កីឡាអន្តរជាតិ
អន្តរជាតិ
Man City ដាក់គោលដៅលើ Kane ឬ Haaland ដើម្បីជំនួស Aguero
31, Mar 2021 , 9:29 pm        
រូបភាព
ក្លិប Manchester City បានដាក់គោលដៅលើខ្សែប្រយុទ្ធពីររូប Harry Kane និង Erling Haaland ដើម្បីជំនួស Sergio Aguero ដែលនឹងចាកចេញពី Etihad នៅរដូវកាលក្រោយ។ Kane និង Haaland ត្រូវបាន Tottenham Hotspur និង Borussia Dortmund ដាក់តម្លៃផ្ទេរលើសពី១០០លានដុល្លាររៀងខ្លួន។


កិច្ចសន្យារបស់ Aguero នឹងផុតកំណត់នៅចុងបញ្ចប់រដូវកាល ២០២០-២១នេះ ខណៈក្លិបរហស្សនាមមេឃខៀវ បញ្ជាក់ថាខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនរូបនេះមិនយល់ព្រមបន្តកិច្ចស្សាថ្មីទៀតឡើយ ក្រោយស្នាក់នៅ Etihad រយៈពេល១០រដូវកាល។
 
ការចាកចេញរបស់ Aguero ដែលជាអ្នករកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេរបស់ Man City នឹងត្រូវធ្វើឱ្យលោក Pep Guardiola ត្រូវគិតគូររកខ្សែប្រយុទ្ធថ្មីដែលមានទេព្យកោសល្យជំនួសវិញ។ 
 
ដូចបានដឹងស្រាប់ហើយថា Man City ជាក្លិបអ្នកមានទ្រព្យ ដូច្នេះមិនពិបាកក្នុងការចាយលុយក្នុងការទិញយកកីឡាករមានគុណភាព ដែលមានតម្លៃខ្លួនថ្លៃៗឡើយ។ បើតាមការចុះផ្សាយរសប់កាសែត Skysports ក្លិបមានបូលដ្ឋានក្នុងក្រុង Manchester មួយនេះ បានដាក់គោលដៅសំខាន់លើខ្សែប្រយុទ្ធ Harry Kane របស់ Tottenham Hotspur ឬ Erling Haaland ដែលកំពុងឡើងជើងនៅ Borussia Dortmund។
 
សមត្ថភាពរបស់ Kane ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស និង Haaland របស់ន័រវែសនាពេលបច្ចប្បន្នពិតជាសមនឹងជំនួសតំណែងរបស់ Aguero។ យ៉ាងណា ខ្សែប្រយុទ្ធកំពុងលេចធ្លោទាំងពីរមានតម្លៃខ្លួនមិនក្រោម១០០លានដុល្លារឡើយ។
 
Kane វ័យ២៧ឆ្នាំ កំពុងនាំមុខក្នុងតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាគេនៅ Premier League ដោយមាន១៧គ្រាប់ស្មើគ្នាជាមួយ Mohamed Salah របស់ Liverpool។ Kane កន្លងមកក៏ធ្លាប់បង្ហាញអារម្មណ៍ចង់ចាកចេញពី Spurs ដែរ ដើម្បីស្វែករកការឈ្នះពានជាមួយក្លិបធំៗវិញ។
 
សម្រាប់ Haaland ដែលទើបមានវ័យ២០ឆ្នាំ ប៉ុន្តែសមត្ថភាពរបស់គេលើទីលានពិតជាមិនធ្មតាឡើយ។ ខ្សែប្រយុទ្ធកម្ពស់ខ្ពស់រូបនេះ រកបាន២១គ្រាប់ហើយសម្រាប់ក្រុម Dortmund និងជាបេក្ខភាពប្រជែងស្បែកជើងមាសជាមួយ Robert Lewandowski ដែលរកបាន៣៥គ្រាប់ឱ្យ Bayern Munich និង André Silva រកបាន២១គ្រាប់សម្រាប់ Eintracht Frankfurt រដូវកាលនេះ។
 Haaland ដែលមានការចាប់អារម្មណ៍ពីក្លិបធំៗនៅអឺរ៉ុប ត្រូវបាន Dortmund ដាក់តម្លៃទិញផ្តាច់កិច្ចសន្យាដល់ទៅ ១៨០លានដុល្លារអាមេរិកឯណោះ៕
 

Tag:
 Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com