អត្ថបទពាណិជ្ជកម្ម
USAID ដាក់ឱ្យប្រើប្រាស់នូវឧបករណ៍អនឡាញ ដើម្បីផ្សារភ្ជាប់ពលរដ្ឋទៅនឹងសេវាសាធារណៈ នៅក្នុងខេត្តបន្ទាយមានជ័យ
01, Apr 2021 , 8:25 pm        
រូបភាព
ដោយ: ថ្មីៗ
កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ កម្មវិធី «ពិដោរអ្នកភូមិឆ្លាតវៃ» គឺជាឧបករណ៍ឆ្លើយតបសំឡេងអន្តរកម្ម (IVR)  ហើយក៏ជាឧបករណ៍ជជែកតាមហ្វេសប៊ុក (Facebook based chatbot) ដែលផ្តល់ព័ត៌មាន ដល់ប្រជាជនកម្ពុជា អំពីសេវាសាធារណៈ នៅខេត្តបន្ទាយមានជ័យត្រូវបានដាក់ឱ្យដំណើរការ ដោយគម្រោងច្រកចេញចូលតែមួយសម្រាប់ពលរដ្ឋ របស់ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។ ឧបករណ៍នេះ នឹងផ្សារភ្ជាប់ប្រជាពលរដ្ឋ ទៅនឹងសេវានានា ដែលផ្តល់ដោយការិយាល័យច្រកចេញចូលតែមួយ របស់រាជរដ្ឋាភិបាលកម្ពុជា និងជាឧបករណ៍ស្រដៀងគ្នា ដែលបានដាក់ឱ្យប្រើប្រាស់ នៅខេត្តបាត់ដំបង ក្នុងឆ្នាំ២០២០ ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphy បានមានប្រសាសន៍ថា៖ «សមត្ថភាពរបស់ប្រជាពលរដ្ឋ ក្នុងការទទួលបានសេវាសាធារណៈសំខាន់ៗ គឺជាផ្នែកសំខាន់មួយ របស់រដ្ឋាភិបាលដែលបើកចំហ និងមានគណនេយ្យភាព។ យើងចែករំលែកគោលការណ៍ និងគុណតម្លៃទាំងនេះ ដែលបង្កើតឱ្យមានការជឿទុកចិត្ត រវាងពលរដ្ឋ និងអាជ្ញាធរ។ ការជឿទុកចិត្តនេះ ក៏នឹងត្រួសត្រាយផ្លូវសម្រាប់សង្គម ដែលមានផលិតភាពខ្ពស់ និងរីកចម្រើនផងដែរ»។

ឧបករណ៍បច្ចេកវិទ្យា OW4C ធ្វើឱ្យការទទួលបានព័ត៌មាន មានលក្ខណៈសាមញ្ញ។ ពិដោរ  អាចផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ តាមរយៈកម្មវិធីជជែកតាមហ្វេសប៊ុក (Facebook chatbot) ឬការហៅទូរស័ព្ទ៖ 

១. ការទទួលបានព័ត៌មាន ស្តីពីដំណើរការដាក់ពាក្យស្នើសុំ លម្អិតពីឯកសារដែលត្រូវការ ថ្លៃសេវា និងបទដ្ឋានរយៈពេល នៃការប្រគល់ត្រលប់មកវិញ។ 

២. ជាយន្តការមានសុវត្ថិភាពមួយ សម្រាប់អ្នកប្រើប្រាស់ ក្នុងការផ្តល់យោបល់ អំពីគុណភាពសេវាកម្ម ដែលពួកគេបានទទួលនៅការិយាល័យច្រកចេញចូលតែមួយ។ 
 
លោកស្រី Veena Reddy នាយិកាទីភ្នាក់ងារ USAID ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ «ការទទួលបានព័ត៌មានគួរឱ្យទុកចិត្ត អំពីសេវាទាំងនេះបានទាន់ពេលវេលា នៅការិយាល័យច្រកចេញចូលតែមួយ នឹងធ្វើឱ្យជីវិតកាន់តែប្រសើរ និងមានគណនេយ្យភាព ចំពោះលទ្ធផលសេវាសាធារណៈ»។ 
 
ការដាក់ឱ្យប្រើប្រាស់ឧបករណ៍របស់គម្រោង OW4C នៅខេត្តបន្ទាយមានជ័យ គឺជាការកសាងឡើងបន្ថែម លើជោគជ័យនៃគម្រោងនេះ ដែលបានបង្កើតសមិទ្ធផលដ៏វិជ្ជមាន នៅខេត្តបាត់ដំបងនាពេលកន្លងមក។ ហើយកាលពីខែសីហា ឆ្នាំ២០២០ ការសាកល្បងកម្មវិធី «ពិដោរអ្នកភូមិឆ្លាតវៃ»  នៅខេត្តបាត់ដំបង មកទល់ពេលនេះ មានប្រជាពលរដ្ឋជាង ៤,០០០នាក់ បានទទួលព័ត៌មាន អំពីសេវាជាង ៥,៥០០ដង។ ឧបករណ៍ទាំងនេះ បង្ហាញនូវភស្តុតាងប្រកបដោយប្រសិទ្ធភាព នៃការបង្កើនទំនាក់ទំនងបែបស្ថាបនា រវាងប្រជាជន និងមន្រ្តី អំពីរបៀបនៃការផ្តល់សេវាសាធារណៈទាំងនេះ។ 

ក្រុមហ៊ុន Nickol Global Solutions គ្រប់គ្រងគម្រោងច្រកចេញចូលតែមួយ សម្រាប់ពលរដ្ឋ ដោយសហការជាមួយដៃគូរបស់ខ្លួនគឺ វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) និង អង្គការ InSTEDD I-Lab អាស៊ីអាគ្នេយ៍។

ដើម្បីស្វែងយល់បន្ថែមអំពីរបៀបដែលឧបករណ៍បច្ចេកវិទ្យាស៊ីវិលដំណើរការ សូមចូលទៅកាន់ @ pidorow4cbot និងលេខ IVR ០៩៥ ៨៨៨ ១៥៩ ឬ ០៨៧ ៩៩៩ ៣៩៣ ឬ ០៨៨ ៩៨៨៨ ១៥៩ ។ 
  

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com