អត្ថបទពាណិជ្ជកម្ម
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នឹងដាក់ដំណើរការគេហទំព័រថ្មីនៃសេវាការងារសាធារណៈ នាថ្ងៃទី៨ ខែមេសាខាងមុខ
05, Apr 2021 , 3:45 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖  គេហទំព័រនៃ «ប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជាតាមអ៊ីនធឺណិត» ដែលមានឈ្មោះថា www.nea.gov.kh របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំបើកឲ្យដំណើរការ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨  ខែមេសា  ឆ្នាំ២០២១ ខាងមុខនេះ។ ការដាក់ឱ្យដំណើរការនេះ គឺបន្ទាប់ពីគេហទំព័រថ្មីនេះ ត្រូវបានអភិវឌ្ឍរួមគ្នា និងកែលម្អឲ្យកាន់តែប្រសើរឡើង ក្រោមក្របខណ្ឌជំនួយអភិវឌ្ឍជាផ្លូវការ ផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ របស់សាធារណរដ្ឋកូរ៉េជាមិត្ត ដែលបានផ្តល់តាមរយៈក្រសួងការងារ និងមុខរបរកូរ៉េ និងភ្នាក់ងារផ្តល់សេវាប្រព័ន្ធព័ត៌មានការងារកូរ៉េ (ខេ អ៊ី អាយ អេស)។



 
ប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារតាមអ៊ីនធឺណិត ដែលនឹងត្រូវដាក់ឲ្យដំណើរនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងវិស័យការងារកម្ពុជា ដែលនឹងផ្តល់ដល់អ្នកប្រើប្រាស់ ភាគីពាក់ព័ន្ធទាំងអស់ និងសាធារណជន នូវគេហទំព័រការងារជំនាន់ថ្មី សម្រាប់ដាក់ពាក្យស្វែងរកការងារ, ប្រកាសជ្រើសរើសកម្លាំងពលកម្ម, ធ្វើសម្ភាសការងារតាមអនឡាញ, ប្រឹក្សាយោបល់អាជីព, និងស្វែងរកព័ត៌មាន ពាក់ព័ន្ធស្ថិតិទីផ្សារការងារជាច្រើនទៀត កាន់តែងាយស្រួល ឆាប់រហ័ស ចំណេញពេលវេលា បង្រួមគម្លាត បំបែករបាំងខកខានការងារ ព្រមទាំងអាចប្រើប្រាស់សេវានេះ ពីគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា។ 
 
ប្រព័ន្ធផ្តល់សេវាការងារនេះ នឹងដើរតួជាអន្តរការីដ៏សំខាន់បំផុត ដែលជាស្ពានផ្សារភ្ជាប់ រវាងឱកាសការងារ និងកម្លាំងពលកម្ម ដែលមានសក្តានុពល ដោយប្រើប្រាស់បច្ចេកវិទ្យាអ៊ីនធឺណិត និងឌីជីថលទំនើប ស្របតាមបរិការណ៍ នៃការវិវត្តរីកចម្រើន ផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា។


 
សមិទ្ធផលនៃប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារ តាមអ៊ីនធឺណិតនេះ នឹងជួយពង្រឹងមុខងារនិងដំណើរ ការផ្តល់សេវាការងារដែលមានស្រាប់ របស់ NEA ឲ្យកាន់តែឆ្លើយតបបានល្អប្រសើរ ទាន់ពេលវេលា និងបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់សេវា កាន់តែពេញចិត្ត សំដៅជំរុញឲ្យទទួលបានជោគជ័យកាន់តែខ្ពស់ ក្នុងការដាក់ពាក្យស្វែងរកការងារ ផ្គូផ្គងការងារ និងជ្រើសរើសកម្លាំងពលកម្ម។ NEA មានក្តីរំពឹង យ៉ាងមុតមាំថា ៖
 
- អ្នកស្វែងរកការងារ អាចចូលមើល ស្វែងរក និងទទួលបានព័ត៌មាន ជ្រើសរើសកម្លាំងពលកម្ម និងឱកាសកម្មសិក្សាការងារ ស្របតាមតម្រូវការនិងជំនាញរបស់ខ្លួន ព្រមទាំងអាចទទួលការប្រឹក្សាយោបល់អាជីព និងការងារ តាមប្រព័ន្ធអនឡាញ ក៏ដូចជាការត្រៀមខ្លួនចូលទីផ្សារការងារផងដែរ ។



- និយោជក អាចផ្សព្វផ្សាយព័ត៌មាន ពីតម្រូវការកម្លាំងពលកម្មកាន់តែទូលំទូលាយ ដើម្បីជ្រើសរើសបេក្ខជនដែលស្របតាមតម្រូវការ និងលក្ខខណ្ឌការងារដោយអាចសម្ភាសជ្រើសរើសតាមអនឡាញ និងចូលរួមក្នុងព្រឹត្តិការណ៍ការងារជាច្រើនទៀត។
- អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អាចទទួលបានព័ត៌មាន ទីផ្សារការងារដើម្បីរៀបចំកម្មវិធីសិក្សា និងផែនការបណ្តុះបណ្តាលជំនាញ ឱ្យស្របតាមតម្រូវការរបស់ទីផ្សារការងារ ព្រមទាំងអាចផ្សព្វផ្សាយព័ត៌មាន អំពីវគ្គបណ្តុះបណ្តាលរបស់គ្រឹះស្ថាន និងកម្មវិធីអាហារូបករណ៍ផងដែរ។
 
លើសពីនេះ អ្នកប្រើប្រាស់សេវា និងសាធារណជនទាំងអស់ ក៏អាចប្រើប្រាស់ប្រព័ន្ធសេវាការងារថ្មីនេះ ដើម្បីចូលរួមពិព័រណ៍ការងារថ្នាក់ជាតិ ថ្នាក់មូលដ្ឋាន និងវេទិកាការងារ ការប្រឹក្សាយោបល់អាជីព និងការងារ សំដៅ ពង្រីក វិសាលភាព នៃតម្រូវការតាមលក្ខខណ្ឌរបស់ខ្លួន និងទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីការផ្តល់សេវាតាម បច្ចេកវិទ្យាជំនាន់ថ្មី។
 



ទន្ទឹមនេះដែរ NEA សូមជម្រាបជូនសាធារណជនទាំងអស់ ឲ្យបានជ្រាបផងដែរថា គេហទំព័រចាស់ ដែលមានឈ្មោះ www.nea.gov.kh ត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្នមួយរយៈសិន កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១កន្លងទៅ។ មូលហេតុនៃការផ្អាកជាបណ្តោះអាសន្ននេះ ក្នុងគោលបំណងដើម្បីផ្លាស់ប្តូរ និងធ្វើបច្ចុប្បន្នកម្ម ប្រព័ន្ធទាំងមូលនៃគេហទំព័រនេះ ឲ្យទៅជាទម្រង់ថ្មីមួយ ដែលរៀបចំផ្តល់ជូនបន្ថែមនូវមុខងារជាច្រើនទៀត ដែលមានអត្ថប្រយោជន៍ និងមានភាពងាយស្រួល ក្នុងការប្រើប្រាស់របស់ភាគីអ្នកស្វែងរកការងារធ្វើ សិស្ស/និស្សិត និយោជក និងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាល៕











 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com