ជាតិ
សង្គមជាតិ
កាត់បន្ថយការជួបជុំ និងផ្អាកដំណើរកម្សាន្ត នៅថ្ងៃចូលឆ្នាំខ្មែរ ជាការចូលរួមទប់ស្កាត់កូវីដ-១៩
× ភ្នំពេញ៖ ក្រសួងសុខាភិបាលបានណែនាំឲ្យពលរដ្ឋទាំងអស់ កាត់បន្ថយការជួបជុំ និងផ្អាកធ្វើដំណើរកម្សាន្តនៅកន្លែង ដែលកំពុងរាតត្បាតជំងឺកូវីដ-១៩ នាថ្ងៃឈប់សម្រាកចូលឆ្នាំខ្មែរខាងមុខនេះ ។ ការកាត់បន្ថយការជួបជុំ និងផ្អាកដំណើរកម្សាន្ត នៅថ្ងៃចូលឆ្នាំខ្មែរ ជាការចូលរួមទប់ស្កាត់កូវីដ-១៩។
ដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩ នេះក្រសួងសុខាភិបាលបានណែនាំឲ្យពលរដ្ឋប្រកាន់ខ្ជាប់នូវការរស់នៅដោយអនាម័យ តាមរយៈការពាក់ម៉ាស់ លាងដៃ រក្សាគម្លាត និងមិនទៅជួបជុំនៅកន្លែងដែលមានមនុស្សច្រើន និងកុំចេញពីផ្ទះ។
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋ រក្សានូវអនាម័យម្ហូបអាហារ ត្រូវរក្សាគម្លាត បាញ់ទឹកអាល់កុល និងពាក់ម៉ាស់នៅពេលចូលទៅក្នុងវត្តអារាមនានា។ ទន្ទឹមនឹងនេះតាមវត្តអារាមនានាក៏ត្រូវត្រៀមរៀបចំទឹកអាល់កុល និងឧបករណ៍វាស់កម្តៅ និងកាត់បន្ថយព្រះសង្ឃ ឬដូនជីក្នុងវត្ត។ ដូនជីត្រូវរៀបចំចង្ហាន់សម្រាប់ព្រះសង្ឃឲ្យដាច់ដោយឡែកពីគ្នាដើម្បីជៀសវាងឆាន់រួមគ្នា។
ចំពោះម្ចាស់រថយន្តដែលដឹកពលរដ្ឋទៅស្រុកកំណើត ឬទៅតំបន់រមណីយដ្ឋាន ត្រូវសម្អាតរថយន្តដោយបាញ់ទឹកសម្លាប់មេរោគ ម្ចាស់រថយន្តត្រូវមានទឹកអាល់កុល ហើយអ្នកធ្វើដំណើរក៏ត្រូវពាក់ម៉ាស់ និងឧស្សាហ៍លាងដៃផងដែរ។
ពលរដ្ឋទាំងអស់ត្រូវជៀសវាងការប្រើប្រាស់មធ្យោបាយសាធារណៈដែលផ្ទុកមនុស្សច្រើន ហើយរក្សាគម្លាតពីគ្នាយ៉ាងតិច១ម៉ែត្រកន្លះ។
ចំណែកពលរដ្ឋដែលមានចំណងធ្វើដំណើរកម្សាន្ត ឬអ្នកដែលមានដំណើរមិនចាំបាច់ឆ្លងពីខេត្តមួយទៅខេត្តមួយទៀតនោះ ឬតំបន់ដែលមានការរាតត្បាតជំងឺកូវីដ-១៩ ក៏គួរផ្អាកធ្វើដំណើរសិនទៅ ដើម្បីទប់ស្កាត់កុំឲ្យការរាតត្បាតក្នុងទ្រុងទ្រាយធំ។
ជាមួយគ្នានេះក្រសួងសុខាភិបាលណែនាំពលរដ្ឋកុំខាកស្តោះពាសវាលពាសកាល រាល់ការកណ្តាស់ ក្អកគឺត្រូវខ្ទប់មាត់ ប្រើក្រមា កន្សែងឬក្រដាសអនាម័យដោយបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ៕
© រក្សាសិទ្ធិដោយ thmeythmey.com