ជាតិ
សុខភាព
អ្នកចាក់វ៉ាក់សាំងមានជាង៤០ម៉ឺននាក់ហើយ ខណៈស៊ីណូហ្វាម៧០ម៉ឺនដូសទៀតមកដល់កម្ពុជាថ្ងៃនេះ
31, Mar 2021 , 11:19 am        
រូបភាព
ដំណើរការ​ចាក់វ៉ាក់សាំងកូវីដ១៩ Covishield នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៨ ខែមីនា។ រូបថត រដ្ឋបាលខេត្ត
ដំណើរការ​ចាក់វ៉ាក់សាំងកូវីដ១៩ Covishield នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៨ ខែមីនា។ រូបថត រដ្ឋបាលខេត្ត
ភ្នំពេញ៖ កម្ពុជា មានពលរដ្ឋអាទិភាព និងក្រុមកងទ័ព ប្រមាណ៤០ម៉ឺននាក់ហើយ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩(COVID-19)។ នេះបើតាមទិន្នន័យដោយឡែកពីគ្នា របស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ ខណៈ វ៉ាក់សាំងរបស់ក្រុមហ៊ុនSinopharm ចំនួន៧០ម៉ឺនដូសទៀត ដែលជាជំនួយលើកទីពីររបស់ប្រទេសចិន ដឹកមកដល់កម្ពុជា នាយប់ថ្ងៃទី៣១មីនា ឆ្នាំ២០២១។

 
ក្នុងចំណោមមនុស្សសរុប៤០០,៦៦៦នាក់ ដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នេះ មានជិត១៤ម៉ឺននាក់ ជាកងកម្លាំងយោធានិង ជាង២៦,២ម៉ឺននាក់  គឺជាក្រុមពលរដ្ឋអាទិភាព។ កម្ពុជា ចាប់ផ្តើមចាក់វ៉ាក់សាំង Sinopharm ដើម្បីបង្ការជំងឺកូវីដ-១៩ ចំពោះមនុស្សវ័យពី១៨ឆ្នាំ ដល់៥៩ឆ្នាំ តាំងពីថ្ងៃទី១០កុម្ភៈ ឆ្នាំ២០២១ មកដល់ ថ្ងៃទី៤មីនា កម្ពុជា ក៏បានចាប់ផ្តើមចាក់វ៉ាក់សាំង COVISHIELD លើមន្ត្រី និងពលរដ្ឋអាទិភាព ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង។ 
 
កន្លងមក កម្ពុជាបានទទួលវ៉ាក់សាំងជាង ៩២ម៉ឺនដូស ដោយក្នុងនោះ មានវ៉ាក់សាំងSinopharm ចំនួន៦០ម៉ឺនដូស ជាជំនួយជំហានទីមួយរបស់រដ្ឋាភិបាលចិន និងជាង៣២ម៉ឺនដូសទៀត ជាវ៉ាក់សាំង COVISHIELD ដែលកម្ពុជាបានតាមរយៈយន្តការ COVAX។ 
 
ចំពោះ វ៉ាក់សាំង Sinovac ចំនួន១,៥លានដូស ដែលកម្ពុជាទិញពីប្រទេសចិន ក្នុងតម្លៃ១៥លានដុល្លារ បានមកដល់កាលពីថ្ងៃទី ២៦មីនា ឆ្នាំ២០២១នោះ គឺមិនបានចាក់ជូនពលរដ្ឋនៅឡើយទេ ដែលស្របពេលនឹងវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm ចំនួន៧០ម៉ឺនដូសទៀត នឹងមកដល់កម្ពុជា នៅថ្ងៃទី៣១មីនានេះ។
 
ក្នុងពិធីទទួលវ៉ាក់សាំង Sinovac ចំនួន១,៥លានដូសពីចិន លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច បានអះអាងថា កម្ពុជានឹងមានវ៉ាក់សាំងបង្ការកូវីដ-១៩ ជាហូរហែរសម្រាប់ចាក់ជូនប្រជាជនយ៉ាងតិច១០លានដូស នៅដំណាច់ឆ្នាំ២០២១។ កាលពីថ្ងៃទី២៩មីនា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសយុទ្ធនាការចាក់វ៉ាក់សាំង១ខែ ១លានដូស នៅទូទាំងប្រទេស។ សម្តេច បញ្ជាក់ថា ដំណើរការចាក់វ៉ាក់សាំង មិនត្រូវអូសបន្លាយនោះឡើយ ដោយចាប់ផ្តើមការចាក់ នៅរាល់ក្រោយពេលទទួលបានទាំងការឧបត្ថម្ភ និងការទិញ។ យុទ្ធនាការ អាចលើសពី១លានដូស ប្រសិនបើចំនួនវ៉ាក់សាំងកាន់តែច្រើន។ 
 
គិតមកទល់ពេលនេះ កម្ពុជាមានអ្នកវិជ្ជមានកូវីដ-១៩ សរុប២,៤៤០នាក់ ក្នុងនោះព្រឹត្តិការណ៍សហគមន៍ ១,៩១៤នាក់ ដែលរាលដាលក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ សៀមរាប ព្រៃវែង ស្វាយរៀង កោះកុង កំពង់ចាម កំពង់ធំ ត្បូងឃ្មុំ កែប តាកែវ កំពត និងបាត់ដំបង។ អ្នកសះស្បើយមានចំនួន ១,១៩១នាក់ ខណៈអ្នកស្លាប់មាន១១នាក់ ដោយសារជំងឺកូវីដ-១៩៕
 
 
 

Tag:
 COVID-19
  វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com