អន្តរជាតិ
នយោបាយជាតិ
សភាវៀតណាម បោះឆ្នោតជ្រើសតាំងលោក ង្វៀន សួនហ៊្វុក ជាប្រធានាធិបតីថ្មី លោក ង្វៀន សួនហ្វ៊ុក ស្បថចូលកាន់តំណែងប្រធានាធិបតីវៀតណាម។ រូបថតពីវេបសាយព័ត៌មានរដ្ឋាភិបាលវៀតណាម
× សភាវៀតណាម នៅថ្ងៃទី៥ ខែមេសា បានបោះឆ្នោតជ្រើសតាំងលោក ង្វៀន សួនហ៊្វុក ឱ្យធ្វើជាប្រធានាធិបតីថ្មី។ លោក ហ្វ៊ុក កាន់តំណែងនេះ បន្តពីលោក ង្វៀន ភូជុង ដែលត្រូវបញ្ចប់តំណែងកាលពីសប្ដាហ៍មុន។
សំណើតែងតាំងលោក ង្វៀន សួនហ្វ៊ុក ធ្វើជាប្រធានាធិបតី ទទួលបានសំឡេងគាំទ្រប្រមាណ៩៧ភាគរយនៃសមាជិកសភាដែលមានវត្តមានក្នុងកិច្ចប្រជុំថ្ងៃទី៥ ខែមេសា។ លោក ហ៊្វុក ក្លាយជាបេក្ខជនប្រធានាធិបតីកាលពីសប្ដាហ៍មុន ក្រោយចប់អាណត្តិនាយករដ្ឋមន្ត្រី។ លោក ហ្វ៊ុក នឹងកាន់តំណែងប្រមុខរដ្ឋវៀតណាមតពីលោក ង្វៀន ភូជុង ។ លោក ជុង សម្រេចមិនបន្តតំណែងនេះ ក្រោយលោកជាប់ឆ្នោតជាលេខាបក្សកុម្មុយនីស្តវៀតណាមអំឡុងសមាជបក្សដើមឆ្នាំនេះ។
លោក ហ្វ៊ុក ជាបុគ្គលដំបូងគេដែលត្រូវបានស្នើឈ្មោះជាប្រធានាធិបតីអំឡុងពេលកាន់តំណែងជានាយករដ្ឋមន្ត្រីនៅឡើយ។ ភ្លាមៗក្រោយចេញលទ្ធផល លោក ហ្វ៊ុក ក៏ស្បថចូលកាន់តំណែងភ្លាមដែរ។
លោក ហ្វ៊ុក កាន់តំណែងជានាយករដ្ឋមន្ត្រីវៀតណាមពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១។ ក្នុងរយៈពេល៥ឆ្នាំនៃការ កាន់តំណែង ផលិតផលសរុបក្នុងស្រុកវៀតណាមមានការកើនឡើងជាលំដាប់ ដោយថែមទាំងសម្រេចបាន កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសមួយចំនួនផងដែរ។ បន្ថែមពីនេះ លោកក៏ត្រូវបានសាធារណៈជន វៀតណាមកោតសសើរចំពោះការឆ្លើយតបទៅនឹងការផ្ទុះជំងឺកូវីដ-១៩។
តាមគម្រោង សភាវៀតណាម នឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីជំនួសលោក ហ្វ៊ុក ។ លោក ផាម មិញឈិញ ដែលជាសមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តវៀតណាម ត្រូវរំពឹងថា នឹងក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់វៀតណាម។
អំណាចដឹកនាំរដ្ឋនៅវៀតណាមត្រូវបានបែងចែកទៅកាន់បុគ្គលសំខាន់ៗ៤រូប គឺអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ប្រធានាធិបតី នាយករដ្ឋមន្ត្រី និងប្រធានសភា។ សមាជបក្សកុម្មយនីស្តវៀតណាម ដែលឡើងពីថ្ងៃទី ២៥ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ជ្រើសតាំងលោក ជុង ឱ្យបន្តកាន់តំណែងជាអគ្គលេខាធិការបក្សអាណត្តិទី៣។ ចំណែកតំណែងប្រធានសភាបានទៅលោក Vuong Dinh Hue ៕ Tag:
វៀតណាម
ង្វៀន សួនហ្វ៊ុក
© រក្សាសិទ្ធិដោយ thmeythmey.com