កីឡាអន្តរជាតិ
អន្តរជាតិ
ចិន សាកល្បងអូឡាំពិកក្រុងប៉េកាំង ស្របពេលមានការស្នើឱ្យពហិកា ជុំវិញបញ្ហានៅស៊ីនជាំង
02, Apr 2021 , 7:29 pm        
រូបភាព
ចិនចាប់ផ្តើមសាកល្បងប្រភេទកីឡាជាច្រើននៅថ្ងៃទី១ ខែមេសា ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារក្រុងប៉េកាំងឆ្នាំ ២០២២។ ការសាកល្បងនេះ ចំពេលមានការអំពាវនាវឱ្យប្រទេសដទៃធ្វើពហិកាចូលរួមកីឡារដូវរងានេះ ជុំវិញការប្រព្រឹត្តរបស់ចិន ទៅលើជនជាតិភាគតិចវីហ្គ័រនៅស៊ីនជាំង។


បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP អ្នករៀបចំកម្មវិធីគ្រោងសាកល្បងរយៈពេល១០ថ្ងៃ នៅទីតាំងចំនួន៥ ក្នុងកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ដែលរួមមានកីឡាវាយកូនគោលលើទឹកកក ជិះស្គីលើទឹកកក និងស្គីល្បឿនជាដើម។ អ្នកចូលរួមសាកល្បងសុទ្ធសឹងជាងអត្តពលិកចិន ព្រោះត្រូវទប់ស្កាត់ការធ្វើដំណើររបស់អត្តពលិកបរទេសដើម្បីបង្ការជំងឺកូវីដ១-៩។
ការសាកល្បងនេះ ផ្តោតសំខាន់លើឧបករណ៍ការពារការឆ្លងកូវីដ-១៩ ក្នុងចំណោមវិធានការណ៍នានានៅគ្រប់ទីតាំងប្រកួត ដូចជាមានអេក្រង់ប្លាស្ទិចបិទជិត ទីតាំងសម្រាប់អ្នកសារព័ត៌មាន និងកន្លែងផ្តល់សម្ភាសន៍ជាដើម។
 
ការធ្វើតេស្តសាកល្បងនេះ ត្រូវបានគេមើលឃើញថា ជាជំហានសំខាន់មួយក្នុងការត្រៀមខ្លួនសម្រាប់ឆ្នាំអូឡាំពិករដូវរងាឆ្នាំ ២០២២ ស្របពេលមានការរិះគន់យ៉ាងខ្លាំងជុំវិញការចោទប្រកាន់ចិន ចំពោះការរំលោភសិទ្ធិមនុស្សទៅលើជនជាតិមូស្លីមវីហ្គ័រនៅស៊ីនជាំង។ 
 
ជុំវិញសំណុំរឿងស៊ីនជាំង មេដឹកនាំនយោបាយមួយចំនួន រួមទាំងអង្គការសិទ្ធិមនុស្សផង បានអំពាវនាវឱ្យគណកម្មកាធិការអូឡាំពិកអន្តរជាតិ (IOC) រារាំងចិនក្នុងការធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិករដូវរងាក្នុងក្រុងប៉េកាំងនេះ ហើយអំពាវនាវឱ្យប្រទេសដទៃទៀតធ្វើពហិការផង។
 
យ៉ាងណាក៏ដោយ លោក Thomas Bach ប្រធាន IOC កាលពីពាក់កណ្តាលខែមីនាបាននិយាយថា ការធ្វើពហិការមិនចូលរួមព្រឹត្តិការណ៍អូឡាំពិក នឹងមិនទទួលបានអ្វីទាំងអស់។ IOC ថែមទាំងប្រយ័ត្នប្រយែងមិនឱ្យមានការរិះគន់ម្ចាស់ផ្ទះអូឡាំពិករដូវរងាឆ្នាំ ២០២២ នេះ ខណៈចិនប្រកាសផ្តល់វ៉ាក់សាំងរបស់ខ្លួនសម្រាប់អត្តពលិកនៅទូទាំងពិភពលោកដែលចូលរួមអូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ និងកីឡារដូវរងាក្រុងប៉េកាំងឆ្នាំ២០២២។
 
ចិនហាក់មិនខ្វល់នឹងក្រុមរិះគន់ទាំងនោះឡើយ ប៉ុន្តែបានបង្ហាញក្តីបារម្ភថាព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងប៉េកាំងដែលធ្វើឡើងនៅខែកុម្ភៈ ឆ្នាំក្រោយ នឹងដោះស្រាយជាមួយវិបត្តិកូវីដ-១៩ បានឬក៏អត់។ មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកការរៀបចាំអូឡាំពិក២០២២ សារភាពថាកូវីដ-១៩ នៅតែជាបញ្ហាប្រឈមដ៏ធំក្នុងការរារាំងការរៀបចំព្រឹត្តិការណ៍កីឡាមួយនេះឱ្យរលូន៕
 

Tag:
 វីហ្គ័រ
  Olympic
© រក្សាសិទ្ធិដោយ thmeythmey.com