កីឡាអន្តរជាតិ
អន្តរជាតិ
Sociedad ក្លាយជាជើងឯក Copa del Rey លើកដំបូងក្រោយរង់ចាំ៣៤ឆ្នាំ
04, Apr 2021 , 12:04 pm        
រូបភាព
Real Sociedad បានក្លាយជាម្ចាស់ជើងឯក Copa del Rey រដូវកាល ២០១៩-២០ ជាលើកដំបូងក្រោយរង់ចាំអស់រយៈពេល៣៤ឆ្នាំ បន្ទាប់ពីយកឈ្នះ Athletic Bilbao ១-០ នៅវគ្គផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃទី៣ ខែមេសា។ Athletic Bilbao នៅមានឱកាសដណ្តើមពាន Copa del Rey សម្រាប់រដូវកាលនេះ ជាមួយ Barcelona នៅវគ្គផ្តាច់ព្រ័ត្រមួយប្រកួតទៀត។



Mikel Oyarzabal ជាអ្នកបញ្ចប់ទីគ្រាប់បាល់ជ័យជម្នះដោយការទាត់បាល់ពិន័យប៉េណាល់ទីនៅនាទី៦៣ ដើម្បីជួយ Real Sociedad ឈ្នះពានរង្វាន់ Copa del Rey សម្រាប់រដូវកាល ២០១៩-២០។ ដើមឡើយក្រុមទាំងពីរត្រូវប្រកួតផ្តាច់ព្រ័ត្រនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ឯណោះទេ តែដោយសារបញ្ហាកូវីដ-១៩ ទើបពន្យារទៅធ្វើនៅឆ្នាំ២០២១នេះវិញ។

នេះជាការទទួលបានពាន Copa del Rey លើកដំបូងរបស់ Sociedad ចាប់តាំងពីពួកគេឈ្នះលើកចុងក្រោយនៅរដូវកាលឆ្នាំ ១៩៨៦-៨៧។ David Silva អតីតខ្សែបម្រើក្រុម Manchester City រួមជាមួយអតីតខ្សែការពារក្រុម Arsenal កីឡាករ Nacho Monreal បានរួមចំណែកយ៉ាងសំខាន់ដើម្បីជួយ Sociedad លើកពានលំដាប់កំពូលមួយរបស់អេស្ប៉ាញនេះ។

ដោយឡែកការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa del Rey សម្រាប់រដូវកាល ២០២០-២១ Athletic Bilbao ដដែលនេះនឹងត្រូវប៉ះ Barcelona មួយប្រកួតទៀតនៅរាត្រីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។ Athletic Bilbao ដែលឡើងវគ្គផ្តាច់ព្រ័ត្រពីររដូវកាលជាប់គ្នានេះ អាចស្គាល់បានជ័យជម្នះដែលឬទេក្រោយអាក់ខាន៣៧ឆ្នាំ ពោលគឺចាប់តាំងពីរដូវកាល ១៩៨៣-៨៤៕



Tag:
 Real Sociedad
  Copa del Rey
© រក្សាសិទ្ធិដោយ thmeythmey.com