលស្រុកស្ទឹងត្រង់ មូលហេតុដែលឈានដល់ការបិទភូមិអូរុន គឺដោយសារតែមានពលរដ្ឋខ្មែរចំនួន៣នាក់ បានឆ្លងជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍២០កុម្ភៈ រួមទាំងរកឃើញអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលនឹងអ្នកជំងឺ ចំនួន៨នាក់ទៀត ដែលរស់នៅក្នុងភូមិខាងលើ។  អធិការនគរបាលស្រុកស្ទឹងត្រង់រូបនេះ បាននិយាយប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ ដូច្នេះ៖ «យើងបិទមិនឱ្យពួកគាត់[ពលរដ្ឋ]ចេញ-ចូលឡើយ គឺឱ្យពួកគាត់នៅក្នុងផ្ទះនោះ ដោយមិនឱ្យពួកគាត់ចេញដើរឡើយ»។ 
 
បច្ចុប្បន្ន ខេត្តកំពង់ចាមមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៩នាក់ ដែលអ្នកទាំងនោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។ គិតមកដល់ពេលនេះ អ្នកកើតកូវីដ-១៩សរុបនៅកម្ពុជាឡើងដល់ ២,៣៧៧នាក់ ដោយក្នុងនោះមាន១,៨៥១នាក់ ជាករណីសហគមន៍២០កុម្ភៈ ដែលរាលដាលក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ សៀមរាប ព្រៃវែង ស្វាយរៀង កោះកុង កំពង់ចាម កំពង់ធំ ត្បូងឃ្មុំ កែប តាកែវ កំពត និងបាត់ដំបង។ អ្នកសះស្បើយសរុបមាន១,១៧៦នាក់ អ្នកស្លាប់មាន១១នាក់ រីឯ៤នាក់ទៀតស្លាប់ដោយសារជំងឺផ្សេងៗ នាអំឡុងពេលព្យាបាលកូវីដ-១៩៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com