COVID-19
ជាតិ
អ្នករតនគិរីដែលចេញទៅសែនឆេងម៉េងនៅស្រុកកំណើត ត្រូវតម្រូវឲ្យធ្វើចត្តាឡីស័កពេលត្រឡប់វិញ
02, Apr 2021 , 3:34 pm        
រូបភាព
លោក ថង សាវុន អភិបាលខេត្តរតនគិរី
លោក ថង សាវុន អភិបាលខេត្តរតនគិរី
ដោយ: រួបរួម
រតនគិរី ស្ថិតក្នុងចំណោមតែខេត្ត៥ប៉ុណ្ណោះនៅកម្ពុជា ដែលមិនមានករណីកូវីដ-១៩នៅភូមិសាស្ត្ររបស់ខ្លួន។ អាជ្ញាធរខេត្តភូមិភាគឦសានមួយនេះ បន្តដាក់ចំណាត់ការយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការរាតត្បាតកូវីដ-១៩ ជាពិសេសនាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី និងពិធីបុណ្យផ្សេងៗទៀត។

 
«ក្នុងករណីបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនខ្មែរកាត់ស្រឡាយចិន ដែលត្រូវធ្វើដំណើរទៅកាន់ស្រុកកំណើត ដើម្បីចូលរួមពិធីសែនផ្នូរ ពូនផ្នូរ (ឆេងម៉េង) តាមប្រពៃណី ក្រោយពីត្រឡប់មកវិញ ត្រូវចូលរួមសហការជាមួយសមត្ថកិច្ចក្នុងការផ្តល់ព័ត៌មានលម្អិតអំពីគោលដៅដែលខ្លួនបានទៅចូលរួម និងត្រូវធ្វើចត្តាឡីស័កដោយខ្លួនឯងនៅផ្ទះរបស់ខ្លួនចំនួន១៤ថ្ងៃ»។ នេះជាការណែនាំរបស់លោក ថង សាវុន អភិបាលខេត្តរតនគិរី កាលពីថ្ងៃទី២៩ ខែមីនា។
 
បន្ថែមលើពីលើសេចក្តីណែនាំ រដ្ឋបាលខេត្តរតនគិរី ក៏បានសរសេរឆ្លើយតបនឹងចម្ងល់របស់ប្រិយមិត្តហ្វេសប៊ុកម្នាក់ផងដែរទាក់ទងនឹងអ្នកដំណើរពីខេត្តផ្សេងដែលសួរថា៖ «តើអ្នកខេត្តផ្សេងធ្វើដំណើរទៅរតនគិរី ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ ឬត្រឹមតែវាស់កំដៅ?»។ ចម្លើយគឺថា ជាគោលការ គឺតម្រូវឲ្យតាមដានសុខភាពខ្លួនឯង១៤ថ្ងៃ ហើយក្នុងករណីមកពីតំបន់ផ្ទុះកូវីដ-១៩ អ្នកទាំងនោះត្រូវយកសំណាកធ្វើតេស្ត។
 


ក្នុងសេចក្តីណែនាំដែលមាន៤ទំព័រ លោកអភិបាលខេត្ត មិនរារាំងដល់ការប្រារព្ធពិធីបុណ្យចូលឆ្នាំនាថ្ងៃទី១៤ ខែមេសា ខាងមុខនោះ ក៏ដូចជាពិធីបុណ្យពិសាខបូជា ព្រមទាំងពិធីនានានោះឡើយ ប៉ុន្តែមិនអនុញ្ញាតឲ្យរៀបចំព្រឹត្តិការណធំដុំនោះទេ ពោលត្រូវអនុវត្តតាមការណែនាំរបស់រដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាល។ ការធ្វើដំណើរមិនចាំបាច់ ការរៀបចំពិធីផ្សេងៗ ឬសកម្មភាពជួបជុំដែលមានសភាពអ៊ូអរ ត្រូវបានតម្រូវឲ្យចៀសវាងដាច់ខាត។
 
គិតមកដល់ពេលនេះ កម្ពុជា មានអ្នកជំងឺកូវីដ-១៩ សរុប២៥៤៦នាក់ ក្នុងនោះ២០១៧នាក់ ស្ថិតក្នុងករណីសហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប១២៥៦បានជាសះស្បើយ ខណៈចំនួនអ្នកស្លាប់ឡើងដល់១៦នាក់ រីឯ៤នាក់ផ្សេងទៀតស្លាប់ដោយសារជំងឺផ្សេងនាអំឡុងព្យាបាលកូវីដ-១៩។
 
ព្រឹត្តិការណ៍២០កុម្ភៈ រាលដាលនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង និងកំពត។ ក្នុងចំណោមនោះ ខេត្តមួយចំនួនដូចជាបាត់ដំបង កំពត ក៏បានព្យាបាលសះស្បើយអស់ផងដែរ។
 
រតនគិរី មណ្ឌលគិរី ពោធិ៍សាត់ ក្រចេះ និងស្ទឹងត្រែង ជាខេត្តតែ៥គត់នៅកម្ពុជា ដែលមិនមានករណីកូវីដ-១៩ នៅមូលដ្ឋានរបស់ខ្លួន ប៉ុន្តែពលរដ្ឋនៅតាមបណ្តាខេត្តទាំងនេះ ធ្លាប់មានករណីវិជ្ជមាន ដែលត្រូវបានរកឃើញនៅភ្នំពេញ និងខេត្តផ្សេងទៀត៕


 

© រក្សាសិទ្ធិដោយ thmeythmey.com