ជាតិ
គ្រូពេទ្យស្ម័គ្រចិត្ត ស.ស.យ.ក ផ្តើមបេសកកម្មចាក់វ៉ាក់សាំងកូវីដ-១៩នៅ២០ទីតាំងក្នុងរាជធានី
01, Apr 2021 , 7:59 pm        
រូបភាព
 រូបភាពពីសសយក
រូបភាពពីសសយក
ភ្នំពេញ៖ នៅថ្ងៃដំបូងនៃយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.គ.ស.ស.យ.ក) មានវត្តមាននៅ ២០ទីតាំងផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ ដើម្បីបំពេញបេសកកម្មចាក់វ៉ាក់សាំងកូវីដ-១៩។ នេះបើតាមសេចក្ដីជូនដំណឹងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា។



នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាល បានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំ ដោយផ្តើមពីក្រុមមនុស្សគោលដៅ តាមបណ្តាក្រសួង និងស្ថាប័នថ្នាក់ជាតិ។ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះ មានការចូលរួមពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.គ.ស.ស.យ.ក) ដែលមានវត្តមាននៅ ២០ទីតាំងផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ។


 
បើតាមសហភាពសហព័ន្ធយុវជនកម្ពុជា ទីតាំងចាក់វ៉ាក់សាំង ក៏មានការចូលរួមពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (ធីតា) រួមជាមួយនឹងក្រុមគ្រូពេទ្យតាមមន្ទីរពេទ្យអង្គឌួង និងកាល់ម៉ែត ដោយបែងចែកកម្លាំងតាមទីស្តីការក្រសួង ស្ថាប័នរដ្ឋ សាលារៀន។ 
 
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លើកឡើងថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩នេះ ជាបេសកកម្មក៏មានសារៈសំខាន់បំផុតក្នុងការបម្រើប្រជាពលរដ្ឋក្នុងកាលៈទេសៈលំបាកដែលប្រទេសកំពុងជួបប្រទះ។  តាមរយៈសកម្មភាពនៃការចុះចាក់វ៉ាក់សាំងនេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានអរគុណដល់រាជរដ្ឋាភិបាល ក្នុងការផ្តល់ឱកាសឱ្យ ស.ស.យ.ក ចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។


 
សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងជំហានដំបូង ដែលអនុវត្តចាប់ពីថ្ងៃទី១ ខែមេសានេះទៅ នឹងចាក់ដល់ក្រុមមនុស្សសរុបចំនួន៧៤៥០០០នាក់ សម្រាប់ ចំនួនដូសទី១។ នេះបើតាមសេចក្តីជូនព័ត៌មានកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស៕ 
 









Tag:
 វ៉ាក់សាំង
  សសយក
© រក្សាសិទ្ធិដោយ thmeythmey.com