COVID-19
ជាតិ
ខេត្តសៀមរាបទទួលបានវ៉ាក់សាំងSinovac ជាង៤ម៉ឺនដូស សម្រាប់យុទ្ធនាការចាក់ការពារពលរដ្ឋ
31, Mar 2021 , 3:06 pm        
រូបភាព
សៀមរាប៖ ខេត្តសៀមរាប បានទទួលវ៉ាក់សាំងជាង ៤ម៉ឺនដូស សម្រាប់យុទ្ធនាការចាក់ការពារពលរដ្ឋទូទាំងខេត្ត ពីជំងឺកូវីដ១៩។

 
នាយករដ្ឋបាលសាលាខេត្តសៀមរាប លោក សុខ ថុល បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទនៅថ្ងៃទី៣១ មីនានេះថា រដ្ឋបាលខេត្តបានត្រៀមរួចរាល់សម្រាប់កិច្ចការងារខាងលើ។ លោកបន្ថែមថា តួលេខសរុបដែលរដ្ឋបាលខេត្តបានរៀបចំ គឺមានមន្រ្តីរាជការចម្រុះសាលាខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធនានា សរុបជាង ១៦,០០០នាក់ ដែលចុះឈ្មោះស្ម័គ្រចិត្តសម្រាប់ការចាក់វ៉ាក់សាំងលើកនេះ។
 
ក្រៅពីនេះ នាយករដ្ឋបាលសាលាខេត្តសៀមរាប ក៏បានបង្កើតក្រុមការងារចំនួន២ ទី១ គឺក្រុមការងារបច្ចេកទេស ដែលជាក្រុមសុខាភិបាលឬគ្រូពេទ្យរៀបចំតាមគោលដៅមណ្ឌលសុខភាពនីមួយៗ សម្រាប់ការងារចាក់វ៉ាក់សាំង និងក្រុមទី២ គឺក្រុមសណ្ដាប់ធ្នាប់ ដែលមានភារកិច្ចរៀបចំសណ្ដាប់ធ្នាប់នៅតាមមណ្ឌលនីមួយៗ កុំឲ្យមានភាពរញ៉េរញ៉ៃ។
 
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ មានប្រសាសន៍ថា សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងនេះ ខេត្តសៀមរាបទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ៤៤,៣២០ ដូស ដែលអាចចាក់ជូនប្រជាពលរដ្ឋបានចំនួន ២២,១៦០ នាក់។ ចំណែកទីតាំងដែលរៀបចំសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងនេះ លោក ក្រុស សារ៉ាត់ ប្រាប់ថា គឺមានចំនួន ២៤ មណ្ឌលនៅទូទាំងខេត្ត ក្នុងនោះទីក្រុងសៀមរាបមានចំនួន ៦មណ្ឌល មាននៅមន្ទីរពេទ្យបង្អែកខេត្តចំនួន២ មណ្ឌលសុខភាពមណ្ឌល១ មណ្ឌលសុខភាពគោកចក មណ្ឌលសុខភាពសៀមរាប និងមណ្ឌលសុខភាពជ្រាវ។
 
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាល បានកំណត់យកថ្ងៃទី១ ខែមេសា សម្រាប់ការចាប់ផ្តើម យុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសចំនួន១លានដូស ជូនដល់ប្រជាពលរដ្ឋខ្មែរ និងបន្តការវ៉ាក់បង្ការជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋរហូតដល់១០លាននាក់៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com