កីឡាអន្តរជាតិ
អន្តរជាតិ
ស្លាកប្រធានក្រុមដែល Ronaldo បោះចោលលក់បាន ៧៥០០០ ដុល្លារ
03, Apr 2021 , 6:59 pm        
រូបភាព

ស្លាកប្រធានក្រុមដែល Cristiano Ronaldo ចោលលើទីលានព្រោះខឹងអាជ្ញាកណ្តាល ដាក់លក់ដេញថ្លៃបានប្រាក់ ៧៥,០០០ ដុល្លារអាមេរិក។ ប្រាក់នេះនឹងត្រូវយកទៅជួយចេញថ្លៃព្យាបាលទារិកាអាយុ៦ខែម្នាក់នៅប្រទេសស៊ែប៊ីដែលត្រូវចំណាយសរុបជាង៣លានដុល្លារ។


អត្ថបទទាក់ទង

Ronaldo បានដើរចេញពីទីលាន និងបោះស្លាក់ប្រធានក្រុមចោលនៅមុនបញ្ចប់ការប្រកួតនាជំនួបដែលព័រទុយហ្កាល់ស្មើស៊ែប៊ី ២-២ នៃវគ្គជម្រុះ World Cup ពូល A កាលពីចុងសប្តាហ៍មុន។ រឿងរ៉ាវនេះកើតឡើង ដោយសារខ្សែប្រយុទ្ធ Juventus រូបនេះខឹងអាជ្ញាកណ្តាលដែលមិនផ្តល់បាល់មួយគ្រាប់នៅចុងម៉ោងដែលរូបគេទាត់បញ្ចូលទីទៅហើយនោះ។

អ្វីដែលនឹកស្មានមិនដល់ ស្លាកប្រធានក្រុមរបស់ Ronaldo ត្រូវបានលោក Djordje Vukicevic ដែលជាកម្មករក្នុងកីឡដ្ឋានរើសយកទៅឱ្យអង្គការមនុស្សធម៌មួយដាក់ដេញថ្លៃ ដើម្បីយកប្រាក់ជួយដល់ទារិកាអាយុ៦ខែម្នាក់។ ទារិកាឈ្មោះ Gavril Djurdjevic ស្ថិតនៅទីក្រុង Kragujevac ប្រទេសស៊ែប៊ី មានជំងឺសាច់ដុំឆ្អឹងខ្នង ដែលប្រឈមនឹងពិការភាពប្រសិនព្យាបាលមិនទាន់ពេលទេនោះ។

ស្លាកប្រធានក្រុមព័រហ្កាល់ វ័យ៣៦ឆ្នាំនេះ បានដាក់ដេញថ្លៃលើអ៊ីនធឺណិតហើយទទួលបានតម្លៃ៧៥,០០០ ដុល្លារ។ យ៉ាងណា ប្រាក់ដែលទទួលបាននេះ នៅមានចំនួនតិចតួចនៅឡើយសម្រាប់ថ្លៃព្យាបាលសរុបរបស់ទារិកា Djurdjevic។

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP អង្គការមនុស្សធម៌ខាងលើនេះ បានស្វែងរកប្រាក់សប្បុរសធម៌ចំនួន ២,៥ លានផោន (៣,៤៤លានដុល្លារ) ដើម្បីយកទៅចំណាយលើថ្លៃវះកាត់ និងព្យាបាលទារិការូបនេះ។ ទារិកាអាយុ៦ខែនេះ មានភាគរយជាសះស្បើយដល់ទៅ៩០ភាគរយ ប្រសិនបើទទួលបានការវះកាត់រួច៕



Tag:
 Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com