ជាតិ
កូនព្រឹទ្ធាចារ្យ ឯម ធាយ ធ្វើពិធីសំពះគ្រូជូនម្ដាយ ដើម្បីឱ្យគាត់ឆាប់ជាសះស្បើយ
31, Mar 2021 , 5:59 pm        
រូបភាព
ភ្នំពេញ៖ អ្នកស្រី ថោង គឹមអាង ដែលត្រូវជាកូនស្រីរបស់ ព្រឹទ្ធាចារ្យ ឯម ធាយ បានប្រាប់សារព័ត៌មានថ្មីៗថា ការធ្វើពិធីសំពះគ្រូ នៅទី១ ខែមេសា ដើម្បីរំឭកគុណគ្រូធំរបស់ព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ធាយ សូមឱ្យជួយព្រឹទ្ធាចារ្យ ឆាប់ជាសះស្បើយពីជំងឺ។


ឆ្លើយប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ អ្នកស្រី ថោង គឹមអាង ថាសុខភាពរបស់ព្រឹទ្ធាចារ្យ ឯម ធាយ ពេលនេះបានប្រសើរឡើងបន្តិចហើយ ប៉ុន្តែទោះជាយ៉ាងណា ការធ្វើពិធីសំពះគ្រូ នៅតែធ្វើដើម្បីសុំសេចក្ដីសុខ និងជួយឱ្យអ្នកគ្រូ ឯម ធាយ ឆាប់បានជាសះពីជំងឺទាំងឡាយ។ 
 
ពិធីសំពះគ្រូដែលមិនបានហៅភ្ញៀវឱ្យចូលរួម ព្រោះជំងឺកូវីដ១៩នេះ ធ្វើឡើងក៏ដើម្បីសុំខមាទោសគ្រូធំ កុំឱ្យប្រកាន់ទោសដល់ព្រឹទ្ធាចារ្យ ឯម ធាយ ផងដែរ។ មូលហេតុធ្វើពិធីនេះ ព្រោះក្រែងលោមានសិស្សរូបណា ដែលទទួលការបង្រៀនពីព្រឹទ្ធាចារ្យហើយ ប៉ុន្តែមិនបានរៀបគ្រឿងរណ្ដាប់សម្រាប់សុំរៀនពីគ្រូ ដែលជាទំនៀមតាំងពីបុរាណនោះ។ នេះបើតាមកូនស្រីរបស់ព្រឹទ្ធាចារ្យ ឯម ធាយ។
 
«ខ្ញុំធ្លាប់ធ្វើពិធីនេះច្រើនដងដែរ ទៅតាមកាលៈទេសៈនិងពេលវេលា ដើម្បីកុំឱ្យគាត់(ព្រឹទ្ធាចារ្យ ឯម ធាយ) ខុសគ្រូ និងកុំឱ្យគាត់ឈឺ។ ឥឡូវនេះពេលគាត់ឈឺ ខ្ញុំក៏ធ្វើពិធីគោរពគុណគ្រូនេះទៀត ក្រែងលោពេលដែលគាត់បានបង្រៀនសិស្ស ហើយកូនសិស្សគេមិនបានរៀបចំអ្វីថ្វាយគ្រូ ដើម្បីកុំឱ្យគ្រូប្រកាន់ នូវការដែលខុសឆ្គងដែលមានមក។ តាំងពីបុរាណ ជាទំនៀមទម្លាប់ របាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណ គេរៀបចំពិធីសំពះគ្រូតែនៅថ្ងៃព្រហស្បត្តិ៍តែប៉ុណ្ណោះ»។ នេះគឺជាការបញ្ជាក់របស់អ្នកស្រី ថោង គឹមអាង។
 
សូមបញ្ជាក់ថាបច្ចុប្បន្ន ព្រឹទ្ធាចារ្យ ឯម ធាយ មានជន្មាយុ៨៩ឆ្នាំ។ ព្រឹទ្ធាចារ្យ គឺជានាដការរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ដែលបានខិតខំប្រឹងប្រែង ចែករំលែកចំណេះដឹង ក៏ដូចជាខំបង្រៀនរបាំបុរាណទៅក្មេងជំនាន់ក្រោយ ដោយពុំបានគិតពីការនឿយហត់ឡើយ៕
 

Tag:
 ឯម ធាយ
  សិល្បៈ
  សំពះគ្រូ
  ជំនឿ
© រក្សាសិទ្ធិដោយ thmeythmey.com