សម្តេច ហ៊ុន សែន ផ្ញើសារអបអរភ្លាមៗ ក្រោយលោក ង្វៀន សួនហ៊្វុក ឡើងជាប្រធានាធិបតីវៀតណាម
ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ផ្ញើសារអបអរភ្លាមៗ ក្រោយលោក ង្វៀន សួនហ៊្វុក ឡើងជាប្រធានាធិបតីវៀតណាម
05, Apr 2021 , 2:32 pm        
រូបភាព
សម្តេច ហ៊ុន សែន និង លោក ង្វៀន សួនហ៊្វុក ជួបគ្នានៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩។ រូបពី AFP
សម្តេច ហ៊ុន សែន និង លោក ង្វៀន សួនហ៊្វុក ជួបគ្នានៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩។ រូបពី AFP
ដោយ: ថ្មីៗ
លោក ង្វៀន សួនហ៊្វុក ដែលទើបនឹងបញ្ចប់តំណែងជានាយករដ្ឋមន្រ្តីវៀតណាម ត្រូវបានសភាបោះឆ្នោតឲ្យក្លាយជាប្រធានាធិបតីថ្មី នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ។ ភ្លាមៗ ក្រោយលោក ង្វៀន សួនហ៊្វុក ឡើងជាប្រធានាធិបតីឬហៅថាប្រធានរដ្ឋវៀតណាម មេដឹកនាំកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើលិខិតទៅអបអរសាទរលោក។


តាមរយៈលិខិត ចេញនៅព្រឹកថ្ងៃទី៥ ខែមេសានេះ សម្តេច ហ៊ុន សែន បានសរសេរទៅកាន់លោក ង្វៀន សួនហ៊្វុក ថា៖«ការទទួលបាននូវតំណែងដ៏ឧត្តុង្គឧត្តម និងស័ក្តិសមបំផុត សម្រាប់ឯកឧត្តម បានបង្ហាញពីជំនឿជឿជាក់និងទំនុកចិត្តយ៉ាងខ្លាំងរបស់បក្សកុម្មុយនីស្តនិងប្រជាជនវៀតណាមទាំងមូលមកលើភាពជាអ្នកដឹកនាំដ៏វាងវៃរបស់ឯកឧត្តម»។
 
សម្តេច មានជំនឿថា ក្រោមដឹកនាំរបស់លោក ង្វៀន សួនហ៊្វុក ក្នុងឋានៈជាប្រធានាធិបតី វៀតណាម នឹងបន្តរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ចនិងសង្គមកាន់តែធំធេងថែមទៀត។ សម្តេច ក៏មានជំនឿដែរថា ទោះជាពេលនេះ សម្តេច និង លោក ង្វៀន សួនហ៊្វុក មានតួនាទីផ្សេងគ្នា ដោយម្នាក់ជានាយករដ្ឋមន្រ្តីនិងម្នាក់ជាប្រធានាធិបតីក្តី តែទំនាក់ទំនងដ៏ជិតស្និទ្ធរវាងសម្តេចនិងលោក ង្វៀន សួនហ៊្វុក នៅតែរឹងមាំ និងបន្តជាកត្តាជំរុញកិច្ចសហប្រតិបត្តិកាកម្ពុជា-វៀតណាម ឲ្យកាន់តែមានវិសាលភាពធំធេងជាងមុន។       
 
ជាមួយគ្នានេះ សម្តេច បានប្តេជ្ញាចិត្តធ្វើការងារយ៉ាងជិតស្និទ្ធជាមួយអ្នកកាន់តំណែងនាយករដ្ឋមន្រ្តីពីលោក ង្វៀន សួនហ៊្វុក ដើម្បីលើកកម្ពស់ភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការ ជាពិសេសដើម្បីយកជម្នះលើបញ្ហាប្រឈមនានា ដែលបណ្តាលមកជំងឺកូវីដ-១៩។ 
 
លោក ង្វៀន សួនហ៊្វុក បានកាន់តំណែងនាយករដ្ឋមន្រ្តីរយៈពេល៥ឆ្នាំ គឺចាប់ឆ្នាំ២០១៦ ដល់ឆ្នាំ២០២១។ លោក ង្វៀន សួនហ៊្វុក ឡើងកាន់តំណែងប្រធានាធិបតី ជំនួសលោក ង្វៀន ភូជុង។ តំណែងនាយករដ្ឋមន្រ្តីរបស់លោក ង្វៀន សួនហ៊្វុក បានទៅលើលោក ផាម មិញឈិញ។
 
នៅក្នុងបក្ស លោក ង្វៀន ភូជុង នៅតែកាន់តំណែងអគ្គលេខាធិការ លោក ង្វៀន សួនហ៊្វុក ជាសមាជិកការិយាល័យនយោបាយ ហើយលោក ផាម មិញឈិញ ជាប្រធានគណៈចាត់តាំង៕ 
 

Tag:
 ហ៊ុន សែន
  ង្វៀន សួនហ៊្វុក
  សាទរ
© រក្សាសិទ្ធិដោយ thmeythmey.com