កីឡាអន្តរជាតិ
អន្តរជាតិ
អាល្លឺម៉ង់ ចាញ់លើកដំបូងនៅវគ្គជម្រុះ World Cup ក្នុងពេល២០ឆ្នាំ ក្រោមថ្វីជើងម៉ាសេដ្វានខាងជើង
01, Apr 2021 , 12:17 pm        
រូបភាព
អាល្លឺម៉ងបានរងភាពអាម៉ាសក្រោយចាញ់ម៉ាសេដ្វានខាងជើងក្នុងលទ្ធផល ២-១ ក្នុងការប្រកួតវគ្គជម្រុះ World Cup ជុំទី១ នៅរាត្រីថ្ងៃទី៣១ ខែមីនា។ នេះជាបរាជ័យលើកដំបូងរបស់ក្រុមឥន្ទ្រីដែកនៅវគ្គជម្រុះក្នុងរយៈពេល២០ឆ្នាំ និងជាការដឹកនាំដែលទទួលបានលទ្ធផលអាក្រក់បំផុតរបស់គ្រូ Joachim Loew។


Loew ដែលប្រកាសចាកចេញពីតំណែងគ្រូអាល្លឺម៉ង់ក្រោយចប់ Euro 2020 បានបន្សល់ទុកភាពអាម៉ាសជាមួយក្រុម ក្រោយអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួតនៅក្រុង Duisburg ប្រទេសអាល្លឺម៉ង់។ គ្រូវ័យ៦១ឆ្នាំរូបនេះ បានហៅបរាជ័យក្រោមថ្វីជើងម៉ាសេដ្វានខាងជើងនេះថា ជាការខកចិត្តដ៏ធំធេងរបស់លោក និងក្រុម។
 
នាជំនួបវគ្គជម្រុះពូល J ពីរគ្រាប់របស់ម៉ាសេដ្វានខាងជើងសម្រេចបានដោយកីឡាករវ័យ៣៧ឆ្នាំ Goran Pandev នៅចុងតង់ទី១ និង Eljif Elmas ខ្សែបម្រើក្រុម Napoli អ្នករកគ្រាប់បាល់ជ័យជម្នះនៅនាទី៨៥ បន្ទាប់ពី Ilkay Gundogan រកគ្រាប់តាមស្មើឱ្យអាល្លឺម៉ង់ដោយបាល់ពិន័យ១១ម៉ែត្រ នៅនាទី៦៣។
 
នេះជាបរាជ័យលើកដំបូងនៅវគ្គជម្រុះពានរង្វាន់កីឡាបាល់ទាត់ពិភពលោក ដែលឥន្ទ្រីដែកមិនធ្លាប់ជួបប្រទះសោះនៅរយៈពេល២០ឆ្នាំមកហើយ។ អាល្លឺម៉ង់បានធ្លាក់ទៅលេខ៣ ក្នុងតារាងពូល J ដោយរកបាន៦ពិន្ទុពីការប្រកួត៣លើក តាមពីក្រោយក្រុមកំពូលតារាងអាមេនីចំនួន៣ពិន្ទុ។ ម៉ាសេដ្វានខាងជើងនៅលេខ២មាន៦ពិន្ទុ តែមានសំណល់គ្រាប់បាល់ល្អជាង។
រូម៉ានី និងអ៊ីស្លង់នៅលេខរៀងបន្តបន្ទាប់ដោយរកបាន៣ពិន្ទុរៀងខ្លួន ខណៈលិចតិនស្តាញ នៅបាតតារាងគ្មានពិន្ទុរាប់នៅឡើយ។
 
លទ្ធផលរបស់ក្រុមខ្លាំងដទៃ នៃវគ្គជម្រុះ World Cup តំបន់អឺរ៉ុបមាន អង់គ្លេសឈ្នះប៉ូឡូញទាំងប្រផិតប្រផោយក្នុងទលទ្ធផល ២-១ អេស្ប៉ាញឈ្នះកូសូវ៉ូ ៣-១ អ៊ីតាលីឈ្នះលីទុយអានី ២-០ និង បារាំងឈ្នះប៊ូស្នី ១-០ ៕
 

Tag:
 World Cup
  Joachim Loew
© រក្សាសិទ្ធិដោយ thmeythmey.com