ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
ប្រទះឃើញហ្វូងដំរីព្រៃ៣៨ក្បាល ក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា
03, Apr 2021 , 8:30 am        
រូបភាព
ដោយ:
ហ្វូងដំរីព្រៃ ចំនួន ៣៨ក្បាល ត្រូវបានពលរដ្ឋប្រទះឃើញ និងថតបាន នៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ៣១ មីនាកន្លងទៅ។ ដែនជម្រកសត្វព្រៃកែវសីម៉ា គឺជាជម្រកដ៏ធំរបស់សត្វដំរីព្រៃអាស៊ី និងប្រភេទសត្វកម្រផ្សេងទៀត។  ក្រសួងបរិស្ថានបានអំពាវនាវដល់ប្រជាពលរដ្ឋថា ប្រសិនបើពួកគាត់ឃើញសត្វដំរីទាំងនេះ កុំធ្វើអ្វីដែលប៉ះពាល់ដល់វា និងចូលរួមការពារនិងអភិរក្សសត្វដំរីព្រៃឲ្យបានគង់វង្ស។


 
សូមស្ដាប់សំឡេងរបស់លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន ដូចតទៅ៖

 

 
បើតាមលោក នេត្រ ភក្រ្តា បច្ចុប្បន្ន មានសត្វដំរីព្រៃចន្លោះពី ៤០០ ទៅ ៦០០ ក្បាលដែលកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ជាពិសេសនៅក្នុងតំបន់ជួរភ្នំក្រវ៉ាញ និងភាគឦសាននៃប្រទេសកម្ពុជា។ អ្នកនាំពាក្យរូបនេះបន្តថា យោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ ក្នុងរយៈពេល ៦០ ទៅ ៧០ ឆ្នាំចុងក្រោយនេះ ចំនួនដំរីអាស៊ី នៅលើពិភពលោកបានថយចុះប្រហែល ៥០ភាគរយ ចំណែកឯទីជម្រករបស់វាបានបាត់បង់អស់ជិត ៩០ភាគរយ។
 
ក្នុងចំណោមដំរីអាស៊ី ប្រមាណ ៣៩ ៤៦៣ក្បាលទៅ ៤៧ ៤២៧ក្បាល ដែលកំពុងរស់នៅក្នុងព្រៃសព្វថ្ងៃ ប្រហែល ៧៥ភាគរយ រស់នៅក្នុងប្រទេសឥណ្ឌា និងស្រីលង្កា។ «ដំរីអាស៊ី ត្រូវបានចាត់ទុកថាជាប្រភេទសត្វបង្គោលដ៏សំខាន់ដោយសារ សារៈសំខាន់ផ្នែកវប្បធម៌ តួនាទីក្នុងប្រព័ន្ធអេកូឡូស៊ី និងសក្តានុពលដែលអាចការពារប្រភេទសត្វផ្សេងទៀតនៅក្នុងដែនជម្រករបស់វា»។ នេះជាការលើកឡើងរបស់លោក នេត្រ ភក្រ្តា។
 
លោកបន្ថែមថា ដំរីអាស៊ីកំពុងតែទទួលរងការគំរាមកំហែងធ្ងន់ធ្ងរ នៅទូទាំងដែនជម្រករបស់វានៅលើសកលលោក ហើយត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហម របស់អង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)។
 
ដោយសារតែរយៈពេលនៃការបន្តពូជរបស់ដំរីអាស៊ីយឺត(ប្រាំឆ្នាំបង្កើតបានកូនមួយ) បើសិនអាត្រាស្លាប់នៃកូនដំរីព្រៃខ្ពស់ដោយសារតែរងរបួសពីអន្ទាក់ នោះចំនួនដំរីព្រៃនៅកម្ពុជា អាចមានបញ្ហាប្រឈមខ្ពស់ក្នុងការផុតពូជ។
 
លោកនេត្រ ភក្រ្តា បានអះអាងដូច្នេះ«ក្នុងរយៈពេលជាង ១០ ឆ្នាំចុងក្រោយនេះ កម្រិតនៃបទល្មើសបរបាញ់សម្លាប់សត្វដំរីព្រៃ ដើម្បីយកភ្លុកនិងកន្ទុយ នៅកម្ពុជាមានការធ្លាក់ចុះយ៉ាងខ្លាំង ស្ទើរតែគ្មានដោយសារតែការអនុវត្តច្បាប់តឹងរឹង។ ប៉ុន្តែយើងកត់សម្គាល់ឃើញថា ជម្លោះរវាងមនុស្ស និងសត្វដំរីព្រៃបានកើតឡើងនៅតាមតំបន់ការពារធម្មជាតិមួយចំនួន ដោយសារតែការផ្លាស់ទី»។
 
កម្រិតនៃការបរបាញ់សត្វដំរីព្រៃ ត្រូវបានកត់សម្គាល់ឃើញថាមានការធ្លាក់ចុះខ្លាំងស្ទើរតែគ្មានក្នុងរយៈពេលជាង ១០ឆ្នាំមកនេះដោយសារតែអាជ្ញាធរមានសមត្ថកិច្ច ពង្រឹងការអនុវត្តច្បាប់បានយ៉ាងល្អ ខណៈពីជាង ៣០ ឆ្នាំមុន ការបរបាញ់បានសម្លាប់សត្វដំរីព្រៃអស់ជាច្រើនក្បាល។
 
បច្ចុប្បន្នប្រទេសកម្ពុជា មានដំរីអាស៊ី ប្រមាណ ៤០០ ទៅ ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើត ក្នុងខេត្តមណ្ឌលគិរី ដែលជាតំបន់ជីវៈចម្រុះដ៏សម្បូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផល ដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថា មានចំនួន ៧១ក្បាលប៉ុណ្ណោះ៕
 


 



© រក្សាសិទ្ធិដោយ thmeythmey.com