អន្តរជាតិ
អគ្គនាយក WHO ថា អ្នកស៊ើបអង្កេតរកប្រភពកូវីដ-១៩ ពិបាកទទួលព័ត៌មាន
31, Mar 2021 , 2:30 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ:
អង្គការសុខភាពពិភពលោក(WHO) បានចេញរបាយការណ៍ផ្លូវការនៃការស៊ើបអង្កេតស្តីពីប្រភពជំងឺកូវីដ-១៩ នាថ្ងៃទី៣០ ខែមីនា។ ក្រោយពេលចេញេរបាយការណ៍នេះ អគ្គនាយក WHO លើកឡើងថា ក្រុមអ្នកជំនាញ ចាំបាច់ត្រូវសិក្សាបន្ថែមទៀតដើម្បីអាចធ្វើសេចក្តីសន្និដ្ឋានជាក់លាក់ពីប្រភពនៃជំងឺនេះ។ ស្របគ្នានេះ អាមេរិក សហភាពអឺរ៉ុប(EU) និងប្រទេស១៣ផ្សេងទៀតទាមទារឱ្យក្រុមអ្នកជំនាញអាចទទួលបានទិន្ន័យចាំបាច់ និងគ្មាន ការរឹតត្បិត។


របាយការណ៍ចុងក្រោយដែលរៀបចំរួមគ្នាជាមួយអ្នកវិទ្យាសាស្ត្រចិន និងអ្នកជំនាញ WHO សន្និដ្ឋានថាវីរុស SAR-CoV-2 នៃជំងឺកូវីដ-១៩ ប្រហែលជាឆ្លងចេញពីសត្វប្រជៀវមកមនុស្សតាមរយៈសត្វមួយផ្សេងទៀត ចំណែកសេណារីយ៉ូដែលលើកឡើងថាវីរុសនេះបែកធ្លាយពីមន្ទីរពិសោធន៍ទំនងជាមិនអាចកើតឡើងឡើយ។
 
«ក្នុងការពិភាក្សាជាមួយក្រុមការងារ ពួកគេលើកឡើងពីការលំបាកក្នុងការទទួលបានទិន្ន័យទាំងស្រុង»។ នេះជា ការលើកឡើងរបស់លោក Tedros Adhanom Ghebreyesus អគ្គនាយក WHO ក្នុងសន្និសីទព័ត៌មានពេលចេញ របាយការណ៍នាថ្ងៃទី៣០ ខែមីនា។ អគ្គនាយក WHO រំពឹងថា ការសិក្សារួមគ្នានាពេលអនាគត នឹងមានកាលវិភាគ ក៏ដូចជាការចែករំលែកទិន្ន័យគ្រប់គ្រាន់។
 
ការពុំអាចធ្វើសេចក្តីសន្និដ្ឋានជាក់លាក់ពីទីតាំង និងរបៀបដែលវីរុសចាប់ផ្តើមឆ្លងទៅមុន នឹងបន្តឱ្យមានភាពតាន តឹងជាថ្មីជុំវិញប្រភពនៃជំងឺកូវីដ-១៩។ ចិន តែងអះអាងថា ខ្លួនជួយក្រុមការងារក្នុងការធ្វើការស៊ើបអង្កេត ចំណែក អាមេរិកចោទប្រកាន់ចិនចំពោះការរាំងខ្ទប់កិច្ចការរបស់ក្រុមការងារ។
 
ទាក់ទងការចេញរបាយការណ៍នេះ អាមេរិក និងប្រទេសខ្លះទៀត បង្ហាញការមិនពេញចិត្ត។ សេចក្តីថ្លែងការណ៍រួម របស់ប្រទេសចំនួន១៤ដែលរួមមានអាមេរិក និងសហភាពអឺរ៉ុបបានលើកឡើងថា ក្រុមអ្នកជំនាញអន្តរជាតិដែល ស្រាវជ្រាវលើប្រភពវីរុស SAR-CoV-2 ត្រូវបានពន្យារពេល និងខ្វះការទទួលបានដោយពេញលេញនូវសំណាក និងទិន្ន័យគ្រប់គ្រាន់។
នាសន្និសីទដដែល លោក Tedros លើកឡើងថា ការស៊ើបអង្កេតបន្ថែមទៀត ត្រូវតែមាន ដែលអាចនឹងឈានដល់ ការស្រាវជ្រាវនៅចិនជាច្រើនដងផងដែរ។ អគ្គនាយក WHO អះអាងថារបាយការណ៍ខាងលើពុំទាន់មានលក្ខណៈ គ្រប់ជ្រុងជ្រោយនៅឡើយទេ ហើយត្រូវការទិន្ន័យ និងការស្រាវជ្រាវបន្ថែមទៀតដើម្បីអាចធ្វើសេចក្តីសន្និដ្ឋានដ៏រឹង មាំមួយ។ 
 
ចំណែកលោកវេជ្ជបណ្ឌិត Peter Ben Embarek ដែលដឹកនាំក្រុមការងារនិយាយថា វាជារឿងអាចទៅរួចដែល វីរុសបង្កជំងឺកូវីដ-១៩ មានវត្តមាននាខែវិច្ឆិកា ឬតុលាស្រេចទៅហើយ និងអាចសាយភាយទៅប្រទេសឯទៀត មុនការប្រកាសជាផ្លូវការនៃអាជ្ញាធរសុខាភិបាលប្រទេសទាំងនោះ។ លោក Ben Embarek ក៏លើកឡើងពីការ លំបាកក្នុងការទទួលបានទិន្នន័យព្រោះជាប់ពាក់ព័ន្ធឯកជនភាព និងការរឹតបន្តឹងដទៃទៀត។ លោកក៏អះអាងថា ក្រុមខ្លួនរងសម្ពាធនយោបាយពីក្រៅប្រទេស ក៏ដូចពីសំណាក់រដ្ឋាភិបាលចិនផងដែរ ប៉ុន្តែពុំមានការទាមទារឱ្យ ដកចំណុចអ្វីចេញពីរបាយការណ៍ចុងក្រោយរបស់ខ្លួនឡើយ៕
 

Tag:
 ចិន
  កូវីដ-១៩
  អាមេរិក
  EU
© រក្សាសិទ្ធិដោយ thmeythmey.com