អន្តរជាតិ
ប្រេសិតមីយ៉ាន់ម៉ានៅ UN អំពាវនាវឱ្យអន្តរជាតិផ្អាកការវិនិយោគនៅក្នុងប្រទេសខ្លួន
02, Apr 2021 , 8:29 pm        
រូបភាព
អគ្គរដ្ឋទូតតំណាងឱ្យរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ានៅអង្គការសហប្រជាជាតិ។ រូបភាព៖ Reuters
អគ្គរដ្ឋទូតតំណាងឱ្យរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ានៅអង្គការសហប្រជាជាតិ។ រូបភាព៖ Reuters
តំណាងរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ាប្រចាំនៅអង្គការសហប្រជាជាតិ (UN) លោក Kyaw Moe Tun  នៅថ្ងៃទី១ ខែមេសា បានទទូចបណ្តាប្រទេសនានារួមទាំងជប៉ុនផង ឱ្យបញ្ឈប់ការវិនិយោគដោយផ្ទាល់នៅក្នុងប្រទេសរហូតដល់រដ្ឋាភិបាលស៊ីវិល ត្រូវបានបង្កើតឡើងវិញ។ ទន្ទឹមនេះ លោក Kyaw Moe Tun  ក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធលើរបបសឹកកាន់តែខ្លាំងជាងមុនផងដែរ។



អត្ថបទទាក់ទង
 
 
 
លោក Kyaw Moe Tun អគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំនៅ UN ជាអ្នកបរិហាររបបសឹកមីយ៉ាន់ម៉ាមិនសំចៃមាត់នៅអង្គការសហប្រជាជាតិ។ នៅក្នុងកិច្ចសម្ពាសជាមួយសារព័ត៌មាន Nikkei Asia លោកប្រេសិតមីយ៉ាន់ម៉ារូបនេះ បានរិះគន់លើក្រុមយោធាមីយ៉ាន់ម៉ាជាថ្មី និងអំពាវនាវឱ្យប្រទេសវិនិយោគធំៗឈប់ដាក់ទុនរកស៊ីនៅមីយ៉ាន់ម៉ា រហូតដល់តែរដ្ឋាភិបាលស៊ីវិលត្រូវបានបង្កើតឡើងវិញ។ 
 
 
«ជប៉ុន គឺជាដៃគូវិនិយោគដ៏ធំមួយក្នុងចំណោមប្រទេសផ្សេងទៀតនៅមីយ៉ាន់ម៉ា»។ ប្រេសិតមីយ៉ាន់ម៉ាបានលើកឡើងបែបនេះក្នុងថ្ងៃទី១ ខែមេសា ដោយអំពាវនាវឱ្យប្រទេសអាស៊ីមួយនេះ និងបណ្តាប្រទេសធំៗផ្សេងទៀត ពិនិត្យលើការវិនិយោគឡើងវិញ និងផ្អាកការរកស៊ីនៅមីយ៉ាន់ម៉ារហូតទាល់តែលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសត្រូវបានស្តារឡើងវិញ។ 
 
យ៉ាងណាមិញ អគ្គរដ្ឋទូតមីយ៉ាន់ម៉ានៅ UN រូបនេះ បានទទួលស្គាល់ពី ផលប៉ះពាល់ជុំវិញការផ្អាកការវិនិយោគដោយផ្ទាល់ពីបរទេសនឹងអាចមានផលប៉ះពាល់លើប្រជាជន ប៉ុន្តែសហគមន៍អន្តរជាតិ គួរតែធ្វើយ៉ាងណា ដើម្បីឱ្យប្រាកដថា ប្រជាជនអាចទទួលផលប៉ះពាល់ក្នុងកម្រិតទាបប៉ុណ្ណោះ។ ទន្ទឹមនេះ លោកក៏បានអំពាវនាវឱ្យវិស័យធនាគាបិទលំហូរសាច់ប្រាក់របស់ក្រុមយោធាផងដែរ។ ក្នុងករណីនេះ លោក Kyaw Moe Tun បានលើកឡើងពីរបៀបដាកទណ្ឌកម្មអាមេរិក ដើម្បីបញ្ជាក់ឱ្យបណ្តាប្រទេសធំៗ យកជាគំរូ ជាពិសេសគឺចិន ដែលមិនទាន់មានចំណាត់ការណាមួយលើរបបសឹក។ 
 
ទាក់ទិននឹងតួនាទីអាស៊ានវិញ ប្រេសិតមីយ៉ាន់ម៉ាប្រចាំនៅ UN បានអំពាវនាវឱ្យអាមេរិក និងចិន ចូលរួមកិច្ចខិតខំជាមួយអាស៊ាន ដើម្បីដោះស្រាយបញ្ហាមួយនេះ ទោះមហាអំណាចទាំងពីរកំពុងប្រឈមមុខដាក់គ្នាក៏ដោយ។ 
 
បើតាមលោក Kyaw Moe Tun នេះគឺជាពេលដ៏សំខាន់ណាស់សម្រាប់ប្រជាជនមីយ៉ាន់ម៉ា ដែលសហគមន៍អន្តរជាតិ គួរចាត់វិធានការឱ្យកាន់តែខ្លាំងឡើង ដើម្បីបញ្ឈប់បាតុកម្ម និងការពារជីវិតរបស់ប្រជាជន។ ក្នុងកិច្ចសម្ភាសដដែលនេះ អ្នកតំណាងរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ានៅឆាកអន្តរជាតិរូបនេះ ក៏បានប្តេជ្ញាការពារប្រជាជនពីឧក្រិដ្ឋកម្មប្រឆាំងមនុស្ស ដែលប្រព្រឹត្តដោយក្រុមយោធាផងដែរ។ 
 
មុននឹងបញ្ចប់កិច្ចសម្ភាស អ្នកតំណាងអចិន្រ្តៃយ៍របស់រដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា បានអំពាវនាវឱ្យក្រុមយោធាចុះចេញពីតំណែង ដោយភ្ជាប់ជាមួយការលើកម្រាមដៃ៣ ដែលជាសញ្ញាប្រឆាំងនឹងក្រុមយោធា៕ 
 

Tag:
 មីយ៉ាន់ម៉ា
  UN
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com