លោក សុខ វិជ្ចា ដាំវ៉ាន់នីឡាបានជោគជ័យ និងមានក្រុមហ៊ុនបារាំងចាំប្រមូលទិញ
ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
លោក សុខ វិជ្ចា ដាំវ៉ាន់នីឡាបានជោគជ័យ និងមានក្រុមហ៊ុនបារាំងចាំប្រមូលទិញ
03, Apr 2021 , 10:30 pm        
រូបភាព

ភ្នំពេញ៖ លោក សុខ វិជ្ចា កំពុងជោគជ័យលើការ ដាំដំណាំវ៉ាន់នីឡា នៅទឹកដីស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កសិករវ័យ ៣១ឆ្នាំរូបនេះ ក៏បានពង្រីការដាំដុះទៅដល់ខេត្តមណ្ឌលគិរី និងកំពង់ស្ពឺផងដែរ។ សម្រាប់លោក សុខ វិជ្ចា វ៉ាន់នីឡា មិនពិបាកដាំនោះទេ ហើយក៏សម្បូរទីផ្សារ និងលក់បានតម្លៃថ្លៃផងដែរ។ ផ្លែវ៉ាន់នីឡា ស្ងួតមួយគីឡូក្រាម មានតម្លៃពី ៤០០ដុល្លារ ទៅ៥០០ដុល្លារ ហើយលោកតែងលក់ឲ្យក្រុមហ៊ុនបារាំងមួយ ដែលប្រមូលទិញដើម្បីនាំចេញបន្ត។



លោក សុខ វិជ្ចា កំពុងជោគជ័យលើការ ដាំដំណាំវ៉ាន់នីឡា ដែលជាវត្ថុធាតុដើម ដែលគេយកទៅធ្វើជាគ្រឿងសម្អាង ការ៉េម និងភេសជ្ជៈផ្សេងៗជាដើម។ លោក សុខ វិជ្ចា បានដាំដំណាំនេះលើនៅក្នុងរោងសំណាញ់ លើផ្ទៃដី ៤ពាន់ម៉ែត្រការ៉េ នៅស្រុកកំណើតរបស់ខ្លួន គឺស្រុកបន្ទាយស្រី ខេត្តសៀមរាប តាំងពីឆ្នាំ២០១៦មកម្ល៉េះ។ បច្ចុប្បន្ន លោក វិជ្ចា ផ្គត់ផ្គង់ វ៉ាន់នីឡា ទៅឱ្យក្រុមហ៊ុនបារាំងមួយ ដែលប្រមូលទិញដើម្បីនាំចេញបន្តទៅក្រៅប្រទេស។

លោក សុខ វិជ្ចា បានបញ្ជាក់ប្រាប់សារព័ត៌មាន Thmeythmey25 ថា ក្រោយបញ្ចប់ការសិក្សា ជំនាញវិទ្យាសាស្រ្តព្រៃឈើ នៅក្នុងឆ្នាំ២០១៣ លោកក៏បានធ្វើការងារស្រាវជ្រាវ ទាក់ទងនឹងដំណាំ និងរុក្ខជាតិ។ បន្ទាប់មក លោកបានចាប់ផ្ដើមសិក្សា ពិសោធន៍ពីដំណាំវ៉ាន់នីឡា ដោយបានចំណាយពេល ២ឆ្នាំ លើការងារនេះ។ «មុនសម្រេចចិត្តដាំខ្ញុំប្រើពេល ២ឆ្នាំ ដើម្បីសិក្សា និងពិសោធន៍ ពីលក្ខណ្ឌនៃការរស់នៅរបស់វ៉ាន់នីឡា។ ក្រោយការសាកល្បងទទួលជោគជ័យ ទើបខ្ញុំក៏សម្រេចចិត្តដាំវា»។ នេះជាការលើកឡើងរបស់ លោក សុខ វិជ្ចា។
 
កសិករវ័យ ៣១ឆ្នាំ រូបនេះ បានប្រាប់សារព័ត៌មាន ThmeyThmey25 ទៀតថា វ៉ាន់នីឡាដែលខ្លួនកំពុងដាំដុះ គឺនាំចូលពូជពី ហៃទី ហើយដំណាំនេះ មិនពិបាកដាំនោះទេ ពោលគឺវាត្រូវការទីតាំង ដែលមានអាកាសធាតុត្រជាក់។ តាមលោក វិជ្ចា នៅកម្ពុជា ខេត្តមណ្ឌលគិរី និងរតនគិរី  ជាតំបន់អំណោយផលក្នុងការដាំដំណាំនេះ។ ចំណែកនៅបណ្តាខេត្តផ្សេងៗ ក៏អាចដាំវ៉ាន់នីឡាបានដែរ ដោយច្នៃជាផ្ទះសំណាញ់ ដើម្បីកាត់កន្ថយកម្ដៅ ឬដាំដើមឈើធំៗ ដើម្បីបង្កើនម្លប់។ លោក សុខ វិជ្ចា បន្ថែម៖  «ដំណាំវ៉ាន់នីឡា ត្រូវការសីតុណ្ហភាព ៣៣ អង្សាចុះ ត្រូវការទីតាំងជិតភ្នំ ព្រៃ និងសំណើម។ ហើយសំខាន់ត្រូវការ ការមើលថែឲ្យបានដិតដល់ និងរៀបចំប្រព័ន្ធស្រោចស្រពឲ្យបានល្អ»។
 
ក្រោយដាំវ៉ាន់នីឡា នៅសៀមរាប ជោគជ័យ លោក សុខ វិជ្ចា បានពង្រីកការដាំដុះដំណាំវ៉ាន់នីឡា ដោយមានដៃគូ ដាំដំណាំវ៉ាន់នីឡា នៅខេត្តមណ្ឌលគិរី លើផ្ទៃដីកន្លះហិកតា និងខេត្តកំពង់ស្ពឺ ចំនួនកន្លះហិកតាផងដែរ។
 
កសិកររូបនេះ មិនបារម្ភពីបញ្ហាទីផ្សារនោះ ព្រោះសព្វថ្ងៃមានតម្រូវការខ្ពស់ ខណៈដែលអ្នកដាំវិញ មិនទាន់មានច្រើននោះ។ មិនទាន់មានអ្នកដាំដុះច្រើន ដោយសារតែគេមិនទាន់ដឹងពីអត្ថប្រយោជន៍ និងបច្ចេកទេសដាំដុះ ហើយការដាំ ក៏ត្រូវចំណាយដើមទុនច្រើនដែរ។ នេះជាការសន្និដ្ឋានរបស់កសិករ សុខ វិជ្ចា។

ដំណាំវ៉ាន់នីឡា មានរយៈពេល ១ឆ្នាំទៅ ២ឆ្នាំ អាចប្រមូលផលបាន អាស្រ័យទៅតាមប្រភេទដី។ ជាទូទៅវ៉ាន់នីឡា មួយគីឡូក្រាម តម្លៃ ៤០០ដុល្លារ ទៅ ៥០០ដុល្លារ។ ប៉ុន្តែជាទូទៅ ក្រោយប្រមូលផល គេមិនលក់ភ្លាមៗនោះទេ គឺត្រូវសម្ងួតឲ្យបានស្ងួតល្អ ជាមុនសិន។ ប្រសិនអ្នកមានដី កន្លះហិកតា សម្រាប់ដាំវ៉ាន់នីឡា នឹងអាចទទួលចំណូល ២ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ។ នេះបើតាមលោក សុខ វិជ្ចា ៕
 


 

 

© រក្សាសិទ្ធិដោយ thmeythmey.com