អន្តរជាតិ
រដ្ឋមានជាងគេនៅឥណ្ឌា Maharashtra ចេញវិធានការរឹតត្បិត ក្រោយករណីឆ្លងកូវីដ-១៩ ហក់ឡើងខ្លាំង
05, Apr 2021 , 11:59 am        
រូបភាព
ប្រជាជនឥណ្ឌាឈរតម្រង់ជួរចាំធ្វើតេស្តកូវីដ-១៩។ រូបភាព៖ PTI
ប្រជាជនឥណ្ឌាឈរតម្រង់ជួរចាំធ្វើតេស្តកូវីដ-១៩។ រូបភាព៖ PTI
រដ្ឋ Maharashtra ដែលជារដ្ឋមានជាងគេបំផុតរបស់ឥណ្ឌា នៅថ្ងៃទី៥ ខែមេសា បានចាប់ផ្តើមដាក់ចេញវិធានការរឹតបន្តឹង ដើម្បីទប់ស្កាត់ការរីកសាយនៃកូវីដ-១៩ ដែលកំពុងតែហក់ឡើងខ្លាំងនៅក្នុងរដ្ឋមួយនេះ។ រដ្ឋ Maharashtra មានករណីឆ្លងច្រើនជាងពាក់កណ្តាលនៃករណីឆ្លងដែលប្រកាសប្រចាំថ្ងៃ។

 
មួយរយៈពេលចុងក្រោយ ឥណ្ឌា មានករណីឆ្លងកូវីដ-១៩ ច្រើនៗស្ទើររាល់ថ្ងៃ។ នៅក្នុងរបាយការណ៍អ្នកឆ្លងកូវីដ-១៩ ប្រចាំថ្ងៃទី៤ ខែមេសា របស់ក្រសួងសុខាភិបាលសហព័ន្ធ ឥណ្ឌាមានករណីឆ្លងសរុបចំនួន ៩៣២៤៩ ករណី។ ក្នុងចំណោមករណីឆ្លងនេះ រដ្ឋMaharashtra  មានករណីឆ្លងថី្មចំនួន ៤៩៤៤៧ករណីឯណោះ។ 
 
ទាក់ទិននឹងករណីឆ្លងនេះ លោក Nawab Malik រដ្ឋមន្រ្តីនៃរដ្ឋ Maharashtra បានអះអាងថា អាជ្ញាធរនឹងបិទកន្លែងលក់ទំនិញ, រោងភាពយន្ត, បារ, ភោជនីយដ្ឋាននៅក្នុងរដ្ឋមានជាងគេនៅឥណ្ឌា ចាប់ពីល្ងាចថ្ងៃទី៥ ខែមេសាទៅ។ ទន្ទឹមនេះ រដ្ឋាភិបាល ក៏បានដាក់ចេញបម្រាមគោចរចាប់ពីម៉ោង ៨យប់ ដល់ម៉ោង៧ព្រឹកផងដែរ។ 
 
ម្ចាស់រោងចក្រដែលបានចូលរួមក្នុងកិច្ចប្រជុំជាមួយប្រធានរដ្ឋមន្រ្តី បានអះអាងថា ការឹតបន្តឹងនៅក្នុងរដ្ឋបែបនេះ ធ្វើឡើងដោយសារស្ថានភាពកាន់តែធ្ងន់ធ្ងរ អ្នកជំងឺកាន់តែច្រើន ខ្វះគ្រែសម្រាប់ដាក់អ្នកជំងឺ ខ្វះវេជ្ជបណ្ឌិត និងអុកស៊ីសែន។ 
 
យ៉ាងណាមិញសកម្មភាពមួយចំនួន នៅតែត្រូវបានអនុញ្ញាតឱ្យបន្តសកម្មភាពដដែល។ ក្នុងនោះសកម្មភាពសំណង់ និងដំណើរការផលិតកម្ម នៅតែបន្តដដែល ស្របពេលព្រឹត្តិការណ៍កីឡាវាយកូនបាល់ក្នុងអំឡុងពេល ថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែមេសា នៅបន្តដដែល ប៉ុន្តែត្រូវហាមឃាត់ មិនឱ្យមានអ្នកចូលរួមទស្សនា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
ចាប់តាំងពីបើកយុទ្ធនាការចាក់វ៉ាក់សាំងនៅខែមករាមក វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួនជាង ៧៩លានដូស ត្រូវបានចាក់ឱ្យប្រជាជននៅទូទាំងប្រទេស ។ ករណីឆ្លងកូវីដ-១៩ សរុប បានហក់ឡើងដល់ជាង ១២,៥លានករណី និងអ្នកស្លាប់មានចំនួន ជាង ១៦ម៉ឺននាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ១១លាននាក់៕
 

Tag:
 ឥណ្ឌា
  កូវីដ-១៩
  វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com