COVID-19
ជាតិ
បម្រាមគោចរ៖ អាជ្ញាធររឹបអូសបានម៉ូតូ និងរថយន្តជាង១៥០គ្រឿង​
04, Apr 2021 , 4:43 pm        
រូបភាព
ដោយ:
 
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបានរឹបអូសរថយន្ត​ និងម៉ូតូបានចំនួន១៥៤គ្រឿង នៃការអនុវត្តបម្រាមគោចរ រយៈពេល២ថ្ងៃ។ នេះបើតាមរបាយការណ៍ស្តីពីការឃាត់មធ្យោបាយធ្វើដំណើររបស់អ្នកបំពានបំរាមគោចរ ដែលចេញផ្សាយនៅថ្ងៃទី៤ ខែមេសា។



ក្នុងរបាយការណ៍បានបញ្ជាក់ថា​ នៅយប់ថ្ងៃទី២ ដែលជាថ្ងៃដំបូងនៃបម្រាមគោចរ​ អាជ្ញាធរបានឃាត់ម៉ូតូចំនួន៦៩ និងរថយន្តសរុបចំនួន៨គ្រឿង ហើយយប់ថ្ងៃទី៣ អាជ្ញាធរឃាត់បានម៉ូតូចំនួន៦០គ្រឿង PassAppចំនួន៧ និងរថយន្តចំនួន១០។  

បើតាមរបាយការណ៍ដដែល អាជ្ញាធរឃាត់ម៉ូតូ និងរថយន្តនៅទីតាំងក្នុងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដោយខណ្ឌសែនសុខ ខណ្ឌទួលគោក ខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ ខណ្ឌចំការមន ខណ្ឌដូនពេញ ខណ្ឌបឹងកេងកង ខណ្ឌកំបូល និងខណ្ឌព្រែកព្នៅ​ ជាគោលដៅ ដែលអាជ្ញាធរឃាត់បានយានយន្តធ្វើដំណើរពេលយប់ ។ ចំណែកខណ្ឌ៧មករា ខណ្ឌដង្កោ ខណ្ឌច្បារអំពៅ ខណ្ឌឬស្សីកែវ និងខណ្ឌជ្រោយចង្វារ​​ មិនមានម៉ូតូ​ និងរថយន្តដែលអាជ្ញាធរឃាត់ឡើយ។

លោក​ សាន សុខសីហា អ្នកនំាពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទថា អាជ្ញាធរបានរឹបអូសដោយរក្សាទុកនូវយានយន្តទាំងនោះ នៅតាមអធិការដ្ឋាននគរបាល​ និងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រយៈពេល១៤ថ្ងៃ។

បើតាមលោក សាន សុខសីហា​ ចំពោះម្ចាស់ម៉ូតូ និងរថយន្តទាំងនោះ គឺតម្រូវឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ពួកគេ និងអាចទទួលយកយានយន្តរបស់ខ្លួនវិញ នៅពេលដែលបញ្ចប់ថ្ងៃធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

«នៅពេលដែលយើងឃាត់(ម៉ូតូ ឬរថយន្ត) ដែលល្មើសបម្រាមគោចរ​​​គឺយើងយកមករក្សាទុកនៅតាមអធិការ និងការិយាល័យចរាចរណ៍ផ្លូវគោកដោយរក្សាទុក១៤ថ្ងៃ ហើយឲ្យម្ចាស់ធ្វើចត្តាឡីស័ក១៤ថ្ងៃ​​ ដល់ចប់បានយើងប្រគល់ឲ្យគាត់វិញ»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអនុវត្តវិធានការរដ្ឋបាលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងរាជធានីភ្នំពេញ ដែលមានថិរវេលាអនុវត្តរយៈពេលពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែមេសា។ វិធានការរដ្ឋបាលនេះ នឹងមិនអនុញ្ញាតឲ្យពលរដ្ឋធ្វើដំណើរ និងធ្វើសកម្មភាពអាជីវកម្មនានាក្នុងចន្លោះម៉ោង៨យប់ រហូតដល់ម៉ោង៥ភ្លឺឡើយ៕






Tag:
 បម្រាមគោចរ
© រក្សាសិទ្ធិដោយ thmeythmey.com