អន្តរជាតិ
អាមេរិក និងអង់គ្លេសថ្កោលទោសចិនចំពោះការកែប្រែប្រព័ន្ធបោះឆ្នោតហុងកុង
31, Mar 2021 , 5:04 pm        
រូបភាព
ទង់ជាតិអាមេរិក ចិន និងតំបន់ហុងកុង។ រូបភាព៖ AFP
ទង់ជាតិអាមេរិក ចិន និងតំបន់ហុងកុង។ រូបភាព៖ AFP
ដោយ:
អាមេរិក នៅថ្ងៃទី៣១ ខែមីនា ថ្កោលទោសចំណាត់ការរបស់រដ្ឋាភិបាលចិន ដែលបានអនុម័តច្បាប់កំណែទម្រង់ ប្រព័ន្ធបោះឆ្នោតហុងកុង។ អាមេរិក អះអាងថា វិធានការរបស់ចិនប៉ះពាល់ដល់លំហប្រជាធិបតេយ្យ។ ចំណែក អង់គ្លេសវិញ លើកឡើងនៅថ្ងៃទី៣០ ខែមីនាថា ចិនរំលោភកាតព្វកិច្ចដែលមានជាមួយខ្លួនហើយ។


នៅថ្ងៃទី៣០ ខែមីនាគណៈកម្មការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន បានអនុម័តច្បាប់បោះឆ្នោតហុងកុងថ្មីដែលរួម បញ្ចូលការកាត់បន្ថយចំនួនតំណាងរាស្ត្រដែលជ្រើសតាំងតាមរយៈការបោះឆ្នោត និងបង្កើតនីតិវិធីត្រួតពិនិត្យ បេក្ខភាពដែលចង់ឈរឈ្មោះបោះឆ្នោត។ សកម្មភាពនេះនាំឱ្យអាមេរិក និងអង់គ្លេសរិះគន់ខ្លាំងៗ។
 
«យើងបារម្ភជាយ៉ាងជ្រាលជ្រៅពីការកែប្រែប្រព័ន្ធបោះឆ្នោតហុងកុង ដែលប្រឆាំងទៅនឹងឆន្ទៈនៃប្រជាជនហុងកុង និងមិនអនុញ្ញាតឱ្យពលរដ្ឋហុងកុងមានសំឡេងក្នុងកិច្ចការអភិបាលកិច្ចរបស់ខ្លួន»។ នេះជាការលើកឡើងក្នុងសារ អេឡិចត្រូនិកនាថ្ងៃទី៣១ ខែមីនា របស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters ។ 
 
កំណែទម្រង់ទ្រង់ទ្រាយធំក្នុងប្រព័ន្ធបោះឆ្នោតហុងកុង នាំឱ្យបង្កើនអាសនៈសភាតំបន់នេះពីចំនួន៧០ទៅ៩០ អាសនៈ ខណៈចំនួនតំណាងរាស្ត្រដែលជ្រើសចេញពីការបោះឆ្នោតធ្លាក់ចុះពី៣៥ មកត្រឹមតែ២០ ប៉ុណ្ណោះ។ កំណែទម្រង់នេះ ត្រូវបានចិនអះអាងថា ជាការពង្រឹងការគ្រប់គ្រងតំបន់ហុងកុង បន្ទាប់ពីខ្លួនបានអនុម័តច្បាប់ សន្តិសុខជាតិកាលពីខែមិថុនា ឆ្នាំ២០២០។
 
ចំណែកនៅថ្ងៃទី៣០ ខែមីនា លោករដ្ឋមន្ត្រីការបរទេសអង់គ្លេស Dominic Raab  លើកឡើងថា ការកែប្រែប្រព័ន្ធ បោះឆ្នោតហុងកុងជាបំពានយ៉ាងជាក់ច្បាស់នូវសេចក្តីថ្លែងការណ៍រួមអង់គ្លេស-ចិន ព្រោះវាប៉ះពាល់សេរីភាពរបស់ ពលរដ្ឋហុងកុង និងបំពានកាតព្វកិច្ចអន្តរជាតិ។ សេចក្តីប្រកាសរួមឆ្នាំ១៩៨៤ ដែលចុះហត្ថលេខាដោយ នាយករដ្ឋមន្ត្រីចិន Zhao Ziyang និងនាយករដ្ឋមន្ត្រីអង់គ្លេស Margaret Thatcher ធានាពីស្វ័យភាពកម្រិតខ្ពស់នៃ តំបន់នេះ។  
 
ទាក់ទងរឿងនេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក និយាយថា ចិនត្រូវតែគោរពកាតព្វកិច្ចដែលខ្លួនមានក្នុង សេចក្តីប្រកាសរួមឆ្នាំ១៩៨៤។
នៅថ្ងៃទី៣០ ខែមីនា លោកស្រី Carrie Lam នាយកប្រតិបត្តិហុងកុងអះអាងថា ច្បាប់ដែលត្រូវបានអនុម័តដោយ សភាប្រជាជនចិន នឹងត្រូវដាក់ឱ្យអនុម័តដោយសភាហុងកុងនាពាក់កណ្តាលខែមេសា ហើយរំពឹងថា នឹងត្រូវដាក់ ឱ្យប្រើប្រាស់នាចុងខែឧសភា។
 
 

Tag:
 អាមេរិក
  ចិន
  ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com