ជាតិ
សិល្បះ
រូបព្រះសិរ«ព្រះវិស្ណុ»មួយបំណែក ត្រូវបានប្រទះឃើញនៅប្រាសាទត្រពាំងផុង ខេត្តសៀមរាប
05, Apr 2021 , 10:59 pm        
រូបភាព
ព្រះសិររបស់ព្រះវិស្ណុឬព្រះនារាយណ៍ ។ រូបថត៖ អាជ្ញាធរអប្សរា
ព្រះសិររបស់ព្រះវិស្ណុឬព្រះនារាយណ៍ ។ រូបថត៖ អាជ្ញាធរអប្សរា
ភ្នំពេញ៖ រូបព្រះសិររបស់ព្រះវិស្ណុ ឬព្រះនារាយណ៍ ដែលធ្វើអំពីថ្មភក់មួយបំណែក ត្រូវបានក្រុមការងារជួសជុលប្រាសាទប្រទះឃើញនៅខាងក្នុងប្រាង្គកណ្តាលនៃប្រាសាទត្រពាំងផុង ស្ថិតនៅភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ បើតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរានាព្រឹកថ្ងៃទី៥មេសា ឆ្នាំ២០២១ ព្រះសិរនេះ គឺមានកម្ពស់៣៨សង់ទីម៉ែត្រ, ទទឹង២០សង់ទីម៉ែត្រ និងកម្រាស់ ១៨ សង់ទីម៉ែត្រ។

 
បំណែកព្រះសិររបស់ព្រះវិស្ណុនេះ មានព្រះភក្ត្រមួយចំហៀងខាងស្តាំ ដែលនៅលើព្រះភក្ត្រនោះមានសល់ទ្រនុងចិញ្ចើម ភ្នែក ចុងច្រមុះ បបូរមាត់បន្តិច និងស្លឹកត្រចៀកមួយចំហៀង។ រីឯនៅផ្នែកខាងលើ មានមកុដរាងស៊ីឡាំង ដែលគ្របត្រឹមថ្ងាស ទៅតាមជើងសក់នៅជុំវិញ ពីផ្នែកខាងមុខដល់ខាងក្រោយ។ 
 
លោក ឈូក សុម៉ាឡា មន្ត្រីក្រុមចុះបញ្ជីវត្ថុសិល្បៈ នៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអជ្ញាធរជាតិអប្សរា បានលើកឡើងថា បំណែកព្រះសិរ នៃបដិមានេះ នៅសល់ផ្នែកខ្លះ ដែលអាចឱ្យក្រុមការងារជំនាញ កំណត់សម្គាល់បានថា ជាព្រះសិរព្រះវិស្ណុ ឬព្រះនារាយណ៍។  ពោលគឺ ពុំមែនជាព្រះសិវៈ ឬឥសូរ ហើយក៏មិនមែនព្រះហរិហរៈ [ព្រះដែលសំយោគគ្នា រវាងព្រះវិស្ណុ និងព្រះសិវៈ] នោះឡើយ។


 
បើតាមលោក សុម៉ាឡា បដិមាខាងលើនេះ ទំនងជាស្ថិតក្នុងរចនាប័ទ្មគូលែន ដោយព្រះភក្ត្រនៃបដិមារាងធំខ្លី ចិញ្ចើមដាច់មិនជាប់គ្នាទេ។ រីឯលក្ខណៈសម្គាល់ពិសេសជាងនេះទៅទៀត គឺមកុដរាងជាស៊ីឡាំងខ្ពស់ទៅលើ ដែលនេះហើយ ជាលក្ខណៈនៃបដិមាសាស្ត្រ ក្នុងរចនាប័ទ្មគូលែន។
 
«ម្យ៉ាងវិញទៀត បើយើងគិតទៅលើសំណង់ប្រាសាទត្រពាំងផុងនោះទៀតសោត ក៏មានអ្នកស្រាវជ្រាវបានអះអាង រួចមកហើយថា ប្រាសាទនេះ មានរចនាប័ទ្មគូលែន ដែលសង់ឡើងនៅពាក់កណ្តាលសតវត្សទី៩ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៣ (ឆ្នាំ៨៥០-៨៧៧) ដែលត្រូវជាបុត្ររបស់ព្រះបាទជ័យវ្ម័នទី២ (ឆ្នាំ៨០២-៨៥០)»។ លោក សុម៉ាឡា បន្តនិយាយបែបនេះថា៖«បើដូច្នេះមែននោះ គឺគ្មានអ្វីចម្លែកទេ! បំណែកបដិមាដែលបានរកឃើញនេះ គឺប្រហែលជាបដិមាដើម ដែលបានសាងសង់ក្នុងពេលដំណាលគ្នា ជាមួយប្រាសាទត្រពាំងផុងនោះតែម្តង»។ 
 
ក្រោយពីធ្វើកំណត់ហេតុ ប្រគល់ទទួលបំណែកចម្លាក់ព្រះសិរ របស់ព្រះវិស្ណុហើយនោះ ស្ថាប័ននគរបាលការពារបេតិកភណ្ឌ និងភ្នាក់ងារទេសចរណ៍ បានដឹកបំណែកចម្លាក់នោះ យកទៅរក្សាទុកជាបណ្តោះអាសន្ន នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីចុះបញ្ជីទុកជាឯកសារ និងបន្តស្វែងរកទិន្នន័យបំណែកផ្សេងៗទៀត ដែលអាចមានការជួសជុលនៅថ្ងៃខាងមុខ ៕


ប្រាសាទត្រពាំងផុង ស្ថិតនៅភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ រូបថត៖​អាជ្ញាធរអប្សរា 

Tag:
 បដិមា
 ព្រះវិស្ណុ
  សៀមរាប
 ប្រាសាទត្រពាំងផុង
© រក្សាសិទ្ធិដោយ thmeythmey.com