សត្វស្វាកន្ទុយសប្រហែល ២ម៉ឺន៤ពាន់ក្បាល កំពុងរស់នៅដែនជម្រកសត្វព្រៃខេត្តមណ្ឌលគិរី
ជាតិ
សង្គមជាតិ
សត្វស្វាកន្ទុយសប្រហែល ២ម៉ឺន៤ពាន់ក្បាល កំពុងរស់នៅដែនជម្រកសត្វព្រៃខេត្តមណ្ឌលគិរី
04, Apr 2021 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
 
ដោយ៖ ស៊ុល រ៉វី

ភ្នំពេញ៖ បច្ចុប្បន្ននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី មានវត្តមានប្រភេទស្វាកន្ទុយស ប្រហែលចំនួន ២ម៉ឺន៤ពាន់ក្បាល ខណៈស្វាប្រភេទនេះជាប្រភេទជិតផុតពូជបំផុតលើពិភពលោក ក្នុងបញ្ជីក្រហមអង្គការ IUCN។



តាមការចេញផ្សាយរបស់អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS Cambodia) នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី មានវត្តមានសត្វស្វាកន្ទុយសប្រហែលចំនួន២៤,០០០ក្បាល។ ទោះមានចំនួនគួរសមក្នុងប្រទេសកម្ពុជា ប៉ុន្តែសត្វស្វាប្រភេទនេះ ជាប្រភេទជិតផុតពូជបំផុតក្នុងពិភពលោក ដែលស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។

ការប្រឈមនឹងការផុតពូជ នៃស្វាកន្ទុយសនេះ អង្គការ WCS បានពន្យល់ថា បណ្ដាលមកពីការគំរាមកំហែងរបស់សកម្មភាពមនុស្ស ធ្វើឲ្យបាត់បង់ទីជម្រក ការប្រមាញ់យកទៅធ្វើជាឱសថបុរាណ និងការជួញដូរធ្វើជាសត្វចិញ្ចឹមជាដើម។ តាមការចេញផ្សាយដដែលនេះ ប្រភេទសត្វស្វាកន្ទុយស មានវត្តមានតែនៅតំបន់ភាគខាងត្បូងនៃប្រទេសកម្ពុជា និងមានមួយចំនួនតូចនៅភាគខាងត្បូងនៃប្រទេសវៀតណាមប៉ុណ្ណោះ។

ទោះបីក្នុងប្រទេសកម្ពុជាមានវត្តមានសត្វស្វាកន្ទុយសនេះ ប្រហែល ២៤,០០០ក្បាលក៏ដោយ ជាក់ស្ដែងសត្វស្វាប្រភេទនេះត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វព្រៃកម្រ។ នេះបើយោងតាមប្រកាសលេខ ០២០ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

កាលពីឆ្នាំ២០១៤ អង្គការ WCS បានផ្ដួចផ្ដើមគំនិតបង្កើតគម្រោងទេសចរណ៍ធម្មជាតិសហគមន៍មួយឈ្មោះ «ជំរំទោចថ្ពាល់លឿង» (Jahoo Gibbon Camp) ក្នុងដែនជម្រកសត្វព្រៃកែវសីមា ដោយសហការជាមួយក្រសួងបរិស្ថាន។ ការបង្កើតឡើងនេះ ក្នុងគោលបំណងការពារប្រភេទសត្វកម្រ និងផ្ដល់ឱកាសដល់ភ្ញៀវទេសចរបានទស្សនាសត្វស្វាកន្ទុយស សត្វទោចថ្ពោលលឿង និងសត្វស្លាបកម្រផ្សេងៗផងដែរ។

សូមជម្រាបផងដែរថា ស្វាកន្ទុយស មានវត្តមាននៅភាគខាងកើតទន្លេមេគង្គ នៃតំបន់ខ្ពង់រាបខាងកើត និងឦសាន្តប្រទេសកម្ពុជា។
តាមការស្រាវជ្រាវបានបង្ហាញពីវត្តមានអំបូរប្រភេទនេះមាន២ អនុប្រភេទទៀតនៃប្រភេទស្វាកន្ទុយស ជើងប្រផេះ (Grey-shanked Douc Langur) និងស្វាកន្ទុយសជើងក្រហម (Red-shanked Douc Langur) នៅឥណ្ឌូចិន៕



Tag:
 IUCN
  មណ្ឌលគិរី
  ដែនជម្រកសត្វព្រៃកែវសីមា
  WCS Cambodia
© រក្សាសិទ្ធិដោយ thmeythmey.com