សៀវភៅ«ភាសាបក្សី»និយាយពីកម្ពុជារបស់លោក គ្រីស្តូហ្វ ម៉ាកេ ចេញផ្សាយក្នុងពេលឆាប់ៗនេះ
ជាតិ
សៀវភៅ«ភាសាបក្សី»និយាយពីកម្ពុជារបស់លោក គ្រីស្តូហ្វ ម៉ាកេ ចេញផ្សាយក្នុងពេលឆាប់ៗនេះ
05, Apr 2021 , 12:29 pm        
រូបភាព
ភ្នំពេញ៖ លោក គ្រីស្តូហ្វ ម៉ាកេ ដែលធ្លាប់ជាសាស្រ្តាចារ្យអក្សរសាស្រ្តភាសាបារាំង និងទស្សនវិជ្ជានៃដេប៉ាតឺម៉ង់ភាសាបារាំងនៃសកលវិទ្យាល័យភ្នំពេញក្នុងទសវត្សរិ៍៩០ និងបច្ចុប្បន្នជាអ្នកនិពន្ធ និងជាអ្នកថតរូប ត្រៀមនឹងចេញសៀវភៅមួយក្បាលទៀតនៅចុងខែមេសាឆ្នាំ២០២១នេះ ក្រោមចំណងជើងថា«ភាសាបក្សី»។  ចំណងជើងសៀវភៅឈ្មោះ«ភាសាបក្សី» តែ តាមពិត សៀវភៅនេះ គឺជាសៀវភៅរូបភាពដោយនិយាយរៀបរាប់ពីជីវិតពិតនៃសកម្មភាពរបស់ប្រជាពលរដ្ឋខ្មែរនៅតាមជនបទទៅវិញ។


«សៀវភៅ[ភាសាបក្សី] គឺជាសៀវភៅរូបភាពដែលគ្មានអត្ថបទ។ រូបភាពពន្យល់អត្ថន័យ ឬអាចមានន័យថា អ្នកនិពន្ធក៏ពិបាកយល់ពីរឿងរ៉ាវនៃជីវិតនៅក្នុងសង្គមមួយដែរ»។ នេះ គឺជាការពន្យល់ជារួមរបស់ លោក គ្រីស្តូហ្វ ម៉ាកេ អ្នកនិពន្ធសៀវភៅ«ភាសាបក្សី» និងសៀវភៅដទៃច្រើនផ្សេងទៀត។ 
 
ជាអ្នកនិពន្ធផង និងសាស្រ្តាចារ្យផង លោក គ្រីស្តូហ្វ ម៉ាកេ បានចំណាយពេលប្រមាណជា១៦ឆ្នាំរស់នៅក្នុងប្រទេសកម្ពុជា។ ដោយសេចក្តីស្រឡាញ់ទឹកដីសុវណ្ណភូមិកម្ពុជាខ្លាំងពេក អ្នកនិពន្ធរូបនេះក៏បានចំណាយពេលពេញមួយឆ្នាំក្នុងចន្លោះខែវិច្ឆិកាឆ្នាំ២០១៩ និង២០២០ ដើម្បីធ្វើដំណើរទៅស្ទើរគ្រប់ខេត្តក្រុងនៃប្រទេសកម្ពុជាដើម្បីបង្កើតសៀវភៅមួយក្បាលនេះឡើង។ 
 
ការធ្វើដំណើរម្នាក់ឯងរបស់លោក គ្រីស្តូហ្វ ម៉ាកេ គឺជាការធ្វើដំណើរផ្សងព្រេងផង និងកម្សាន្តផង។ លោកស្នាក់នៅតាមជនបទ ពិសារអាហារប្រពៃណី ជួបជនជាតិភាគតិច ជួបប្រជាជនគ្រប់ស្រទាប់វណ្ណៈ ស្តាប់សត្វយំ។ល។ ជាពិសេសទៅទៀតនោះ លោកគ្រីស្តូហ្វ ម៉ាកេ ដែលអាចប្រើប្រាស់ភាសាខ្មែរបានដែរនោះ បានធ្វើដំណើរភាគច្រើនដោយម៉ូតូរបស់លោក។ លោកសម្រេចចិត្តធ្វើដូច្នេះ ក៏ព្រោះ តែលោកចង់ផ្តិតយករូបភាពដែលមានន័យអាថ៌កំបាំងរបស់ព្រះរាជាណាចក្រកម្ពុជា។ 
 
លោកបានសរសេរប្រាប់សារព័ត៌មានអេឡិចត្រូនិកថ្មីៗ(Thmeythmey.com)តាមបណ្តាញសង្គមមកថា សៀវភៅអាថ៌កំបាំងនេះមានកម្រាស់១០៤ទំព័រ មានរូបភាព៩៦សន្លឹក និងគ្មានអត្ថបទ។ សៀវភៅ«ភាសាបក្សី»នេះ អាចត្រូវបានគេហៅម្យ៉ាងទៀតថា សៀវភៅ«គ»ដែលប្រៀបដូចមនុស្ស«គ»អ៊ីចឹង។ 
 
លោក គ្រីស្តូហ្វ ម៉ាកេ បានបញ្ជាក់បន្ថែមតាមទូរសព្ទមកថា សៀវភៅនេះ គឺប្រៀបដូចជាសៀវភៅបែបប្រវត្តិសាស្រ្តបន្តិច បែបកំណាព្យបន្តិចដែលនិយាយពីជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដែលលោកមានអារម្មណ៍ដិតដាមជាមួយ។ លោកបាននិយាយថា៖ «មែនទែនទៅ ខ្ញុំចង់បង្ហាញអារម្មណ៍ និងមនោសញ្ចេតនារបស់ខ្ញុំតាមរយៈរូបភាពទាំង៩៦សន្លឹកនៅក្នុងសៀវភៅនេះ»។ 
 
មករស់នៅក្នុងប្រទេសកម្ពុជាក្នុងទសវត្សរ៍៩០ រួចត្រឡប់ទៅរស់នៅទ្វីបអាមេរិកខាងត្បូងមួយរយៈ ក្រោយមកទៀត លោក គ្រីស្តូហ្វ ម៉ាកេ ដែលជាជនជាតិបារាំងនោះ ក៏ត្រឡប់មករស់នៅក្នុងប្រទេសកម្ពុជាជាថ្មីម្តងទៀត។ បេះដូងរបស់លោក គ្រីស្តូហ្វ ម៉ាកេ ប្រហែលជាមិនអាចកាត់ផ្តាច់ចេញពីទឹកដីសុវណ្ណភូមិកម្ពុជាបានឡើយ។ លោកបង្ហាញអារម្មណ៍យ៉ាងច្បាស់ថា៖«ខ្ញុំស្រឡាញ់អ្វីៗទាំងអស់នៅកម្ពុជា ដូចជា ម្ហូប ចម្រៀង កំណាព្យ។ល។»
 
បើយោងតាមគម្រោង សៀវភៅ«ភាសាបក្សី»នេះ ត្រូវចេញផ្សាយនៅចុងខែមេសាឆ្នាំ២០២១ខាងមុខនេះ។ តម្លៃលក់កក់ទុកជាមុន៣៥ដុល្លារក្នុងមួយក្បាល រីឯតម្លៃក្រោយការបោះពុម្ពគឺ៤៥ដុល្លារ។ សូមទាក់ទងលោកគ្រីស្តូហ្វ ម៉ាកេ៖ [email protected]៕ 
 
 
 
 
 

 

© រក្សាសិទ្ធិដោយ thmeythmey.com