COVID-19
ជាតិ
អាជីវករ ដែលមិនទៅធ្វើតេស្តរកវីរុសកូវីដ-១៩ នឹងមិនត្រូវអនុញ្ញាតឲ្យចូលលក់ឡើយ ពេលផ្សារអូរឫស្សីបើកឡើងវិញ
05, Apr 2021 , 12:35 pm        
រូបភាព
ទិដ្ឋភាពផ្សារអូរឫស្សី ក្រោយអាជ្ញាធរបិទបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩
ទិដ្ឋភាពផ្សារអូរឫស្សី ក្រោយអាជ្ញាធរបិទបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩
ដោយ:
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានអំពាវនាវដល់អាជីវករទាំងអស់នៅផ្សារអូរឬស្សី ឲ្យធ្វើតេស្តរកវីរុសកូវីដ-១៩ ក្រោយរកឃើញអាជីវករមួយចំនួន ឆ្លងជំងឺកូវីដ-១៩។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ អះអាងថា អាជីវករណា ដែលមិនទៅធ្វើតេស្តរកវីរុសកូវីដ-១៩ អាជីវករនោះ នឹងមិនត្រូវអនុញ្ញាតឲ្យចូលលក់ដូរនោះទេ នៅពេលផ្សារអូរឫស្សីបើកដំណើរការឡើងវិញ។



លោក ម៉េត មាសភក្តី ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទ នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ថា ការអំពាវនាវឲ្យអាជីករទៅធ្វើតេស្ត គឺដើម្បីទប់ស្កាត់កុំឲ្យជំងឺកូវីដ-១៩រាតត្បាតកាន់តែខ្លាំងឡើង។ លោក បន្តថា បើអាជីករណា មិនមានលិខិតបញ្ជាក់ពីការធ្វើតេស្តរកវីរុសកូវីដ-១៩ទេ ពួកគេ នឹងមិនអាចបើកដំណើរការអាជីវកម្មរបស់ខ្លួនក្នុងផ្សារអូរឫស្សីឡើយ ពេលរដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យផ្សារនេះ ដំណើរការឡើងវិញ។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញរូបនេះ មានប្រសាសន៍ដូច្នេះថា៖«ដោយសារយើងមិនដឹងថាអ្នកណាពាក់ព័ន្ធខ្លះ អ៊ីចឹងបានយើងអំពាវនាវឲ្យអាជីវករទាំងអស់ទៅយកសំណាកកូវីដ-១៩ទៅ ពីព្រោះវាជាការគិតគូរពីសុខទុក្ខ សុខភាព និងអាយុជីវិតរបស់ពួកគាត់ដែរទេ»។

អាជីវករនៅផ្សារអូរឫស្សី ឬអ្នកពាក់ព័ន្ធជាមួយអាជីវករទាំងនោះ អាចទៅធ្វើតេស្តរកវីរុសកូវីដ-១៩ នៅវិទ្យាល័យបាក់ទូក។ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ កុំឲ្យរាលដាលកាន់តែខ្លាំង អាជ្ញាធររាជធានីភ្នំពេញ បានផ្អាកដំណើរការផ្សារអូរឫស្សីរយៈពេល២សប្តាហ៍ គឺចាប់ពី៤ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។ អាជ្ញាធរ រកឃើញមានអាជីវករផ្សារអូរឫស្សីចំនួន១៦នាក់ហើយ ដែលឆ្លងជំងឺកូវីដ-១៩៕

Tag:
 COVID-19
  ផ្សារអូរឫស្សី
© រក្សាសិទ្ធិដោយ thmeythmey.com