ជាតិ
សង្គមជាតិ
ឱកាសក្របខណ្ឌការងារជិត១០០កន្លែងនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
05, Apr 2021 , 8:10 am        
រូបភាព
 
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជូនដំណឹងសិស្ស និស្សិត និងមន្រ្ដីរាជការស៊ីវិលទាំងអស់ ពីការរៀបចំការប្រឡងជ្រើសរើសបេក្ខជន ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសរុបចំនួន៩៨កន្លែង សម្រាប់ឆ្នាំ២០២១។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។


សម្រាប់ការងារទាំង៩៨កន្លែងនោះ ត្រូវបានផ្ដល់ឱ្យថ្នាក់រដ្ឋបាលកណ្ដាល៤៧កន្លែ ចែកចេញតាមមុខជំនាញ-ឯកទេស ថ្នាក់មន្ត្រីវប្បធម៌ និងវិចិត្រសិល្បៈរាជធានី-ខេត្ត ៥១កន្លែង ចែកចេញតាមមុខជំនាញ-ឯកទេស។

លក្ខខណ្ឌនៃការប្រឡងជ្រើសរើសជ្រើសរើស បេក្ខជនត្រូវមានសញ្ជាតិខ្មែរ និងត្រូវមានអាយុចាប់ពី១៨ឆ្នាំ។ បេក្ខជនដែលមានកម្រិតបណ្ដុះបណ្ដាលចាប់ពីថ្នាក់បណ្ឌិតឡើងទៅ ត្រូវបានលើកលែងលក្ខខណ្ឌអាយុ។ បេក្ខជនដែលមានកម្រិតបណ្ដុះបណ្ដាល ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬសមមូល ត្រូវមានអាយុច្រើនបំផុត ៤០ឆ្នាំ។

បេក្ខជនដែលមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ឬសមមូល ត្រូវមានអាយុច្រើនបំផុត៣៥ឆ្នាំ។ បេក្ខជនដែលមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង ស្នាកកបត្រសិល្បៈ ឬសមមូល ត្រូវមានអាយុច្រើនបំផុត២៨ឆ្នាំ។ បេក្ខជនដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសមមូល ត្រូវមានអាយុច្រើនបំផុត២៥ឆ្នាំ។

ចំពោះបេក្ខជនជាមន្ត្រីរាជការស៊ីវិល លក្ខខណ្ឌអាយុត្រូវបានលើកលែង។ ត្រូវមានសញ្ញាបត្រសមស្របតាមមុខជំនាញ-ឯកទេស ដូចមានកំណត់ក្នុងសេចក្ដីជូនដំណឹង។ បេក្ខជនជាមន្ត្រីរាជការត្រូវមានលិខិតអនុញ្ញាត ឱ្យចូលរួមប្រឡងប្រជែងពីប្រធានក្រសួង ស្ថាប័នសាមី។ ក្រោយពេលប្រឡងជាប់ជាស្ថាពរ នៅតាមក្រសួង ស្ថាប័ន ឬអង្គភាពណាមួយ ហើយត្រូវបានរៀបចំផ្ទេរក្របខណ្ឌទៅកន្លែងថ្មី បេក្ខជនជាមន្ត្រីរាជការ ត្រូវបានរក្សាអតីតភាពការងារ ប៉ុន្តែមិនរក្សាមុខតំណែងតួនាទីឡើង។

មិនប្រាសចាកសិទ្ធិខាងផ្លូវរដ្ឋប្បវេណី សិទ្ធិពលរដ្ឋ និងសិទ្ធិខាងនយោបាយ។ ចំពោះបេក្ខជនជានារី ជនពិការ អ្នករស់នៅតំបន់ដាច់ស្រយាល និងជនជាតិដើមភាគតិច ត្រូវបានផ្ដល់អាទិភាព និងលើកទឹកចិត្ត។ ចំពោះមន្ត្រីជាប់កិច្ចសន្យារបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានបម្រើការងារចាប់ពី ២ឆ្នាំឡើងទៅ ត្រូវបានផ្ដល់ជូន១០ពិន្ទុ(ត្រូវភ្ជាប់ឯកសារប្រកាសក្រសួង ឬសេចក្ដីសម្រេចរបស់មន្ទីរ ចំនួន២ឆ្នាំយ៉ាងតិច។

ករណីរកឃើញថាមានការក្លែងបន្លំសញ្ញាបត្រ ឬលិខិតស្នាមផ្សេងៗ បេក្ខជននឹងត្រូវលុបឈ្មោះចេញជាស្វ័យប្រវត្តិ ទោះបីជាបេក្ខជននោះ ប្រឡងជាប់ក្នុងក្របខណ្ឌក្រសួង ស្ថាប័នណាមួយក៏ដោយ។ ចំពោះសញ្ញាបត្រដែលបានបញ្ចប់ការសិក្សាពីបរទេស ឬសញ្ញាបត្រជាភាសាបរទេស ត្រូវយកទៅបញ្ជាក់ជាភាសាជាតិ ដោយមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា។ បេក្ខជនទាំងអស់នឹងត្រូវឆ្លងកាត់ការជម្រុះបឋម មុននឹងមានសិទ្ធិចូលរួមប្រឡងវិញ្ញាសាសរសេរ និងអនុវត្តផ្ទាល់។

សំណុំលិខិតចុះឈ្មោះសុំសិទ្ធិប្រឡងតាមប្រព័ន្ធ មានសេចក្ដីចម្លងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងសញ្ញាបត្រជំនាញ “បញ្ជាក់ជាផ្លូវការ” ១ច្បាប់។ ព្រឹត្តិបត្រពិន្ទុបញ្ចប់ឆ្នាំសិក្សា “បញ្ជាក់ជាផ្លូវការ” ១ច្បាប់។ សេចក្ដីចម្លងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត “បញ្ជាក់ជាផ្លូវការ” ១ច្បាប់។ កិច្ចសន្យាបម្រើការងារក្រសួង ១ច្បាប់។ លិខិតអនុញ្ញាតរបស់ប្រធានក្រសួង ស្ថាប័ន (សម្រាប់បេក្ខជនជាមន្ត្រីរាជការ) ១ច្បាប់។ បង្កាន់ដៃបង់សិទ្ធិប្រឡង១ច្បាប់។ រូបថតថ្មី(៤x៦) “ក្រោយប្រឡងជាប់” ២ច្បាប់។ លិខិតបញ្ជាក់សុខភាព “ក្រោយប្រឡងជាប់” ពីក្រសួងការងារ១ច្បាប់។ លិខិតថ្កោលទោស “ក្រោយប្រឡងជាប់” ១ច្បាប់។

បេក្ខជនដែលមានបំណងចូលរួមការប្រឡងប្រជែង ចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវបំពេញព័ត៌មានសុំសិទ្ធិប្រឡង តាមប្រព័ន្ធចុះឈ្មោះប្រឡងរបស់ក្រសួងវប្បធម៌ ដែលមានអាស័យដ្ឋាន https://e-app.mcfa.gov.kh/reg ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៧:០០នាទី។

ចំពោះបេក្ខជនជាសិស្ស ឬនិស្សិតត្រូវចុះឈ្មោះ នៅតំណចូលទៅកាន់ការចុះឈ្មោះសម្រាប់និស្សិត។ ចំពោះបេក្ខជនជាមន្ត្រីរាជការ ឬមន្ត្រីជាប់កិច្ចសន្យាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវចុះឈ្មោះនៅតំណចូលទីកាន់ការចុះឈ្មោះសម្រាប់មន្ត្រីរាជការ។
កាលបរិច្ឆេទប្រឡង និងមណ្ឌលប្រឡង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងជូនដំណឹងនៅពេលក្រោយ  ( www.facebook.com/KhmerCultureMinisty )៕





Tag:
 ក្រសួងវប្បធម៌
  សិល្បៈ
  ការងារ
  បេក្ខជន
© រក្សាសិទ្ធិដោយ thmeythmey.com