សង្គមអន្តរជាតិ​
អន្តរជាតិ
តុលាការតៃវ៉ាន់ សម្រេចដោះលែងអ្នកពាក់ព័ន្ធនឹងរថភ្លើងធ្លាក់ផ្លូវ
03, Apr 2021 , 7:59 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
តុលាការតៃវ៉ាន់ នៅថ្ងៃទី៣ ខែមេសា បានសម្រេចដោះលែងអ្នកគ្រប់គ្រងការដ្ឋានមួយកន្លែង ដែលបានធ្វេសប្រហែស និងធ្វើឱ្យរអិលធ្លាក់ប៉ះជាមួយរថភ្លើង ដោយបង្កឱ្យមានអ្នកស្លាប់យ៉ាងហោចណាស់ ៥០នាក់ និងអ្នករបួសជាច្រើនអ្នក។ ចំនួនអ្នកស្លាប់នេះ ជាចំនួនអ្នកស្លាប់ដ៏ច្រើនជាងគេ ដោយសារហេតុការណ៍រថភ្លើងធ្លាក់ផ្លូវ ក្នុងរយៈពេល ៧ទសវត្សរ៍មកនេះ។ 


អត្ថបទទាក់ទង

ក្នុងឧប្បទ្ទវហេតុមួយនៅថ្ងៃទី២ ខែមេសា រថយន្តដឹកដីមួយ ដែលត្រូវបានចតចោលដោយមានការទ្វេប្រហែស បានរអិលធ្លាក់មកប៉ះរថភ្លើង។ រថភ្លើង បានប៉ះទង្គិចយ៉ាងខ្លាំង និងជាប់នៅក្នុងផ្លូវក្រោមដីមួយផ្នែកធំ នៅក្នុងទីក្រុងHualien។ មនុស្សយ៉ាងហោចណាស់ ៥០នាក់ បានបាត់បង់ជីវិត មនុស្សច្រើនជាង ១៧៨នាក់របួស និងមនុស្សចំនួន ៤០នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ព្រះរាជអាជ្ញាតៃវ៉ាន់ បានដាក់សំណើទៅតុលាការឱ្យចេញដីការចាប់ខ្លួនអ្នកគ្រប់គ្រងការដ្ឋានសាងសង់មួយកន្លែង ដែលរថយន្តដឹកដីបានរអិលធ្លាក់។ បើតាមក្រសួងយុត្តិធម៌តៃវ៉ាន់ ការចាប់ខ្លួននេះ ធ្វើឡើងពីបទធ្វេសប្រហែស។

យ៉ាងណាមិញ​ តុលាការតៃវ៉ាន់ បានសម្រេចដោះលែងអ្នកគ្រប់គ្រងដែលមានឈ្មោះ Lee Yi-hsiang ដោយមានភ្ជាប់ជាមួយប្រាក់នៅក្រៅឃុំចំនួន ១៧៥២៥ដុល្លារ ហាមឃាត់មិនឱ្យចាកចេញពីតៃវ៉ាន់ និងត្រូវស្នាក់នៅក្នុងក្រុងHualien។

ពេលនេះ អាជ្ញាធរ កំពុងស្វះស្វែងទាញយករថភ្លើង ដែលកំពុងជាប់នៅក្នុងផ្លូវក្រោមដី ខណៈអាជ្ញាធរអះអាងថា ទំនងជាអាចរកឃើញអ្នកស្លាប់បន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters​។

សូមបញ្ជាក់ថា ក្នុងហេតុការណ៍ស្លាប់នេះ ប្រធានាធិបតីចិន លោកស៊ី ជិនភីង ក៏បានផ្ញើសាររំលែកទុក្ខជាមួយតៃវ៉ាន់ និងក្រុមគ្រួសារអ្នកស្លាប់ផងដែរ។ នេះគឺជាសារវិជ្ជមានមួយ រវាងចិន និងដែនកោះតៃវ៉ាន់ ដែលអាចឈានទៅរកទំនាក់ទំនងល្អឡើងវិញ៕


Tag:
 តៃវ៉ាន់
  ចិន
  រថភ្លើង
© រក្សាសិទ្ធិដោយ thmeythmey.com