ជាតិ
សង្គមជាតិ
៣ខែដើមឆ្នាំ អ្នកស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ថយចុះជាង២០០នាក់ រូបភាពពី គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
×
ភ្នំពេញ៖ រយៈពេល៣ខែឆ្នាំ២០២១ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថយចុះ១៥៣លើក ខណៈអ្នកស្លាប់ថយចុះ៦០នាក់ និងអ្នករបួសថយចុះ២០២នាក់ បើប្រៀបធៀបនឹងរយៈពេល៣ខែឆ្នំា២០២០។ នេះបើតាមរបាយការណ៍ដែលសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានផ្សាយនៅថ្ងៃទី២ ខែមេសា។
សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញតួលេខថា ចាប់ពីខែមករា ដល់ខែមីនាឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍កើតឡើងទូទាំងប្រទេសសរុប៧៦៣លើក ដោយថយចុះ១៥៣ករណី បើប្រៀបធៀបរយៈពេលដូចគ្នានៃរយៈពេល៣ខែ ឆ្នាំមុន ដែលមាន៩១៦ករណី។
បើតាមរបាយការណ៍ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ រយៈពេល៣ខែនេះ មានចំនួន៤៣៣នាក់ ថយចុះ៦០នាក់ បើប្រៀបធៀបនឹង៣ខែដូចគ្នា ឆ្នាំមុន មានអ្នកស្លាប់៤៩៣នាក់។
បើតាមរបាយការណ៍ពីសម្តេច ស ខេង ដដែល តួលេខអ្នករងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍វិញ គឺមាន១,១១៣នាក់បានថយចុះ២០២នាក់ ស្មើនឹង១៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន មានអ្នករងបួស១,៣១៥នាក់។
លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ទោះបីគ្រោះថ្នាក់ចរាចរណ៍មិនមែនជាជំងឺឆ្លងក៏ដោយ ក៏គ្រោះថ្នាក់ចរាចរណ៍តែងតែងកើតមាន និងផ្តាច់យកជីវិតពលរដ្ឋជាងរៀងរាល់ថ្ងៃ។
ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ សម្តេច ស ខេង ណែនាំដល់សមត្ថកិច្ចគ្រប់ថ្នាក់បន្តបំពេញភារកិច្ចក្នុងការរក្សាសុវត្ថិភាព ចរាចរណ៍ជូនពលរដ្ឋ។
ជាមួយគ្នានេះ សម្តេច ស ខេង អំពាវនាវដល់ពលរដ្ឋបង្កើនការប្រុងប្រយ័ត្នគ្រប់ពេល ប្រកាន់ខ្ជាប់នូវសា្មរតីបើកបរដោយគោរពច្បាប់ចរាចរណ៍៕
© រក្សាសិទ្ធិដោយ thmeythmey.com