COVID-19
ជាតិ
សង្គមជាតិ
បម្រាមគោចរ ថ្ងៃទី១ ៖ អាជ្ញាធរ​ឃាត់​ម៉ូតូ និងរថយន្ត២០គ្រឿង​ តែមិនរឹបអូស​ឡើយ
03, Apr 2021 , 3:39 pm        
រូបភាព
ដោយ:
 
ភ្នំពេញ៖​ ​អាជ្ញាធររាជធានីភ្នំពេញបានឃាត់មនុស្ស រួមទាំងម៉ូតូ​ និងរថយន្តប្រមាណ២០គ្រឿង កាលពីយប់ថ្ងៃទី២ ខែមេសា​ នៃការអនុវត្តបម្រាមគោចរ​។ ប៉ុន្តែអាជ្ញាធរ មិនទាន់ដាក់ពិន័យ និងរឹបអូសមធ្យោបាយធ្វើដំណើរទៅរក្សាទុកឡើយ​​ ដោយគ្រាន់តែណែនាំ​ពលរដ្ឋសិន។ នេះបើតាម លោក​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។



ដើម្បីជ្រាបកាន់តែច្បាស់សូមតាមដានស្តាប់ប្រសាសន៍របស់លោក ឃួង ស្រេង​ អភិបាលរាជធានីភ្នំពេញខាងក្រោមនេះ៖



នាយប់ថ្ងៃទី ២ ខែមេសា​លោក ឃួង ស្រេង បានចុះពិនិត្យមើលដោយផ្ទាល់នៃការអនុវត្តវិធានការរដ្ឋបាលថ្ងៃទីពីរ ប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ ១៩។

លោក​​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមទូរសព្ទនៅថ្ងៃទី៣ ខែមេសាថា​ បើកាលណាពលរដ្ឋដែលបានធ្វើដំណើរនៅពេលយប់ ហើយត្រូវបានអាជ្ញាធរចុះណែនាំម្តង ហើយមិនអនុវត្តតាមការណែនាំនោះ​ ពួកគេនឹងប្រឈមមុខឃាត់ខ្លួន រួចឲ្យធ្វើចត្តាឡីស័ក និងរឹបអូសយានជំនិះទៀតផង។

«យប់មិញគឺយើងគ្រាន់តែឃាត់ខ្លួន១០-២០នាក់​ តែណែនាំគាត់ឲ្យទៅផ្ទះវិញ ហើយគ្រាន់តែឲ្យគាត់ធ្វើកិច្ចសន្យា ក៏ឲ្យគាត់ទៅៗ​ ហើយកុំឲ្យគាត់ដើរទៀតនៅថ្ងៃខាងមុខ។ ប្រាប់ហើយ បើណែនាំហើយ ពួកគាត់មិនអនុវត្តតាមទៀត ខ្ញុំបានជម្រាបពួកគាត់ហើយ យប់នេះនឹងអនុវត្តតឹងរ៉ឹងហើយ»។ នេះជាការលើកឡើងរបស់លោក​ ឃួង​ ស្រេង។

លោកអភិបាលរាជធានីភ្នំពេញ បានសង្កេតឃើញថា​ ពលរដ្ឋនៅរាជធានីភ្នំពេញ  បានចូលរួមអនុវត្តបម្រាមគោចរនេះបានល្អប្រសើរ ​ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចស្តីពីការអនុវត្តវិធានការរដ្ឋបាលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងរាជធានីភ្នំពេញ ដែលមានថិរវេលាអនុវត្តរយៈពេលពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែមេសា។ សេចក្តីសម្រេចនេះ បានកំណត់ឲ្យមានការធ្វើចរាចរណ៍និងធ្វើដំណើរ ក្នុងចន្លោះពីម៉ោង៨យប់ដល់ម៉ោង៥ភ្លឺ បើគ្មានភារកិច្ចចាំបាច់៕





Tag:
 បម្រាមគោចរ
  យានយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com