ជាតិ
សង្គមជាតិ
លោក ឃួង ស្រេង ៖ បម្រាមគោចរ មិនអនុញ្ញាតឱ្យអ្នកលក់ដូរតាមផ្សារ លក់ទល់ភ្លឺដូចមុនឡើយ
01, Apr 2021 , 5:20 pm        
រូបភាព
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
យោងតាមប្រការ២នៃសេចក្តីសម្រេច ស្តីពីការអនុវត្តវិធានការរដ្ឋបាលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្រេចឱ្យសកម្មភាពអាជីវកម្មចំពោះតូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីដ្ឋាននៅតាមសណ្ឋាគារ ត្រូវផ្អាកជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែមេសា ចន្លោះពីម៉ោង៨យប់ដល់ម៉ោង៥ភ្លឺ។ លោក ឃួង ស្រេង បានបញ្ជាក់ថា ការផ្អាកដំណើរការអាជីវកម្មនេះ ក៏ធ្វើឡើងចំពោះអាជីវកម្មគ្រប់ប្រភេទ ដែលលក់ដូរតាមផ្សារ ផងដែរ។ ដូចជា៖ ផ្សារដើមគរ ផ្សារនាគមាស ជាដើម។


អត្ថបទទាក់ទង



 



ការអនុវត្តបម្រាមគោចររបស់អភិបាលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩  ដែលធ្វើឡើងនៅចន្លោះពីម៉ោង៨យប់ដល់ម៉ោង៥ភ្លឺ ក្នុងរយៈពេល២សប្តាហ៍ខាងលើនេះ សូម្បីតែអ្នកលក់បន្លែនៅផ្សារដើមគរពេលយប់ក៏មិនឱ្យលក់ដែរ ។ លោក ឃួង ស្រេង បន្តបញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទ បន្ទាប់ពីចេញសេចក្តីស្តីពីការអនុវត្តវិធានការរដ្ឋបាលបណ្តោះដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ  នាព្រឹកថ្ងៃទី១មេសា ថា អាជីករនៅក្នុងផ្សារទាំងអស់ មិនអាចលក់ដូរទំនិញ នៅពេលយប់ដែលស្ថិតនៅក្នុងបម្រាមឡើយ។ 
 
«កន្លងមក មានអ្នកលក់បន្លែនៅផ្សារដើមគរមួយយប់ទល់ភ្លឺ តែពេលនេះយើងអត់ឱ្យលក់អ៊ីចឹងទេ»។ លោក ឃួង ស្រេង មានប្រសាសន៍យ៉ាងដូច្នេះ ដែលបន្តមានរៀបរាប់ ដោយសង្កត់ធ្ងន់ថា៖«អ្នកណាក៏ត្រូវអនុវត្តសេចក្តីសម្រេចនេះដែរ។ សេចក្តីសម្រេចនេះ មានវិសាលភាពគ្រប់ដណ្តប់រាជធានីភ្នំពេញ»។ 
 
ដោយឡែក ពាក់ព័ន្ធនឹងបុគ្គលិកក្រុមហ៊ុនឬវិស័យឯកជននានា ដែលបំពេញការងារនៅពេលយប់ឬចន្លោះពីម៉ោង៨យប់ ដល់៥ភ្លឺនេះ បើសិនជាមានលិខិតបញ្ជាក់ ឬក៏មានកាតសម្គាល់ខ្លួនត្រឹមត្រូវ នោះអាជា្ញធរនឹងអនុញ្ញាតឱ្យចេញ-ចេញ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក អភិបាលរាជធានីភ្នំពេញ។ 
 
នាថ្ងៃទី១ ខែមេសា នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចស្តីពីការអនុវត្តវិធានការរដ្ឋបាលបណ្តោះអាសន្នដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានថិរវេលាអនុវត្តរយៈពេលពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែមេសា ចន្លោះពីម៉ោង៨យប់ដល់ម៉ោង៥ភ្លឺ។
 
តាមប្រការ២នៃសេចក្តីសម្រេច សកម្មភាពអាជីវកម្មចំពោះតូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីដ្ឋាននៅតាមសណ្ឋាគារ ត្រូវផ្អាកជាបណ្តោះអាសន្ន ប៉ុន្តែទីតាំងទាំងនោះ អាចលក់ជាលក្ខណៈវេចខ្ចប់បាន។
 
ប្រការ៣ ត្រូវបានផ្អាកការប្រមូលផ្តុំ ឬការជួបជុំគ្នាទទួលទានអាហារ លើកលែងតែចំពោះករណីជួបជុំក្នុងចំណោមគ្រួសារ ការរៀបចំពិធីបុណ្យសព ការជួបជុំរបស់បុគ្គលិកសុខាភិបាលដើម្បីយកសំណាក ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងការជួបជុំចាំបាច់សម្រាប់បម្រើប្រយោជន៍សាធារណៈ ឬក្នុងគោលបំណងផ្សេងៗ ក្រោមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។
 
ដូចគ្នាផងដែរ ប្រការ៤ លើកឡើងពីការផ្អាកបណ្តោះអាសន្ននូវការធ្វើចរាចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅចន្លោះម៉ោង៨យប់ដល់ម៉ោង៥ភ្លឺ ដោយលើកលែងចំពោះករណី ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ ភាពចាំបាច់ក្នុងគ្រួសារ ដែលមានការបញ្ជាក់ពីអាជ្ញាធរ ការបំពេញបេសកកម្មជូនស្ថាប័ន-អង្គភាព ការធ្វើចរាចរណ៍រថយន្តកុងតឺនឺ រថយន្តដឹកទំនិញ រថយន្តបាញ់បេតុង រថយន្តសម្រាប់បម្រើឲ្យការដឹកជញ្ជូនទំនិញ ការផ្គត់ផ្គង់ការដ្ឋានសំណង់ រថយន្តដឹកសំរាម និងសំណល់វេជ្ជសាស្ត្រ ការដឹកជញ្ជូនម្ហូបអាហារ ការធ្វើដំណើររបស់បុគ្គលិក និងកម្មករ-កម្មការិនី និងការធ្វើដំណើរចាំបាច់ផ្សេងៗទៀត។
 
លោកអភិបាលរាជធានីភ្នំពេញ តម្រូវឲ្យនាយករដ្ឋបាលសាលារាជធានី ស្នងការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរជំនាញ ទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខា៕
 

Tag:
 លោក ឃួង ស្រេង
  ផ្សារ
© រក្សាសិទ្ធិដោយ thmeythmey.com