ជាតិ
ជ្រូកនាំចូលខុសច្បាប់ជាង១០០ក្បាល និងងាប់ដោយសារជំងឺប៉េស្តអាហ្រ្វិក ត្រូវបានដុតបំផ្លាញចោល
02, Apr 2021 , 8:59 pm        
រូបភាព
រូបភាពពី BTV
រូបភាពពី BTV
ដោយ:
អាជ្ញាធរ និងនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានដុតបំផ្លាញសត្វជ្រូកងាប់ដែលមានជំងឺប៉េស្តអាហ្វ្រិក ចំនួន ១០២ក្បាល ដែលត្រូវបានឈ្មួញលួចនាំចូលខុសច្បាប់ ហើយអាជ្ញាធរបង្ក្រាបបានកាលពីពេលកន្លងទៅ នៅព្រំដែនខេត្តស្ទឹងត្រែង។ សកម្មភាពដុតកម្ទេចសត្វជ្រូកនេះ បានប្រព្រឹត្តទៅ នៅថ្ងៃទី១ មេសា ឆ្នាំ២០២១ នៅចំណុចស្រុកបាទី ខេត្តតាកែវ។

 
លោក តាន់ ផាន់ណារ៉ា ប្រធាននាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានថ្លែងប្រាប់អ្នកសារព័ត៌មាន នាឱកាសនោះថា ការដុតកម្ទេចចោលជ្រូកទាំងនេះ ជាការទប់ស្កាត់ការរីករាលដាលនៃជំងឺប៉េស្តក្នុងប្រទេសកម្ពុជា។ 
 
នេះមិនមែនជាលើកទីមួយទេ ដែលមាននាំចូលជ្រូកខុសច្បាប់និងកើតជំងឺប៉េស្តជ្រូក ហើយសកម្មភាពខុសច្បាប់នេះ នៅតែកើតមានជាបន្តបន្ទាប់។ លោក តាន់ ផាន់ណារ៉ា បន្ថែមដូច្នេះ៖ «ទោះយើងរឹតបន្តឹង តែការនាំចូលជ្រូកខុសច្បាប់នៅតែមាន។ ជាក់ស្ដែងក្រៅពីជ្រូក១០២ក្បាលដែលយើងបានកម្ទេចនេះ អាជ្ញាធរក៏បានរាយការណ៍ថា រកឃើញជ្រូកនាំចូលខុសច្បាប់ ៣០ក្បាលទៀត នៅបន្ទាយមានជ័យកើតជំងឺប៉េស្តជ្រូក ហើយយើងនឹងធ្វើដូចនេះ(ដុតកម្ទេច)បន្តទៀត»។
 
ប្រធាននាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បញ្ជាក់ទៀតថា កន្លងក្រសួងអនុញ្ញាតឲ្យតែជ្រូកដែលមានសុខភាពល្អប៉ុណ្ណោះ ចូលក្នុងកម្ពុជា ហើយការដែលសាច់ជ្រូកឡើងថ្លៃ មិនបានទាក់ទង នឹងការនាំចូលជ្រូកខុសច្បាប់នោះទេ។ «សាច់ជ្រូកឡើងថ្លៃ ព្រោះថ្លៃដើមឡើងថ្លៃ មិនមែនដោយសារនាំចូលជ្រូកខុសច្បាប់នោះទេ»។ នេះជាការអះអាងរបស់លោក តាន់ ផាន់ណារ៉ា។ 
 
ក្នុងរយៈពេល ៣ខែ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបង្ក្រាបការនាំចូលសត្វខុសច្បាប់ចូលកម្ពុជា ចំនួន ១៩ករណី ដោយ១៦ករណី ជាការលួចនាំចូលជ្រូក ហើយដែល  ៣ករណី កើតមានជំងឺប៉េស្តជ្រូក៕
 
 
 
 

Tag:
 ជ្រូក
© រក្សាសិទ្ធិដោយ thmeythmey.com