ជាតិ
សង្គមជាតិ
«ប្រាសាទអាស្រមហាឥសី» ជាសំណង់ស្ថាបត្យកម្មខែ្មរលំនាំប្រាសាទឥណ្ឌា ក្នុងខេត្តតាកែវ
04, Apr 2021 , 8:59 pm        
រូបភាព
រូបភាពពី លោក ហុង រដ្ឋា
រូបភាពពី លោក ហុង រដ្ឋា
ដោយ: ថ្មីៗ
 
ដោយ៖ ស៊ុល រ៉វី
ភ្នំពេញ៖ «ប្រាសាទអាស្រមមហាឥសី» ជាប្រាសាទកសាងនៅរវាងសម័យនគរភ្នំ និងចេនឡា ស្ថិតនៅក្នុងស្រុកអង្គរបូរី ខេត្តតាកែវ។ ប្រាសាទធ្វើពីថ្មបាសាល់នេះ ជាស្ថាបត្យកម្មខ្មែរ មានលក្ខណៈប្លែកពីប្រាសាទផ្សេងៗ តាមលំនាំនៃប្រាសាទឥណ្ឌា និងជាប្រាសាទវ័យចំណាស់ជាងគេ ក្នុងប្រទេសកម្ពុជា។



«ប្រាសាទអាស្រមមហាឥសី» ជាប្រាសាទដ៏ចំណាស់ជាងគេក្នុងប្រទេសកម្ពុជា កសាងឡើងរវាងដើមសតវត្សរ៍ទី៥ ចុងសតវត្សរ៍ទី៦។ ប្រាសាទនេះ ត្រូវបានស្ថាបត្យកម្មខ្មែរបុរាណ យកលំនំាសំណង់ស្ថាបត្យកម្មប្រាសាទឥណ្ឌា ដោយកសាងបែរមុខទៅទិសខាងជើង ដែលជាទិសរបស់ព្រះគុបេរ៍ ជាអាទិទេពនៃទ្រព្យសម្បត្តិ។

ស្ថិតនៅក្នុងភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបូរី ប្រាសាទនេះ មានរាងបួនជ្រុងស្មើ មានទ្វារចូលធំមួយ រួមទាំងបង្អួចតូចៗ តែពុំឃើញមានទ្វារបញ្ឆោតនោះឡើយ។ ប្រាសាទនេះមានកម្ពស់៧ម៉ែត្រ ទំហំ៥,៥ម៉ែត្រ គ្រប់ជ្រុងទាំងបួន។ នៅកំពូលប្រាសាទរចនាលម្អ ដោយក្បាច់ផ្កាឈូកក្រពុំ។ រីឯនៅទ្វារចូលប្រាសាទ មានស៊ុមទ្វារ ដែលមិនត្រូវបានធ្វើជាក្បាច់រចនាអ្វីនោះទេ និងមានទំហំតូចសមល្មម ទៅនឹងទំហំនៃប្រាសាទ។ ចំពោះសសរពេជ្របញ្ឈរនៅអមសងខាងទ្វារចូល ជាទម្រទ្រផ្ទាំងផ្ដែរលម្អ ដោយក្បាច់ផ្ការំយោល និងនៅផ្នែកកណ្ដាលនៃផ្ដែរនេះ ក៏មានឆ្លាក់ក្បាច់ចិញ្ចៀនផងដែរ។

ចំណែកសសរផ្អោប នៃប្រាសាទនេះវិញ គេសង់អមសសរពេជ្រ ទាំងសងខាងដើម្បីទ្រហោជាង។ ការសាងសង់សសរផ្អោបអមសសរពេជ្រនេះ ជាលើកដំបូងបង្អស់ ក្នុងប្រវត្តិស្ថាបត្យកម្មខែ្មរ ការណ៍នេះសសរផ្អោប មិនត្រឹមតែលម្អប្រាសាទប៉ុណ្ណោះទេ ហើយវាផ្ដល់នូវសុវត្ថិភាពសំណង់ផងដែរ។ ក្រៅពីវត្តមាន ប្លែកនៃសសរផ្អោបនេះ ផ្ដែរនៃក្លោងទ្វារចូលប្រាសាទនេះ ក៏មានលក្ខណៈប្លែកផងដែរ ពោលគឺផ្ដែរនៃប្រាសាទនេះ មានរាងជាអង្កត់ពីកំណាត់ ដែលមានក្បាច់ផ្ការំយោលតាមលំនាំឥណ្ឌា។

ដោយឡែក ហោជាងរបស់ប្រាសាទនេះវិញ មានរាងដូចទៅនឹងក្រចកសេះ រីកនៅខាងចុង។ ក្បាច់រចនាតែងលម្អហោជាងនេះ ត្រូវបានរលុះបែកបាក់អស់ គ្រាន់បន្សល់នូវចម្លាក់ជារាងប្រាសាទអណ្ដែតប៉ុណ្ណោះ។ ឯបង្អួចប្រាសាទវិញមានចំនួន៨ មាននៅទិសខាងកើត ខាងលិច និងពីរទៀតនៅផ្នែកខាងមុខទ្វារចូល។ បង្អួចទាំងនោះ មានលក្ខណៈជាប្រាសាទអណ្ដែត។ នៅតាមបង្អួចសិប្បនិម្មិតនីមួយៗ ឃើញមានស៊ុមលេចចេញមកក្រៅ ព្រមទាំងមានសសរពេជ្រជាក្បាច់ផ្ការំយោល ដូចក្បាច់សសរក្លោងទ្វារ តែលក្ខណៈតូចៗ ចំនួនពីរទ្រផ្ដែរ និងហោជាងគ្មានចម្លាក់។

នៅផ្នែកខាងក្នុងនៃប្រាសាទ មានវត្តមានមណ្ឌបមួយរាងបួនជ្រុងស្មើ ជុំវិញមានផ្លូវដើរភាវនាធម៌។ នៅអមសងខាងនៃទ្វារមណ្ឌល មានសសរពេជ្រពីរ ប្រហាក់ប្រហែកនឹងសសរពេជ្រពីរ នៃទ្វារខាងក្រោមនៃប្រាសាទ។ នៅចំកណ្ដាលនៃមណ្ឌលមានអាសនៈមួយ ជាទីគោរព តម្កល់ចម្លាក់មួយតំណាង ព្រះហរិះហរៈ។ តែសព្វថ្ងៃ ត្រូវបានយកទៅតម្កល់នៅសារមន្ទីរហ្គីមេ ទីក្រុងប៉ារីស។

ម្យ៉ាងទៀត «ប្រាសាទអាស្រមមហាឥសី» ត្រូវបានជួសជុលម្ដងរួចមកហើយ នៅរវាងឆ្នាំ១៩៣០ និងឆ្នាំ១៩៣៥ ដោយអ្នកឯកទេសបារាំង ឈ្មោះម៉ូហ្សេ។ តែការជួសជុលនេះ នៅមានទាន់រួចរាល់ជាស្ថាពរនោះឡើយ។ តាមរយៈការសិក្សាស្រាវជ្រាវថ្មី ប្រាសាទនេះស្ថិតក្នុងរវាងសម័យនគរភ្នំ និងចេនឡា ពោលគឺក្នុងស្ថិតក្នុងអំឡុងចុងសតវត្សរ៍ទី៥ ដើមសតវត្សរ៍ទី៦ និងទទួលរងឥទ្ធិពល ពីសាលាវិចិត្រសិល្បៈអជន្តា។

ជារួម «ប្រាសាទអាស្រមមហាឥសី» ជាសំណង់ស្ថាបត្យកម្មខ្មែរ ដែលមានវ័យចំណាស់ជាងគេបំផុត ក្នុងទឹកដីកម្ពុជា។ ទោះបីប្រាសាទនេះ ទទួលឥទ្ធិពលពីឥណ្ឌា ប៉ុន្តែមិនមែនមានន័យថាប្រាសាទនេះ ចម្លងរូបមន្តពីឥណ្ឌានោះឡើយ ដ្បិតនៅប្រទេសឥណ្ឌា ពុំមានប្រា    សាទណាមួយ មានគ្រឿងសម្គាល់ដូចគ្នាទាំងស្រុង ទៅនឹងប្រាសាទនេះឡើយ។

សូមជម្រាបថា «ប្រាសាទអាស្រមមហាឥសី» ស្ថិតនៅប៉ែកនិរតីប្រមាណជា ២៥០ម៉ែត្រ ពីប្រាសាទភ្នំដា មានទីតាំងស្ថិតនៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ និងមានចម្ងាយប្រមាណជា ២៤គីឡូម៉ែត្រពីទីរួមខេត្តតាកែវ, ១០២គីឡូម៉ែត្រពីរាជធានីភ្នំពេញ។

យោងតាមបញ្ជីស្ថានីយបុរាណប្រទេសកម្ពុជា របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញផ្សាយក្នុងឆ្នាំ២០១០កន្លងទៅ ខេត្តតាកែវមានប្រាសាទនៅមានរូបរាងចំនួន ១៦, ប្រាសាទបាក់បែកនៅសំណល់គ្រឹះចំនួន ៦, ទួលបុរាណចំនួន ២៥, វត្តបុរាណចំនួន៣១៣ និងស្រះដែលជាទីតាំងយកថ្មចំនួន៣ ផងដែរ៕

(ដកស្រង់ពី បញ្ជីឈ្មោះបែងចែកប្រាសាទបុរាណ ស្ពានបុរាណ មន្ទីរពេទ្យបុរាណ នៅតាមរាជធានី-ខេត្ត របស់អគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)




Tag:
 ប្រាសាទបុរាណ
  ប្រាសាទអាស្រមមហាឥសី
  តាកែវ
© រក្សាសិទ្ធិដោយ thmeythmey.com