ជាតិ
សង្គមជាតិ
ឈាបនដ្ឋានអ្នកជំងឺកូវីដ-១៩ នៅកំពង់ស្ពឺ កំពុងដំណើរការសាងសង់ ខណៈឡដុតសព ទិញពីបរទេស
31, Mar 2021 , 7:59 pm        
រូបភាព
រូបភាពពីលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ
រូបភាពពីលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ
ដោយ:
ភ្នំពេញ៖ឈាបនដ្ឋានអ្នកជំងឺកូវីដ-១៩ កំពុងស្ថិតនៅដំណើរការសាងសង់ នៅលើទំហំដី១០ហិកតា ដែលស្ថិតនៅក្នុងភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នេះបើតាមលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ដែលបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមតេឡេក្រាម។

 
លោក ម៉េត មាសភក្តី បានបញ្ជាក់ថា ការរៀបចំឈាបនដ្ឋាននេះ នឹងបញ្ចប់នាពេលឆាប់ៗនេះ។ បើតាមលោក ភក្តី ទីតាំងឈាបនដ្ឋាននេះ នឹងរៀបចំឡដុតសពចំនួន៦ ដែលបញ្ជាទិញពីបរទេស។ ប៉ុន្តែលោក ភក្តី មិនអាចបញ្ជាក់ពីទឹកប្រាក់ ដែលចំណាយលើការទិញឡដុតសពបានទេ។
 
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានរៀបរាប់ដូច្នេះថា៖«ដោយសារនេះជាការងារអាទិភាព យើងកំពុងសម្រុករៀបចំ និងជំរុញឲ្យបានរួចរាល់យ៉ាងលឿនបំផុត។ បានរៀបចំប្លង់សាងសង់ រៀបចំទីតាំងរួចរាល់ និងបច្ចុប្បន្នកំពុងតបណ្តាញអគ្គិសនី។ រីឯសម្ភារបច្ចេកទេសគ្រឿងម៉ាស៊ីន (ឡដុត) បានបញ្ជាទិញពីបរទេសរួចរាល់ នឹងមកដល់ឆាប់ៗនេះហើយ»។ 
 
បើតាមលោក ម៉េត មាសភក្តី ទីតាំងឈាបនដ្ឋាននេះ ស្ថិតក្នុងតំបន់ដាច់ស្រយោលពីមូលដ្ឋាន ឬតំបន់ពលរដ្ឋរស់នៅ។ 
 
គិតមកទល់ពេលនេះ កម្ពុជាមានអ្នកវិជ្ជមានកូវីដ-១៩ សរុប២,៤៤០នាក់ ក្នុងនោះព្រឹត្តិការណ៍សហគមន៍ ១,៩១៤នាក់ ដែលរាលដាលពីរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ សៀមរាប ព្រៃវែង ស្វាយរៀង កោះកុង កំពង់ចាម កំពង់ធំ ត្បូងឃ្មុំ កែប តាកែវ កំពត និងបាត់ដំបង។ អ្នកសះស្បើយមានចំនួន ១,១៩១នាក់ ខណៈអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ មានចំនួន១១នាក់៕
 

Tag:
 ជំងឺកូវីដ-១៩
 ឈាបនដ្ឋាន
© រក្សាសិទ្ធិដោយ thmeythmey.com