COVID-19
អន្តរជាតិ
ថៃ បន្ថយពេលចត្តាឡីស័កសម្រាប់់អ្នកដំណើរចាក់វ៉ាក់សាំងពីរដងពី១៤ថ្ងៃមក៧ថ្ងៃវិញ
01, Apr 2021 , 9:29 pm        
រូបភាព
អ្នកដំណើរចិន មកដល់អាកាសយានដ្ឋានថៃ។ រូបភាព៖ AFP
អ្នកដំណើរចិន មកដល់អាកាសយានដ្ឋានថៃ។ រូបភាព៖ AFP
ថៃ នៅថ្ងៃទី១ ខែមេសាបានចាប់ផ្តើមកាត់បន្ថយថ្ងៃដាក់ចត្តាឡីស័កចំពោះអ្នកដំណើរបរទេស ឬប្រជាជន ដែលទទួលបានវ៉ាក់សាំងរួច។ ការកាត់បន្ថយថ្ងៃដាក់ចត្តាឡីស័កនេះ មានគោលដៅលើកស្ទួយសេដ្ឋកិច្ច និងវិស័យទេសចរណ៍ ដែលកំពុងតែរងគ្រោះដោយសារជំងឺកូវីដ-១៩។

 
ជាងមួយឆ្នាំហើយ ដែលវិស័យទេសចរណ៍ និងសេដ្ឋកិច្ចថៃបានរងគ្រោះ ដោយសារកូវីដ-១៩ ដូចបណ្តាប្រទេសផ្សេងដែរ។ ដើម្បីដោះស្រាយបញ្ហានេះ ស្របពេលយុទ្ធនាការចាក់វ៉ាក់សាំងត្រូវបានប្រទេសជាច្រើន រួមទាំងថៃកំពុងធ្វើផង ថៃបានសម្រេចកាត់បន្ថយថ្ងៃដាក់ចត្តាឡីស័កសម្រាប់អ្នកដំណើរមកពីបរទេសដែលបានចាក់វ៉ាក់សាំងរួច។ 
 
តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ អ្នកនាំពាក្យរងមជ្ឈមណ្ឌលស្ថានការណ៍កូវីដ-១៩ របស់ថៃ លោកស្រី Apisamai Srirangson បានលើកឡើងនៅថ្ងៃទី៣១ ខែមីនា ថា ការបន្ធូរបន្ថយរយៈពេលធ្វើចត្តាឡីស័ក ត្រូវចាប់ផ្តើមពីថ្ងៃទី១ ខែមេសាតទៅ។ អ្នកដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ បានចំនួនពីរដូស ក្នុងរយៈពេលយ៉ាងហោចណាស់ ១៤ថ្ងៃមុនមកដល់ថៃ នឹងត្រូវដាក់ចត្តាឡីស័កចំនួន៧ថ្ងៃប៉ុណ្ណោះ ចំណែកអ្នកទទួលបានវ៉ាក់សាំង ត្រឹមតែមួយលើក ឬពីរដូសតិចជាង១៤ថ្ងៃមុនមកដល់ថៃ ត្រូវដាក់ចត្តាឡីស័កចំនួន ១០ថ្ងៃ។ 
 
ដោយឡែកអ្នកដំណើរ មកពីប្រទេសដែលមានវីរុសបំប្លែងខ្លួនថ្មី ត្រូវដាក់ចត្តាឡីស័ករយៈពេល ១៤ថ្ងៃដដែល។ ជាមួយគ្នានេះ មុនមកថៃ អ្នកដំណើរត្រូវមានលទ្ធផលអវិជ្ជមាននៃកូវីដ-១៩ ហើយអាជ្ញាធរថៃ នឹងធ្វើតេស្តម្តងទៀត បន្ទាប់ពីដាក់ចត្តាឡីស័កបាន ៥ឬ ៦ថ្ងៃ។ សម្រាប់ជនជាតិថៃ មិនចាំបាច់ធ្វើតេស្ត មុនចូលមកក្នុងប្រទេសក៏បានដែរ ប៉ុន្តែអ្នកទាំងនោះ ត្រូវអនុញ្ញាតឱ្យគូ្រពេទ្យប្រមូលសំណាកយកទៅពិនិត្យ បន្ទាប់ពីដាក់ចត្តាឡីស័កបាន ៥ ឬ៦ថ្ងៃដូចគ្នា។ 
 
ការប្រមូលសំណាកថៃនឹងធ្វើ ៣ដង សម្រាប់អ្នកដាក់ចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ២ដងសម្រាប់រយៈពេល ១០ថ្ងៃ និង ១ដងសម្រាប់អ្នកដាក់ចត្តាឡីស័ករយៈពេល ១សប្តាហ៍។ លើសពីនេះ អ្នកដំណើរមកពីបរទេស នឹងត្រូវស្ថិតក្រោមប្រព័ន្ធតាមដានរយៈពេល ១៤ថ្ងៃផងដែរ។ 
 
ក្នុងថ្ងៃដដែលនេះ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចន្ទអូចា បានឯកភាពពិចារណាលើសំណើ ដែលត្រូវបានដាក់ដោយសហគមន៍ធុរកិច្ចភូកេត ដើម្បីអនុញ្ញាតឱ្យភ្ញៀវទេសចរណ៍មកលេខកោះមួយនេះ ដោយមិនចាំបាច់ដាក់ចត្តាឡីស័កផងដែរ ប៉ុន្តែសម្រាប់តែភ្ញៀវទេសចរណ៍ដែលបានចាក់វ៉ាក់សាំងចំនួនពីរលើករួចហើយតែប៉ុណ្ណោះ។ 
 
បើតាមលោក ប្រាយុទ្ធ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ខេត្តភូកេតត្រូវបានដាក់ជាតំបន់បើកចំហរយ៉ាងពេញលេញសម្រាប់ភ្ញៀវទេសចរណ៍ ដែលបានចាក់វ៉ាក់សាំងរួច។ ប៉ុន្តែអាជ្ញាធរ ក៏ត្រូវធានាផងដែរថា ប្រជាជនចំនួនភាគច្រើន ក្នុងខេត្តភូកេត បានទទួលវ៉ាក់សាំងប្រឆាំងកូវីដ-១៩ តាមការកំណត់ផងដែរ។ ប្រសិនគ្មានការប្រើប្រួលទេ នៅក្នុងខែកក្កដាខាងមុខ ភូកេត នឹងក្លាយជាខេត្តលើកដំបូងបើកទទួលភ្ញៀវទេសចរណ៍ដែលចាក់វ៉ាក់សាំងរួច មកកម្សាន្តដោយមិនតម្រូវឱ្យដាក់ចត្តាឡីស័ក។
 
ទន្ទឹមនេះ ចាប់ពីខែឧសភាទៅ ភ្ញៀវទេសចរណ៍ នឹងត្រូវអនុញ្ញាតឱ្យកម្សាន្តនៅខេត្តចំនួន៦ ឡើងវិញ ដូចជា ភូកេត, ចន្ទបុរី, ឈៀងម៉ៃ និងខេត្តចំនួន៣ទៀត ប៉ុន្តែត្រូវដាក់ចត្តាឡីស័កទៅតាមការកំណត់ដូចខាងលើ។ 
 
សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី១ ខែមេសា ថៃមានករណីឆ្លងកូវីដ-១៩ សរុបចំនួន ២៨៨៨៩ករណី និងអ្នកស្លាប់មានចំនួន ៩៤នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន២៧៥៤៨នាក់៕
 

Tag:
 ថៃ
  កូវីដ-១៩
  វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com