រថយន្ត
អន្តរជាតិ
គ្រោះថ្នាក់រថភ្លើងនៅតៃវ៉ាន់៖ ម្ចាស់រថយន្តដឹកដីសុំទោសទាំងទឹកភ្នែក ខណៈរដ្ឋមន្ត្រីផ្លូវដែកសុំលាលែង
05, Apr 2021 , 7:19 pm        
រូបភាព
ដោយ: ធីតា
ម្ចាស់រថយន្តដឹកដី និងជាអ្នកគ្រប់គ្រងការដ្ឋាន បានសុំទោសទាំងទឹកភ្នែកចំពោះឧប្បទ្ទវហេតុគ្រោះថ្នាក់រថភ្លើងដ៏អាក្រក់បំផុតនៅក្រុង Hualien កោះតៃវ៉ាន់កាលពីថ្ងៃទី២ ខែមេសា ដែលបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៥០នាក់ស្លាប់ និងជាង២០០នាក់រងរបួស។ រថយន្តដឹកដីជាដើមហេតុនៃគ្រោះថ្នាក់នេះ ដោយវាបានរអិលធ្លាក់ទៅប៉ះយ៉ាងខ្លាំងទៅនឹងរថភ្លើង។

 
លោក Lee Yi-hsiang ជាអ្នកបើករថយន្តដឹកដីផ្ទាល់ និងជាអ្នកគ្រប់ការដ្ឋានសាងសង់មួយកន្លែង។ លោកបានចតរថយន្តនោះចោល ទាំងធ្វេសប្រហែស ដែលបណ្តាលឲ្យវារអិលធ្លាក់ទៅប៉ះរថភ្លើង។ រថភ្លើង បានប៉ះទង្គិចយ៉ាងខ្លាំង និងជាប់នៅក្នុងផ្លូវក្រោមដីមួយផ្នែកធំ នៅក្នុងទីក្រុងHualien។ 
 
 
នៅមុខកាមេរ៉ារបស់អ្នកសារព័ត៌មាន លោក Lee អាយុ៤៩ឆ្នាំ បានថ្លែងសុំទោសទាំងភ្នែក ហើយសន្យាទទួលខុសត្រូវគ្រប់បែបយ៉ាង ជាពិសេសការរួមសហការជាមួយប៉ូលិស និងរដ្ឋអាជ្ញា លើការស៊ើបអង្កេតជាបន្តបន្ទាប់។
 
កាលពីថ្ងៃទី៣ ខែមេសា លោក Lee ត្រូវបានតុលាការដោះលែង ដោយភ្ជាប់ជាមួយប្រាក់នៅក្រៅឃុំចំនួន ១៧៥២៥ដុល្លារ ហាមឃាត់មិនឱ្យចាកចេញពីតៃវ៉ាន់ និងត្រូវស្នាក់នៅក្នុងក្រុងHualien។
នៅថ្ងៃដដែល រដ្ឋមន្ត្រីដឹកជញ្ជូន លោក Lin Chia-lung បានសុំលាលែងពីដំណែង។ ប៉ុន្តែរដ្ឋាភិបាល មិនទទួលយកការលាលែងភ្លាមៗឡើយ ដោយឲ្យលោកបន្តការងាររបស់ខ្លួន រហូតដល់លទ្ធផលស៊ើបអង្កេតចេញជាផ្លូវការ។
 
 គួររំលឹកថា តៃវ៉ាន់ មានករណីរថភ្លើងធ្លាក់ផ្លូវ និងបណ្តាលឱ្យមនុស្សស្លាប់ជាច្រើនលើក។ នៅក្នុងឆ្នាំ២០១៨ រថភ្លើងមួយគ្រឿងបានធ្លាក់ផ្លូវ និងបានសម្លាប់មនុស្សចំនួន ១៨នាក់ និង១៧៥នាក់រងរបួស។ អ្នកបើកបរភ្លើងក្រោយមក ត្រូវចោទពីបទធ្វេសប្រហែស។ នៅក្នុងឆ្នាំ១៩៩១ អ្នកដំណើរចំនួន ៣០នាក់ បានស្លាប់ និង ១១២នាក់រងរបួស ដោយសាររថភ្លើងធ្លាក់ផ្លូវដែរ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com