អន្តរជាតិ
មនុស្សយ៉ាងហោចណាស់ ៤១នាក់ ស្លាប់នៅក្នុងគ្រោះថ្នាក់រថភ្លើងធ្លាក់ផ្លូវនៅតៃវ៉ាន់
02, Apr 2021 , 4:29 pm        
រូបភាព
ក្រុមអ្នកជួយសង្រ្គោះកំពុងអ្នកដែលកំពុងជាប់ក្នុងរថភ្លើង។ រូបភាព៖ EPA
ក្រុមអ្នកជួយសង្រ្គោះកំពុងអ្នកដែលកំពុងជាប់ក្នុងរថភ្លើង។ រូបភាព៖ EPA
មនុស្សយ៉ាងហោចណាស់ ៤១នាក់ បានបាត់បង់ជីវិត និងជាច្រើននាក់ផ្សេងទៀតបានរងរបួសក្នុងហេតុការណ៍រថភ្លើងធ្លាក់ផ្លូវ បន្ទាប់ពីបុកជាមួយរថយន្តដឹកដីមួយគ្រឿង នៅថ្ងៃទី២ ខែមេសា។ នេះបើតាមការអះអាងរបស់នាយកដ្ឋានអគ្គិភ័យតៃវ៉ាន់។

 
 
នាវេលាម៉ោង៩ និង៣០នាទីព្រឹក លើកោះតៃវ៉ាន់ រថភ្លើងមួយខ្សែ ដែលចាកចេញពីក្រុងតៃប៉ិ ទៅក្រុងTaitung ដែលស្ថិតនៅភាគអាគ្នេយ៍នៃកោះតៃវ៉ាន់ បានធ្លាក់ផ្លូវ បន្ទាប់ពីប៉ះជាមួយរថយន្តមួយគ្រឿង។ ប៉ូលិសតៃវ៉ាន់ អះអាងថា រថយន្តដឹកដីមួយគ្រឿងនោះ បានរអិលធ្លាក់ពីលើទួលខ្ពស់មួយនៅក្បែរនោះ និងប៉ះជាមួយរថភ្លើង ខណៈពេលបើកជិតដល់ផ្លូវក្រោមដី។ ម្ចាស់រថយន្ត ទំនងចតឡានដោយធ្វេសប្រហែស ដែលធ្វើឱ្យរថយន្តរអិលធ្លាក់ចុះមក។   
 
ក្នុងឧប្បទ្ទវហេតុនេះ ទីភ្នាក់ងារអគ្គិភ័យជាតិ បានបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ចំនួន ៤១នាក់ បានបាត់បង់ជីវិត ខណៈមនុស្ស២នាក់ បានជាប់នៅក្នុងទូរថភ្លើង និង ៦៦នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ រថភ្លើងនេះ បានដឹកអ្នកដំណើរចំនួន ៣៥០នាក់។ ករណីស្លាប់នេះ គឺជាចំនួនដ៏ច្រើនបំផុត ក្នុងករណីរថភ្លើងបើកធ្លាក់ផ្លូវ នៅរយៈពេល ៤ទសវត្សរ៍មកនេះ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍Channel New Asia។ 
 
ផ្អែកតាមទិដ្ឋភាពនៃហេតុការណ៍ កំណាត់រថភ្លើងដែលស្ថិតនៅផ្លូវក្រោមដី បានរងការខូចខាតយ៉ាងខ្លាំង ខណៈពេលអ្នកក្រុមអ្នកជួយសង្រ្គោះ កំពុងជួយអ្នកដែលកំពុងជាប់នៅក្នុងរថភ្លើង។ 
 
បន្ទាប់ពីឧប្បទ្ទវហេតុ រដ្ឋបាលរថភ្លើងតៃវ៉ាន់ បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា មានមនុស្សជាច្រើនបានបាត់បង់ជីវិត។ ទន្ទឹមគ្នានេះ ការិយាល័យរបស់ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានបញ្ជាឱ្យត្រៀមមន្ទីរពេទ្យជាច្រើនកន្លែង សម្រាប់ហេតុការណ៍ខាងលើ ដើម្បីអាចជួយសង្រ្គោះជីវិតមនុស្សបានទាន់ពេលវេលា។ 
 
«វាមានអារម្មណ៍ថា មានហិង្សាបានកើតឡើងភ្លាមៗ»។ ជនរងគ្រោះម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះបានលើកឡើងបែបនេះ ដោយបន្ថែមថា មនុស្សជាច្រើនបានវាយកម្ទេចបង្អួចរថភ្លើង ដើម្បីចាកចេញ។ 
 
គួររំលឹកថា តៃវ៉ាន់ មានករណីរថភ្លើងធ្លាក់ផ្លូវ និងបណ្តាលឱ្យមនុស្សស្លាប់ជាច្រើនលើក។ នៅក្នុងឆ្នាំ២០១៨ រថភ្លើងមួយគ្រឿងបានធ្លាក់ផ្លូវ និងបានសម្លាប់មនុស្សចំនួន ១៨នាក់ និង១៧៥នាក់រងរបួស។ អ្នកបើកបរភ្លើងក្រោយមក ត្រូវចោទពីបទធ្វេសប្រហែស។ នៅក្នុងឆ្នាំ១៩៩១ អ្នកដំណើរចំនួន ៣០នាក់ បានស្លាប់ និង ១១២នាក់រងរបួស ដោយសាររថភ្លើងធ្លាក់ផ្លូវដែរ៕ 
 

Tag:
 តៃវ៉ាន់
 ឧប្បទ្ទវហេតុ
© រក្សាសិទ្ធិដោយ thmeythmey.com