ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីអប់រំ ហាមតាំងផ្ទាំងពាណិជ្ជកម្មថ្នាំជក់ ឬគ្រឿងស្រវឹងនៅតាមគ្រឹះស្ថានសិក្សា
03, Apr 2021 , 10:01 am        
រូបភាព
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
ដោយ:
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំដល់គ្រឹះស្ថានសិក្សានានា ហាមតាំងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មពីផលិតផលថ្នាំជក់ និងគ្រឿងស្រវឹងផ្សេងៗ នៅបរិវេណគ្រឹះស្ថានសិក្សា។ បម្រាមនេះធ្វើឡើងក្រោយពីក្រសួងអប់រំសង្កេតឃើញថា មានគ្រឹះស្ថានសិក្សាមួយចំនួន បានអនុវត្តខុសពីគោលការណ៍ណែនាំរបស់ក្រសួង។​



ក្រសួងអប់រំ បានបញ្ជាក់ក្នុងលិខិតណែនាំដែលបានចេញផ្សាយនៅថ្ងៃទី៣១ ខែមីនាថា ក្រសួងសង្កេតឃើញគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនជាច្រើនបានគោរព តាមគោលការណ៍ក្រសួងហើយ ប៉ុន្តែគ្រឹះស្ថានសិក្សាខ្លះទៀត បែរជាការភ្លាំងភ្លាត់ ឬយល់ច្រឡំ ក្នុងការកៀរគរការគាំទ្រពីសប្បុរជន ជាឧស្សាហករថ្នាំជក់ ដែលបណ្តាលឲ្យមានការប្រើប្រាស់ស្លាកសញ្ញាពាណិជ្ជកម្ម ដាក់តាំងក្នុងកម្មវិធីនានានៅក្នុងសាលារៀន។​

ក្រសួងអប់រំ បានណែនាំដល់គ្រឹះស្ថានសិក្សានីមួយៗ មិនត្រូវសហការជាមួយនឹងឧស្សាហករថ្នាំជក់ ក្នុងការផ្សព្វផ្សាយណាមួយឡើយ ទោះបីជាសកម្មភាពសប្បុរសធម៌ ទស្សនកិច្ចសិក្សា ហាត់ការងារ ផ្លាស់ប្តូរបទពិសោធ ឬសិក្សាស្រាវជ្រាវក្តី ពោលគឺមិនត្រូវទទួលការឧបត្ថម្ភគាំទ្រ ឬចុះអនុស្សរណៈយោគយល់ជាមួយឧស្សាហករថ្នាំជក់ឡើយ។

បន្ថែមពីនេះ គ្រឹះស្ថានសិក្សាក៏មិនត្រូវផ្តល់ទីតាំង ឬទីឆ្លាសាលារៀនសម្រាប់រៀបចំកម្មវិធីផ្សព្វផ្សាយ ឬពិព័រណ៍កម្មវិធីរបស់ឧស្សាហករថ្នាំជក់ដែរ។​

ជាមួយគ្នានេះក្រសួងអប់រំ ណែនាំដល់គ្រឹះស្ថានសិក្សាបន្តជំរុញការផ្សព្វផ្សាយ និងអប់រំចំណេះដឹងពាក់ព័ន្ធនឹងគ្រោះថ្នាក់ ដែលបង្កដោយការប្រើប្រាស់ ឬហឺតផ្សែងផលិតផលថ្នាំជក់គ្រប់ប្រភេទទាំងនៅក្នុងសាលា និងក្រៅសាលាឲ្យបានទូលំទូលាយ៕


Tag:
 ថ្នាំជក់
  គ្រឿងស្រវឹង
  គ្រឹះស្ថានសិក្សា
© រក្សាសិទ្ធិដោយ thmeythmey.com