កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Ramos មិនអាចជួយ Real Madrid តទល់នឹង Liverpool ទាំងពីរជើង
× Sergio Ramos នឹងមិនអាចជួយក្រុម Real Madrid ដើម្បីតតាំងជាមួយ Liverpool ក្នុងការប្រកួត Champions League ទាំងពីរជើង នៅវគ្គ៨ក្រុមចុងក្រោយ ដោយសាររងរបួសសាច់ដុំកំភួនជើង។ ជំនួប El Clasico ជាមួយ Barcelona ក៏ទំនងជាត្រូវអវត្តមានដែរ។
ខ្សែការពារ និងជាប្រធានក្រុមរបស់អធិរាជសរូបនេះ បានរងរបួសពេលអំឡុងពេលបំពេញកាតព្វកិច្ចឱ្យក្រុមជម្រើសជាតិអេស្ប៉ាញទល់នឹងក្រុមកូសូវ៉ូ ក្នុងយុទ្ធនាការជម្រុះ World Cup នៅតំបន់អឺរ៉ុបថ្មីៗនេះ។
ដោយសាររងរបួសធ្ងន់ធ្ងរត្រង់សាច់ដុំកំភួនជើង Ramos នឹងមិនអាចបង្ហាញខ្លួនឱ្យ Real Madrid ពេលទទួលភ្ញៀវហង្សក្រហមសម្រាប់ជំនួបជើងទី១ ក្របខណ្ឌអឺរ៉ុប នៅរាត្រីថ្ងៃទី៦ ខែមេសានេះបានឡើយ។ ដោយឡែក ជំនួប El Clasico នៅ La Liga ទល់នឹង Barcelona នៅថ្ងៃទី១៤ ខែមេសាក៏អវត្តមានដែរ។
ខ្សែការពារឆ្នើម វ័យ៣៥ឆ្នាំរូបនេះ បានសរសេរលើ Instagram ផ្ទាល់របស់ខ្លួនថា ប្រសិនបើរបួសនៅតែធ្វើឱ្យឈឺចាប់ នោះរូបគេមិនអាចជួយក្រុមក្នុងការប្រកួតសំខានៗទាំងនេះបានទេ ។ ក្រោយជំនួបជាមួយកូសូវ៉ូ Ramos បានស្កេនហើយបញ្ជាក់ពីការរងរបួសកំភួនជើង។
អវត្តមាននេះ នឹងធ្វើឱ្យ Ramos នឹងមិនអាចប៉ះនឹងខ្សែប្រយុទ្ធ Mohamed Salah ជាថ្មីម្តងទៀតឡើយ។ Ramos ធ្លាប់ធ្វើឱ្យ Salah រងរបួសស្មាហើយត្រូវប្តូរចេញភ្លាមៗ អំឡុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ ២០១៨ ដែល Real ឈ្នះ Liverpool ៣-១។
Ramos ដែលនឹងត្រូវអវត្តមាននៅជើងទី២ទៀតនោះ បានប្រាប់កាសែតអេស្ប៉ាញ Marca ថារូបគេជឿជាក់ថា Real Madrid នឹងឆ្លងផុតវគ្គ៨ក្រុមចុងក្រោយ ហើយខ្លួននឹងអាចបង្ហាញខ្លួនវិញនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕
Tag:
Sergio Ramos
Champions League
© រក្សាសិទ្ធិដោយ thmeythmey.com