COVID-19
ជាតិ
សុខភាព
ពលរដ្ឋខ្មែរជាង៣,៧៣ភាគរយបានចាក់វ៉ាក់សាំងកូវីដ-១៩ និង១,៦ភាគរយបានចាក់ទាំងពីរដូស
05, Apr 2021 , 8:59 pm        
រូបភាព
ភ្នំពេញ៖ មនុស្សជាង៥៨ម៉ឺននាក់ហើយ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា ក្នុងនោះជាង២៤,៨ម៉ឺននាក់ បានចាក់ទាំងពីរដូស។ នេះបើតាមការបូកបញ្ចូលតួលេខនៃរបាយការណ៍ចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ ចន្លោះពីថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១។

 
កម្ពុជាមានមនុស្សទៅដល់៥៨១,៥៩១នាក់ហើយ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩(COVID-19)។ ក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងនេះ មានជិត៤២ម៉ឺននាក់ ជាក្រុមពលរដ្ឋអាទិភាព និងជាង១៦ម៉ឺននាក់ទៀត គឺជាកងកម្លាំងយោធា។   នេះបើយោងតាមរបាយការណ៍ផ្សេងពីគ្នារបស់ក្រសួងសុខាភិបាលនិងក្រសួងការពារជាតិ នាព្រឹកថ្ងៃទី៥មេសា។ 


 
បច្ចុប្បន្ន កម្ពុជា មានវ៉ាក់សាំងចំនួន៣ប្រភេទ ដែលកំពុងផ្តល់ឱ្យពលរដ្ឋ។ ក្នុងនោះ កម្ពុជាចាប់ផ្តើមចាក់វ៉ាក់សាំងដំបូកជូនដល់ពលរដ្ឋដើម្បីបង្ការជំងឺកូវីដ-១៩នោះ គឺវ៉ាក់សាំងរបស់ក្រុមហ៊ុនSinopharm ចំពោះមនុស្សវ័យពី១៨ឆ្នាំ ដល់៥៩ឆ្នាំ តាំងពីថ្ងៃទី១០កុម្ភៈ ឆ្នាំ២០២១ មកដល់ ថ្ងៃទី៤មីនា កម្ពុជា ក៏បានចាប់ផ្តើមចាក់វ៉ាក់សាំង COVISHIELD លើមន្ត្រី និងពលរដ្ឋអាទិភាព ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង។ រហូតដល់ថ្ងៃទី១មេសា ឆ្នាំ២០២១ កម្ពុជា បានចាក់សាំងវ៉ាក់សាំងSinovac ទៅលើមនុស្សដែលមានវ័យចាប់ពី១៨ឆ្នាំឡើង ទៅផងដែរ។ 
 
ពីថ្ងៃទី៧កុម្ភៈ ដល់ថ្ងៃទី៣១មីនា កម្ពុជាបានទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ សរុប៣,១២៤,០០០ដូស ដោយក្នុងនោះ មានវ៉ាក់សាំងSinopharmចំនួន១,៣លានដូស ជាជំនួយរបស់រដ្ឋាភិបាលប្រទេសចិន និងវ៉ាក់សាំងCOVISHIELD ចំនួន៣២៤,០០០ដូស ជាជំនួយដែលកម្ពុជាទទួលបានពីយន្តការCOVAX។  ដោយឡែក វ៉ាក់សាំងSinovac ចំនួន១,៥លានដូស គឺកម្ពុជាបញ្ជាទិញពីក្រុមហ៊ុន ក្នុងតម្លៃ១,៥លានដុល្លារ។


 
ក្នុងពិធីទទួលវ៉ាក់សាំង Sinovac ចំនួន១,៥លានដូសពីចិន លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច បានអះអាងថា កម្ពុជានឹងមានវ៉ាក់សាំងបង្ការកូវីដ-១៩ ជាហូរហែរសម្រាប់ចាក់ជូនប្រជាជនយ៉ាងតិច១០លានដូស នៅដំណាច់ឆ្នាំ២០២១។ កាលពីថ្ងៃទី២៩មីនា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសយុទ្ធនាការចាក់វ៉ាក់សាំង១ខែ ១លានដូស នៅទូទាំងប្រទេស។ សម្តេច បញ្ជាក់ថា ដំណើរការចាក់វ៉ាក់សាំង មិនត្រូវអូសបន្លាយនោះឡើយ ដោយចាប់ផ្តើមការចាក់ នៅរាល់ក្រោយពេលទទួលបានទាំងការឧបត្ថម្ភ និងការទិញ។ យុទ្ធនាការ អាចលើសពី១លានដូស ប្រសិនបើចំនួនវ៉ាក់សាំងកាន់តែច្រើន។ 
 
គិតមកដល់ពេលនេះ កម្ពុជា មានអ្នកជំងឺកូវីដ-១៩ សរុប២,៧៥២នាក់ ក្នុងនោះ២,២២២នាក់ ស្ថិតក្នុងករណីសហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប១,៧៤៧បានជាសះស្បើយ ខណៈចំនួនអ្នកស្លាប់ឡើងដល់២១នាក់ បានស្លាប់ដោយសារជំងឺកូវីដ-១៩។ ព្រឹត្តិការណ៍២០កុម្ភៈ រាលដាលនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង និងកំពត។ ក្នុងចំណោមនោះ ខេត្តមួយចំនួនដូចជាបាត់ដំបង កំពត ក៏បានព្យាបាលសះស្បើយអស់ផងដែរ៕


 
 
 

Tag:
 វ៉ាក់សាំង
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com