ជាតិ
សង្គមជាតិ
ស្វែងយល់ពីប្រភេទបំណុលល្អ និងបំណុលអាក្រក់ដែលអាចធ្វើឱ្យអ្នកខ្ចីលង់ខ្លួនវ័ណ្ឌក
05, Apr 2021 , 8:39 am        
រូបភាព
 
ភ្នំពេញ៖ យោងតាមសៀវភៅ«គន្លឹះក្នុងការគ្រប់គ្រងលុយកាក់» របស់អង្គការ ស៊ីប៉ា បំណុលចែកចេញជា២ប្រភេទគឺបំណុលល្អ និងបំណុលអាក្រក់។ បំណុលល្អ នាំអ្នកខ្ចីទៅរកភាពរុងរឿង ហើយបើអ្នកខ្ចីបំណុលអាក្រក់ នោះអាចធ្វើឱអ្នកធ្លាក់លង់ខ្លួនវ័ណ្ឌក។



បច្ចុប្បន្ន ពលរដ្ឋមួយចំនួននៅតែមិនទាន់បែងចែកច្បាស់នៅឡើយ ពីការចាយវាយប្រចាំថ្ងៃ ពិសេសការចាយវាយទៅលើអ្វីដែលជាតម្រូវការចាំបាច់ និងអ្វីដែលត្រូវការពិតប្រាកដ។ ដូច្នេះ បញ្ហាប្រាក់កម្ចី បំណុល នៅតែជាបញ្ហាសម្រាប់ពួកគេ ក្នុងការរស់នៅប្រចាំថ្ងៃ។ ហេតុនេះ ពលរដ្ឋគួរយល់ដឹងអំពីប្រភេទបំណុល ដែលពួកគេខ្ចីយកមកប្រើប្រាស់ឲ្យបានត្រឹមត្រូវ។

ការកម្ចីប្រាក់ ដើម្បីយកមកប្រើប្រាស់សម្រាប់ពង្រីកមុខរបរ បង្កើនប្រាក់ចំណេញ ទិញវត្ថុដែលប្រាកដថានឹងអាចកើនតម្លៃនៅពេលខាងមុខដូចជា ដី ផ្ទះ  ឬខ្ចីគេយកទៅរៀនយកជំនាញចាំបាច់ ដើម្បីទទួលបានការងារល្អមានប្រាក់ចំណូលខ្ពស់ជាដើម ជារឿងមួយដែលត្រឹមត្រូវ។

ផ្ទុយទៅវិញ ការប្រើប្រាស់ប្រាក់កម្ចី ដើម្បីបង្ហាញពីជីវិតហ៊‌ឹកហ៊ាក់ ចាយវាយលើសម្ភារនិយមដូចជា ទូរសព្ទទំនើប សំលៀកបំពាក់ម៉ាកថ្លៃៗ  ម៉ូតូ ឬរថយន្តទាន់សម័យ និងការដើរលេងស៊ីផឹកតាមចំណង់ជាដើម វាជារឿងដែលគួរគិតពិចារណាឡើងវិញ មុនប្រើប្រាស់ប្រាក់កម្ចីនោះ ។
ដូច្នេះ បើសិនជាគ្មានប្រភពចំណូលទៀងទាត់ទេ គួរតែសន្សំសំចៃ ដោយការក្បិតក្បៀតការចាយវាយ ជាជាងគិតរកខ្ចីបំណុលគេ៕


Tag:
 ស៊ីប៉ា
 ខ្ញុំចង់ដឹង
  បំណិនជីវិត
  លុយកាក់
 បំណុល
© រក្សាសិទ្ធិដោយ thmeythmey.com