ជាតិ
សង្គមជាតិ
លោក ឡុង ឌីម៉ង់៖ «ពានរង្វាន់ឯកអគ្គរាជទូតឆ្នើម មិនមែនសម្រាប់ខ្ញុំតែម្នាក់ទេ ប៉ុន្តែសម្រាប់កម្ពុជាទាំងមូល»
04, Apr 2021 , 10:05 am        
រូបភាព
 
ភ្នំពេញ៖ កាលពីថ្ងៃទី២៤ មីនា លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលពានរង្វាន់ឯកអគ្គរាជទូតឆ្នើមប្រចាំឆ្នាំ២០២១។ លោក ឡុង ឌីម៉ង់ អះអាងថា ពានរង្វាន់ឯកអគ្គរាជទូតឆ្នើមប្រចាំឆ្នាំ២០២១នេះ មិនមែនសម្រាប់លោកតែម្នាក់ទេ ប៉ុន្តែសម្រាប់កម្ពុជាទាំងមូល។



លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួល «ពានរង្វាន់ឯកអគ្គរាជទូតឆ្នើមប្រចាំឆ្នាំ២០២១» ពីសមាគមទូតមិត្តភាពវប្បធម៌កូរ៉េ។ ពានរង្វាន់របស់សមាគមទូតមិត្តភាពវប្បធម៌កូរ៉េនេះ បានផ្ដល់ជូនដល់ឯកអគ្គរាជទូតបរទេសប្រចាំសាធារណរដ្ឋកូរ៉េ ដែលមានភាពលេចធ្លោ និងខិតខំប្រឹងប្រែងក្នុងការពង្រឹងទំនាក់ទំនងវប្បធម៌ ទេសចរណ៍ និងសេដ្ឋកិច្ច។

សូមអញ្ជើញទស្សនាបទសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មានថ្មីៗ ជាមួយលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េដូចតទៅ៖

សមាគមទូតមិត្តភាពវប្បធម៌កូរ៉េ បានដើរតួនាទីសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងស្ថានទូតបរទេស ដែលមានវត្តមាននៅសាធារណរដ្ឋកូរ៉េខាងត្បូង។ លើសពីនេះ សមាគមទូតមិត្តភាពវប្បធម៌កូរ៉េ ក៏បានបញ្រ្ជាបចំណេះដឹងដល់អង្គទូតនានាឱ្យបានស្គាល់ និងយល់ពីវប្បធម៌ ទំនៀមទម្លាប់ រួមទាំងតំបន់ទេសចរណ៍។

តាមរយៈពានរង្វាន់នេះ បានជំរុញដល់ការផ្សារភ្ជាប់ទំនាក់ទំនងរបស់ប្រទេសទាំងពីរក្នុងវិស័យការងារការទូត។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមរយៈកម្មវិធី Zoom ពីសាធារណរដ្ឋកូរ៉េខាងត្បូង លោក ឡុង ឌីម៉ង់ បញ្ជាក់ថា៖ «សមិទ្ធផលរបស់ស្ថានទូត រហូតឱ្យគេទទួលស្គាល់ និងចាត់ចំណាត់ថ្នាក់ស្ថានទូតកម្ពុជា ជាពានរង្វាន់ឯកអគ្គរាជទូតឆ្នើមប្រចាំឆ្នាំ២០២១នេះ គឺមិនមែនជាសមិទ្ធផលរបស់ខ្ញុំតែឯងៗនោះទេ។ សមិទ្ធផលនេះ កើតចេញពីការចូលរួមយ៉ាងសកម្មរបស់មន្រ្តីស្ថានទូត ដែលបានលះបង់កម្លាំង។ ហើយនេះ ជាសមិទ្ធផលរបស់កម្ពុជាទាំងមូល»។



ការផ្សារភ្ជាប់ទំនាក់ទំនងការទូត មានសារសំខាន់ ហើយពានរង្វាន់មួយនេះ ក៏ជាផ្នែកមួយបន្តគាំទ្រ និងរុញទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា និងកូរ៉េឱ្យមានភាពប្រសើរឡើង។ សម្រាប់លោក ឡុង ឌីម៉ង់ ពានរង្វាន់នេះ ជាផ្លែផ្កាវិជ្ជមានដែលអាចឱ្យប្រជាជនរវាងប្រទេសទាំងពីរមានទំនាក់ទំនងនឹងគ្នា និងអាចផ្លាស់ប្ដូរចំណេះដឹងវប្បធម៌គ្នាទៅវិញទៅមក។

រយៈពេលជិត ៥ឆ្នាំ្ហហើយ ដែលលោក ឡុង ឌីម៉ង់ បានក្លាយជាឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ។ ឯកអគ្គរាជទូតរូបនេះ ពេញចិត្តចំពោះលទ្ធផលដែលបានធ្វើឱ្យ ពិសេសការពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោក ឡុង ឌីម៉ង់ រៀបរាប់ថា៖ «យើងតែងតែពុះពារធ្វើយ៉ាងណាឱ្យកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េឈានឡើងដល់លំដាប់ខ្ពស់ជាងមុនស្ទើរគ្រប់វិស័យ»។

សូមបញ្ជាក់ថា លោក ឡុង ឌីម៉ង ត្រូវបានរដ្ឋាភិបាល សម្រេចតែងតាំងជាឯកអគ្គរាជទូតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ តាំងពីឆ្នាំ២០១៦មក ជំនួសលោក ស៊ុត ឌីណា ដែលមានរឿងអាស្រូវប្រព្រឹត្តអំពើពុករលួយ នៅទីនោះ៕






Tag:
 ឡុង ឌីម៉ង់
  សាធារណរដ្ឋកូរ៉េខាងត្បូង
  ឯកអគ្គរាជទូតកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com