ជាតិ
លោក គួច ចំរើន សម្រេចបិទផ្នែកខ្លះនៃតំបន់ទំនប់រលកបណ្ដោះអាសន្ន ក្រោយអ្នកជំងឺកូវីដ-១៩ កើនឡើង
01, Apr 2021 , 10:09 am        
រូបភាព
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុចុះត្រួតពិនិត្យ និងដឹកនាំបញ្ជាផ្ទាល់លើការគ្រប់គ្រងតំបន់ ដែលមានការរីករាលដាលកូវីដ-១៩ នៅតំបន់ទំនប់រលកកាលពីថ្ងៃទី៣១មីន ២០២១។ (រូបពីរដ្ឋបាលខេត្តព្រះសីហនុ)
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុចុះត្រួតពិនិត្យ និងដឹកនាំបញ្ជាផ្ទាល់លើការគ្រប់គ្រងតំបន់ ដែលមានការរីករាលដាលកូវីដ-១៩ នៅតំបន់ទំនប់រលកកាលពីថ្ងៃទី៣១មីន ២០២១។ (រូបពីរដ្ឋបាលខេត្តព្រះសីហនុ)
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ សម្រេចបិទផ្នែកខ្លះនៃតំបន់ទំនប់រលកចាប់ពីមាត់សមុទ្រដល់ផ្លូវរថភ្លើង ក្នុងសង្កាត់លេខ១ នៃក្រុងព្រះសីហនុ ដោយសារអាជ្ញាធរឃើញថា តំបន់នេះ មានការឆ្លងរាលដាលកូវីដ-១៩។ ការបិទនេះ គឺមិនអនុញ្ញាឲ្យមានចេញ-ចូលតំបន់នេះឡើយ ហើយពលរដ្ឋក្នុងតំបន់នោះ អាចធ្វើដំណើរថ្មើរជើង ដើម្បីទិញស្បៀងអាហារបាន។

 
រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងនៅព្រឹកថ្ងៃទី១មេសានេះថា អាជ្ញាធរកំណត់បិទចាប់ពីមុខស្នាក់ការកងរាជអាវុធហត្ថទំនប់រលក រហូតដល់ផ្លូវឡើងទៅរោងចក្រ អរ ស៊ី អាយ(ទាំងសងខាងផ្លូវ) ដោយមិនអនុញ្ញាតឱ្យមានការចេញ-ចូលតំបន់នោះបន្តទៀតឡើយ។
 
ក្នុងការជូនដំណឹងនេះ លោក គួច ចំរើន បានសង្កត់ធ្ងន់ថា៖ «ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទំនប់រលំកអាចធ្វើដំណើរដោយថ្មើរជើងដើម្បីទិញម្ហូបអាហារ សម្ភារប្រើប្រាស់ចាំបាច់នានានៅផ្សារក្នុងភូមិ ដោយអ្នកលក់និងអ្នកទិញ ត្រូវពាក់ម៉ាស់បាញ់អាល់កុល ដែលសម្លាប់មេរោគ រក្សាគម្លាតសុវត្ថិភាព ព្រមទាំងដាក់ខ្សែចងនៅមុខកន្លែងលក់ដូរឱ្យបានត្រឹមត្រូវ»។ 
 
បើតាមលោក គួច ចំរើន ការធ្វើបែបនេះ គឺយោងតាមលទ្ធផលតេស្តនៃមន្ទីរសុខាភិបាលខេត្ត បានរកឃើញពលរដ្ឋនៅតំបន់ទំនប់រលក ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ មានវីរុសកូវីដ-១៩កើនឡើងជាបន្តបន្ទាប់។
 
«ប្រសិនបើពលរដ្ឋណាមានធុរចាំបាច់ត្រូវធ្វើដំណើរឆ្លងកាត់តំបន់ដែលបិទខាងលើនេះ ឬចេញចូលក្រុងព្រះសីហនុនិងស្រុកស្ទឹងហាវ គឺត្រូវវាងផ្លូវរោងចក្រRCI»។ នេះបើតាមរដ្ឋបាលខេត្ត។
 
ដោយឡែក ពលរដ្ឋរស់នៅក្នុងក្រុមទី៩, ១២, ១៣, ១៤ និងក្រុមទី១៥ ក្នុងសង្កាត់លេខ១ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ គឺមិនអនុញ្ញាតឱ្យចេញពីទីតាំងរបស់ខ្លួនឡើយ។ ជាមួយគ្នាដែរ អាជ្ញាធរនឹងតាមដានបុគ្គលសង្ស័យណា ដែលមានផ្ទុកជំងឺកូវីដ-១៩ និងចុះស្រាវជ្រាវសម្ភាសជាមួយអ្នកពាក់ព័ន្ធក្នុងទីតាំងនោះ ដើម្បីយកសំណាកទៅធ្វើតេស្តរកវីរុសកូវីដ-១៩៕ 
 
 

Tag:
 បិទតំបន់ទំនប់រលក
  កូវីដ-១៩
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com