ជាតិ
សង្គមជាតិ
ស្ពានតាអោង ដែលជាស្ពានបុរាណមានសភាពទ្រុឌទ្រោមខ្លាំង ទទួលបានការជួសជុល
03, Apr 2021 , 5:10 pm        
រូបភាព
សៀមរាប៖ ស្ពានតាអោង ឬអ្នកខ្លះហៅថា ស្ពានតាអុង កំពុងទទួលបានការអភិរក្ស ជួសជុល និងលើកតម្លៃឡើងវិញ ក្រោយស្ពានបុរាណនេះមានសភាពទ្រុឌទ្រោមខ្លាំង។ យោងតាមឯកសាររបស់អាជ្ញាធរជាតិអប្សរា ស្ពានតាអោង គឺជាស្ពានបុរាណដែលវែងជាងគេ ក្នុងចំណោមស្ពាន២៣ ដែលស្ថិតលើដងផ្លូវពីអង្គរ ទៅបាកាន ឬព្រះខ័នកំពង់ស្វាយ។ ស្ពាននេះ មានប្រវែង ៧០ម៉ែត្រ ទទឹង១៣ម៉ែត្រ និងមានរន្ធត្រដេវ ឬរន្ធបង្ហូរទឹកចំនួន១៤ ដែលរន្ធនីមួយៗ មានកម្ពស់៦ម៉ែត្រ និងទទឹង២ម៉ែត្រ។


ស្ពានតាអោង សង់ពីថ្មបាយក្រៀម លម្អដោយដោយបង្កាន់ដៃនាគក្បាល៩ និងមានព្រះពុទ្ធសមាធិ នៅចំកណ្ដាលក្បាលនាគ ធ្វើអំពីថ្មភក់។ យ៉ាងណា ពុំមានឯកសារបញ្ជាក់ថា ស្ពាននេះកសាងក្នុងរាជ្យស្ដេចណានោះទេ ដោយគ្រាន់តែបានដឹងជាទូទៅថា សាងក្នុងសម័យអង្គរ តែតាមសង្កេតលម្អិតរបស់អ្នកបុរាណវិទ្យា ពិសេសលើចម្លាក់បង្កាន់ដៃនាគ ស្ពាននេះ ស្ថិតក្នុងរចនាប័ទ្មបាយ័ន។

បច្ចុប្បន្ន ស្ពានតាអោង កំពុងទទួលបានការជួសជុល ពីក្រុមការងារអភិរក្ស របស់អាជ្ញាធរជាតិអប្សរា ក្រោយសិក្សាផែនទីហានិភ័យរួច នៅឆ្នាំ ២០១៧។ គម្រោងជួសជុលដំណាក់កាលទី១ មាន២ ចំណុចសំខាន់ ដូចជានៅជញ្ជាំងស្ពានផ្នែកខាងជើង ដែលបានរលុះធ្លាក់ និងមានការហែកធំចេញក្រៅ ដែលប្រឈមនឹងការរលុះធ្លាក់។ គម្រោងជួសជុលដំណាក់កាលទី១នេះ ចាប់ផ្តើមពីខែមករា ឆ្នាំ២០២១ ហើយគ្រោងបញ្ចប់នៅខែ មិថុនា ឆ្នាំ២០២១នេះ៕






















Tag:
 ស្ពានតាអោង
  ជួសជុល
© រក្សាសិទ្ធិដោយ thmeythmey.com