កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករបាល់ទាត់មីយ៉ាន់ម៉ាម្នាក់នៅម៉ាឡេស៊ី រងពិន័យមួយប្រកួត ព្រោះលើកម្រាមបី អំឡុងការប្រកួត
30, Mar 2021 , 10:29 pm        
រូបភាព
កីឡាករបាល់ទាត់របស់មីយ៉ាន់ម៉ាម្នាក់ដែលលេងឱ្យក្លិបនៅម៉ាឡេស៊ីបានរងការពិន័យមួយប្រកួត ក្រោយលើកម្រាមដៃ៣ ដែលជាសញ្ញាបង្ហាញពីការប្រឆាំងរដ្ឋប្រហារនៅមីយ៉ាន់ម៉ាអំឡុងពេលប្រកួត។ នេះបើតាមការអះអាងរបស់មន្ត្រីម្នាក់ ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារទី ៣០ ខែមីនានេះ។


កីឡាករ Hein Htet Aung ដែលលេងឱ្យក្រុម Selangor FC II នៃលីគលំដាប់ទីពីរម៉ាឡេស៊ី Division 2 បានបង្ហាញពីកាយវិការបែបនយោបាយអំឡុងពេលប្រកួតជាមួយ PDRM FC កាលពីដើមខែនេះ។
 
សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) បាននិយាយថា កាយវិការរបស់ Htet Aung ដែលបង្ហាញនិមិត្តសញ្ញាប្រឆាំងរដ្ឋប្រហារនៅមីយ៉ាន់ម៉ាមានលក្ខណៈកាន់តែអាក្រក់ទៅ  និងបានរំលោភច្បាប់ហាមឃាត់ក្នុងវិស័យកីឡាបាល់ទាត់ដែលចែងដោយសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA)។ FIFA ចេញច្បាប់ មិនឱ្យមានការបង្ហាញរូបភាព ឬឥរិយាបថណាមួយដែលពាក់ព័ន្ធនឹងនយោបាយអំឡុងពេលប្រកួតឡើយ។
 
ក្រោយរកឃើញថាមានកំហុសនេះ Htet Aung ត្រូវបានហាមឃាត់មិនឱ្យលេងនៅក្នុងការប្រកួតជាមួយ Perak FC II នៅថ្ងៃទី២ ខែមេសា ហើយអាចប្រឈមនឹងការពិន័យធ្ងន់ធ្ងរជាងនេះទៀត ប្រសិនបើរូបគេបន្តល្មើសបម្រាមរបស់ FIFA លើកទី២។
 
សញ្ញាម្រាមដៃ៣ បានក្លាយជានិមិត្តរូបនៃការតស៊ូនៅអាស៊ីដែលត្រូវបានប្រើជាទូទៅដោយក្រុមបាតុករដែលគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសថៃកាលពីឆ្នាំមុន។
សញ្ញានេះដែរ ក៏ត្រូវបានអនុម័តដោយក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ បន្ទាប់ពីយោធាក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ មីន អ៊ុងឡាំងបានកាន់កាប់អំណាចដោយរដ្ឋប្រហារ និងឃុំខ្លួនមេដឹកនាំស៊ីវិលលោកស្រីអ៊ុងសាន ស៊ូជី កាលពីខែកុម្ភៈ។
 
បាតុកម្មប្រឆាំងរបបយោធានៅមីយ៉ាន់ម៉ា នៅតែមិនស្រាកស្រាន្តឡើយ ដោយប្រជាជនមីយ៉ាន់ម៉ានៅតែប្រមូលផ្ដុំគ្នាតវ៉ានៅតាមទីក្រុងនានានៅស្ទើរទូទាំងប្រទេស បើទោះមានការបង្រ្កាបកាន់តែហិង្សាខ្លាំងឡើង ដោយកម្លាំងសន្តិសុខក្ដី។ ដោយសារបាតុកម្មនេះ ប្រជាជនមីយ៉ាន់ម៉ា លើសពី៥០០នាក់ ដែលរួមទាំងកុមារផងបានស្លាប់ និងរាប់រយនាក់ទៀតជាប់ឃុំ៕
 

Tag:
 មីយ៉ាន់ម៉ា
  Hein Htet Aung
© រក្សាសិទ្ធិដោយ thmeythmey.com